កំពង់ចា: បុរសវ័យ ៤២ឆ្នាំ ម្នាក់ បានចងកធ្វើអត្តឃាតនៅលើដងទង់ មុខវិហារវត្តព្រែកពោធិ៍មង្គល ក្នុងភូមិព្រែកពោធិ៍ក្រោម ឃុំព្រែកពោធិ៍ ស្រុកស្រីន្ធរ ខេត្តកំពង់ចាម ។ ហេតុការណ៍នេះ កើតឡើង នៅវេលាម៉ោង ៦ និង៣០នាទី ព្រឹកថ្ងៃទី ១១ ខែតុលា ឆ្នាំ២០២០ ។
លោក ស៊ីម គង់ អភិបាលស្រុកស្រីសន្ធរ បានឲ្យដឹងថា នៅថ្ងៃកើតហេតុនេះ វេលាម៉ោង ៦និង៣០នាទីព្រឹក ប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកពោធិ៍ បានទទួលព័ត៌មានថា មានមនុស្សប្រុសម្នាក់ចងកស្លាប់ នៅចំណុចកើតហេតុខាងលើ ។
ក្រោយពីទទួលបានពត៌មានភ្លាម កម្លាំងប៉ុស្តិ៍សហការ ជាមួយផ្នែកជំនាញអធិការស្រុក បានចុះដល់កន្លែងកើតហេតុ ដើម្បីធ្វើ ការពិនិត្យសាកសព ឃើញសាកសពចងកជិតដល់ចុងដងទង់ដែលមានកម្ពស់ប្រហែល ២០ម៉ែត្រពីដី ចងនឹងខ្សែភ្លើង ពណ៌ស ហើយសាកសព ជាមនុស្សប្រុសអាយុប្រហែល ៤២ឆ្នាំ មិនស្គាល់អត្តសញ្ញាណ មានភិនភាគសក់ស្លូក មាន
កម្ពស់ ១៦៥ ស.ម ពាក់អាវយឺតដៃវែង ពណ៍ស ប្រផេះ មួយកំណាត់ក្រោម ស្លៀកខោកៅស៊ូ ជើងខ្លីត្រឹមជង្គង់ពណ៌ខ្មៅ មានលាយផ្កាពណ៍ខៀវ នៅលើដងខ្លួនមានចាក់សាក់រូបនាគ ដៃខាងស្តាំ ដៃខាងឆ្វេង សាក់រូបស្ទាំង នឹងផ្នែកកជើងខាងឆ្វេងមានសាក់រូបយ័ន្ត ។
លោកអភិបាលស្រុកឲ្យដឹងទៀតថា បន្ទាប់មក សមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាល បានបង្កើតគណៈកម្មការ មានមេភូមិ អាចារ្យ គណៈកម្មការវត្ត ចូលរួមធ្វើការត្រួតពិនិត្យសាកសពឃើញថា ផ្នែកក្បាល មិនមានស្នាកស្នាមបាក់បែកឆ្អឹងអ្វីនោះទេ ។ ផ្នែក ក មានស្នាមជាំខ្មៅ ខូងជ្រៅដោយប៉ះនឹងខ្សែចងក រីឯផ្នែកដងខ្លួនមិនមានស្នាកស្នាមឬបាក់ឆ្អឹងអ្វីទេ និងផ្នែក អវៈយវៈ មិនមានស្នាកស្នាមបាក់ឆ្អឹងអ្វីឡើយ ។
សមត្ថកិច្ច បានធ្វើការសន្និដ្ឋានថា សាកសពពិតជាធ្វើអត្តឃាត ដោយចងកខ្លួនឯង មិនពាក់ព័ន្ធនឹងបទល្មើសព្រហ្មទណ្ឌនោះឡើយ ។
បន្ទាប់ពីធ្វើការត្រួតពិនិត្យរួច សមត្ថកិច្ចបានប្រគល់សាកសព ជូនគណៈកម្មការវត្ត ដើម្បី ធ្វើបុណ្យតាមប្រពៃណី ៕




































