កំពង់ចាម: ថ្លែងក្នុងពិធីប្រកាសតែងតាំងមន្ត្រីរាជការ ថ្នាក់ដឹកនាំ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ចាម នាព្រឹកថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២០នេះ ឯកឧត្តម កែវ នាឬទ្ធិ អភិបាលរង ខេត្តកំពង់ចាម បានថ្លែងជំរុញដល់មន្ត្រីពាក់ព័ន្ធ ឲ្យកសាងសមត្ថភាពរបស់ខ្លួន
បន្ថែមទៀត តាមរយះនៃការរៀនសូត្រ ព្រោះការសិក្សាមិនគិតពីអាយុ និងតួនាទីឡើយ ហើយអ្វីដែលសំខាន់នោះ គឺយើងជាមន្ត្រីជំនាញ ត្រូវធ្វើជាមន្ត្រីចុះមូលដ្ឋានឲ្យបានញឹកញាប់ ដើម្បីដឹងពី បញ្ហាប្រឈមជាមួយប្រជាពលរដ្ឋ និងដោះស្រាយជូនគាត់វិញទៅតាមជំនាញរបស់ខ្លួន ដោយកុំធ្វើឲ្យក្លាយជាមន្ត្រីជើង១០នោះឡើយ។
ក្នុងពិធីនោះដែរ ឯកឧត្តម កែវ នាឬទ្ធិ អភិបាលរង ខេត្ត បានសម្តែងការកោតសរសើរចំពោះមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ចាម ដែលបានខិតខំប្រឹងប្រែងបំពេញការងារ ជំរុញឲ្យវិស័យកសិកម្មក្នុងខេត្តកំពង់ចាមទាំងមូល ឲ្យមាន កំណើនកើនឡើងពីមួយ ឆ្នាំទៅមួយឆ្នាំទាំងគុណភាព និងបរិមាណ គួរជាទីមោទនៈ ជាក់ស្តែងនៅក្នុង
ឆ្នាំ២០១៩-២០២០នេះ ខេត្តកំពង់ចាមយើងផលិតបាននៅលើផ្ទៃដីសរុបចំនួន ១៣៦ ១១៧ហ.ត បើគិតជា បរិមាណផលស្រវសរុបរហូតដល់ទៅ៤៩៦ ៣០០តោន ហើយក្រោយពីការប្រើប្រាស់សម្រាប់ជាតម្រូវការនៅ ក្នុងខេត្តនោះ យើងក៏មាននៅសល់ស្រវសរុបចំនួន១៧០ ៥៧៣តោន សម្រាប់ធ្វើការនាំចេញក្រៅខេត្តផងដែរ។
ជាមួយគ្នានោះ ឯកឧត្ដម កែវ នាឬទ្ធិ ក៏បានធ្វើការផ្តាំផ្ញេីដល់មន្ត្រីទាំងអស់ ត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួន ទៅនឹងគោលនយោបាយរបស់ រាជរដ្ឋាភិបាល ដោយមានទឹកចិត្តអំណត់អត់ធននឹងការងារ និងមានឆន្ទៈទទួលខុសត្រូវខ្ពស់ប្រកបដោយភាពបត់បែន ព្រមទាំងប្រកាន់យកនូវសាមគ្គីភាពល្អ នៅក្នុងអង្គភាព ជាពិសេសត្រូវបំពេញភារកិច្ច និងអនុវត្តតួនាទីរបស់ខ្លួនឲ្យបានល្អប្រសើរ និងមានក្រមសីលធម៌វិជ្ជាជីវ ផងដែរ។
គួរបញ្ជាក់ផងដែរថា មន្ត្រីដែលត្រូវប្រកាសតែងតាំងក្នុងពិធីនេះរួមមាន៖ ១-លោក រឿង សូផាត ជានាយរង ខណ្ឌរដ្ឋបាលព្រៃឈើកំពង់ចាម នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ចាម ។
២-លោក កែវ មុនី ជានាយរង ផ្នែករដ្ឋបាលព្រៃឈើកំពង់ចាមត្រើយស្តាំ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ចាម។
៣-លោកស្រី ហួ សុភី ជាអនុប្រធានការិយាល័យផ្សព្វផ្សាយកសិកម្ម នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ចាម ៕




































