ខេត្តព្រះសីហនុ៖ នៅព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០ ឯកឧត្ដម ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការអាកាសចរណ៍សុីវិល និង ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាល ខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតីក្នុងពិធីសូត្រមន្តប្រោះព្រំ ការបញ្ចប់ការងារពង្រីក និងជួសជុលផ្លូវរត់(Runway) នៅអាកាសយាន្តដ្ឋានអន្តរជាតិ ខេត្តព្រះសីហនុ ស្ថិតនៅឃុំរាម ស្រុកព្រៃនប់។
មន្ត្រីអោយដឹងថា ផ្លូវយន្តហោះរត់(Runway)នេះ ធ្វើឡើងក្រោមកម្មវិធីវិនិយោគដែលមានទឹកប្រាក់ចំនួន ៥៨ លានដុល្លារអាមេរិក ត្រូវបានគ្រោងដាក់ឱ្យដំណើរ ការជាផ្លូវការនៅក្នុងត្រីមាសចុងក្រោយនៃឆ្នាំ២០២០ខាងមុខនេះ ដើម្បីឆ្លើយតប ទៅនឹងតម្រូវការជាក់ស្តែងនៃដំណើរតាមយន្តហោះ។
ព្រលានអន្តរជាតិនេះ នឹងទទួលការចុះចតរបស់យន្តហោះធំៗ (កូដ E) ដូចជាយន្តហោះ B-777-300ER ឫយន្តហោះ A-350- 1000 ដែលធ្វើប្រតិបត្តិការហោះហើរត្រង់រយៈចម្ងាយឆ្ងាយទៅមក ពីអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ។អាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ បានជង្រីកផ្លូវរត់បន្ថែមពី ២,៥០០ម៉ែត្រឱ្យដល់ ៣,៣០០ម៉ែត្របន្ថែមពីលើការពង្រឹងផ្លូវផ្លូវយន្ត ហោះឡើងចុះ (airstrip) បច្ចុប្បន្ន។
ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ ខេត្តព្រះសីហនុ បានក្លាយជាទិសដៅដ៏ទាក់ទាញប្រកបដោយសក្តានុពល ដោយបានទាក់ទាញវិនិយោគិន ធុរជន និងភ្ញៀវទេសចរជាតិ អន្តរជាតិជាច្រើនផងដែរ។តាមរយៈសក្តានុពលដ៏សំបូរបែបរបស់ខេត្តព្រះសីហនុ រាជរដ្ឋាភិបាលកម្ពុជា បានកំណត់អាទិភាពទៅលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ ការអភិវឌ្ឍបណ្តាញតភ្ជាប់ផ្លូវអាកាស ក្នុងគោលដៅធ្វើអោយខេត្តព្រះសីហនុ ក្លាយទៅជាប៉ូលសេដ្ឋកិច្ចរបស់កម្ពុជានៅថ្ងៃអនាគត៕