អភិបាលខេត្តកំពង់ចាម បាន ជំរុញ ដល់ កសិករឲ្យ ខិតខំបង្កបង្កើនផល ដេីម្បី បង្កើនមុខរបរបន្ថែម តាមរយៈការដាំដុះដំណាំរួមផ្សំ និង ការ ចិញ្ចឹម សត្វ

0

កំពង់ចាម: ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បាន ជំរុញ ដល់បងប្អូនប្រជាកសិករ ឲ្យ ខិតខំបង្កបង្កើនផល ដេីម្បី បង្កើនមុខរបរបន្ថែម តាមរយៈការដាំដុះដំណាំរួមផ្សំ និង ការ ចិញ្ចឹម សត្វ ដោយប្រើប្រាស់លក្ខណៈបច្ចេកទេសកសិកម្មថ្មី ដើម្បីទទួលបានផលទិន្នផលខ្ពស់ ប្រកបដោយគុណភាព ដែលអាចចូលរួមប្រកួតប្រជែងក្នុងទីផ្សារកសិកម្ម ហើយបានចូលរួមចំណែក ក្នុងការកាត់បន្ថយភាពក្រីក្រ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា លើការលើកកម្ពស់កម្រិតជីវភាពប្រជាពលរដ្ឋ។ ការ ស្នើ ឡើង យ៉ាង ដូច្នេះ ក្នុង ឱកាស ចូលរួម ចែកធាតុចូលកសិកម្ម ជូនប្រជាកសិករ ចំនួន ១១៧ គ្រួសារ ដែល ជាសមាជិកបណ្ដុំអាជីវកម្មចិញ្ចឹមសត្វ នៃអនុកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មី ដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ (ASPIRE) របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត កំពង់ចាម កាលពី ព្រឹក ថ្ងៃ ទី ១៩ ខែតុលា ឆ្នាំ ២០២០ នៅភូមិកំពង់ត្រុំ ឃុំកោះមិត្ត ស្រុកកំពង់សៀម។

ឆ្លៀត ក្នុង ឱកាសនោះដែរ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បាន ជំរុញ ដល់បងប្អូនប្រជាកសិករ ដែលជាសមាជិកបណ្តុំចិញ្ចឹមសត្វ ត្រូវបង្កើនចំណូលក្នុងគ្រួសារ ដែលជាផ្នែកមួយ យ៉ាងសំខាន់ ក្នុងការចូលរួមចំណែក លើកកម្ពស់សេដ្ឋកិច្ចគ្រួសារ ព្រោះ ថាការចិញ្ចឹមសត្វជាលក្ខណៈគ្រួសារ គឺបានជួយផ្គត់ផ្គង់ដល់សេដ្ឋកិច្ចគ្រួសារ របស់បងប្អូនផ្ទាល់ ក៏ដូចជាការបំពេញតម្រូវការនៅមូលដ្ឋាន និងទីផ្សារក្នុងស្រុកផងដែរ។
ជាមួយគ្នា នោះ ឯកឧត្ដម អភិបាលខេត្ត ក៏ បានអំពាវនាវ ដល់ បងប្អូនជាពលរដ្ឋ ឲ្យ បង្កើនការប្រុងប្រយ័ត្ន លើគ្រោះធម្មជាតិនានា ដែលតែងតែកើតមាន នាពេលបច្ចុប្បន្ន ដូចជាទឹកជំនន់ រាំងស្ងួត ខ្យល់កន្ត្រាក់ ជាដើម និងត្រូវចូលរួម អនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ជាពិសេស ការចូលរួមសហការ ជាមួយអាជ្ញាធរ និងសមត្ថកិច្ច ក្នុងមូលដ្ឋាន និងរាយការណ៍ មុខសញ្ញាជួញដូរ និងប្រើប្រាស់គ្រឿងញៀន ព្រមទាំងការចូលរួមអនុវត្ត និងគោរពច្បាប់ចរាចរណ៍ ឲ្យ បាន ខ្ជាប់ខ្ជួន ផងដែរ ៕