កំពង់ចាម: រដ្ឋបាលខេត្តកំពង់ចាមបានរៀបចំប្រារព្ធពិធីគោរពព្រះវិញ្ញាណក្ខន្ធ ថ្វាយព្រះករុណា ព្រះបរមរតនកោដ្ឋ ព្រះមហាវីរក្សត្រ ព្រះបាទសម្ដេច ព្រះនរោត្តម សីហនុ គម្រប់ខួប៨ឆ្នាំ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ព្រមទាំងសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាព មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ ដែលបានប្រារព្ធឡើងនៅមុខសាលាខេត្ត នាព្រឹកថ្ងៃព្រហស្បតិ៍្ត ១៣រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០ ។
ឯកឧត្តម អ៊ុន ចាន់ដា និងថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ តំណាងបងប្អូនប្រជាពលរដ្ឋក្នុងខេត្តកំពង់ចាម បានធ្វើការបូជាទៀន ធូប ថ្វាយនៅចំពោះមុខព្រះឆាយាល័ក្ខ របស់ព្រះបរមរតនកោដ្ឋ និងការគោរពព្រះវិញ្ញាណក្ខន្ត របស់ព្រះបរមរតនកោដ្ឋ ដោយបានធ្វើការស្មឹងស្មាត ដើមី្បឧទ្ទិសព្រះវិញ្ញាណក្ខន្ធរបស់ព្រះអង្គទ្រង់ បានយាងទៅកាន់ព្រះបរមសុគតិភព ឲ្យបានគ្រប់ៗជាតិ កុំបីឃ្លៀងឃ្លាតឡើយ។
ជាមួយគ្នានេះ កូនចៅ ចៅទួត ចៅលួតរបស់ព្រះអង្គ ចងចាំ ជានិច្ចនូវព្រះមហាករុណា ទិគុណ និងព្រហ្មវិហារធម៌ដ៏ថ្លៃថ្លា ឧត្តុង្គឧត្តម វិសេសវិសាល របស់ព្រះអង្គ ដែលបានលះ បង់ព្រះកាយពល ព្រះបញ្ញាញាណ ក្នុងព្រះរាជសកម្មភាព ដើម្បីបុព្វហេតុឯករាជ្យជាតិ បូរណភាពទឹកដី ផ្សះផ្សាជាតិ និងបង្រួបបង្រួមជាតិ ។
ការរៀបចំពិធីនេះជាកិច្ចតបស្នងចំពោះមហាករុណាទិគុណដ៏ឧត្តុង្គឧត្តម ចំពោះព្រះបរមរតនកោដ្ឋ ដែលបានបូជាព្រះកាយគ្រប់បែបយ៉ាង ជូនជាតិមាតុភូមិ និង ប្រជាជាតិជាទីស្រឡាញ់របស់ព្រះអង្គ។
លើសពីនេះទៀត ក្នុងនាមកូនចៅជាប្រជានុរាស្រ្ត ទាំងព្រះសង្ឃ ថ្នាក់ដឹកនាំ មន្ត្រីរាការ កងកម្លាំងប្រដាប់អាវុធ សិស្សានុសិស្ស និសិ្សត ប្រជាពលរដ្ឋ និង បងប្អូនជនជាតិខ្មែរទូទាំងខេត្តកំពង់ចាម មិនអាចបំភ្លេចបាននូវព្រះរាជសកម្មភាពដ៏ឧត្តុង្គឧត្តម របស់សម្តេច ព្រះវររាជបិតាជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ដែលមួយជីវិតរបស់ ព្រះអង្គទ្រង់បានបំពេញ ព្រះរាជបូជនីយកិច្ច ដើមី្បឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ប្រកបដោយ ព្រះបញ្ញាញាណភ្លឺថ្លា គ្រប់កាលៈទេសៈ ៕