កំពង់ចាម : ប្រជាពលរដ្ឋ រងផលប៉ះពាល់ ដោយ ជំនន់ ទឹក ភ្លៀង ចំនួន ៣៧៨ គ្រួសារ មក ពី ស្រុក ស្ទឹងត្រង់ កងមាស កំពង់សៀម និង ក្រុង កំពង់ចាម ទទួល បាន អំណោយ មនុស្សធម៌ របស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក តាមរយៈ ឯកឧត្ដម រិន វិរៈ រដ្ឋលេខាធិការក្រសួងផែនការ និង ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្ត កំពង់ចាម ដែល បាន ធ្វើ ឡើង នៅ មុខ សាលា ខេត្ត នារសៀល ថ្ងៃ ទី ២៧ ខែតុលា ឆ្នាំ ២០២០ ក្រោម វត្តមាន ឯកឧត្ដម ខ្លូត ផន ប្រធាន ក្រុមប្រឹក្សា ខេត្ត រួមនឹង មន្ត្រី ពាក់ព័ន្ធ ជាច្រើន រូប ទៀត ។
ឆ្លៀត ក្នុង ឱកាសនោះដែរ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងនូវអំណគុណ ចំពោះ ឯកឧត្តម ហ៊ុន ម៉ាណែត ដែលបានគិតគូអំពីសុខទុក្ខ របស់ប្រជាពលរដ្ឋ ដែលទទួលរងផលប៉ះពាល់ ដោយសារជំនន់ទឹកភ្លៀង ហើយបានចាត់តាំងតំណាង នាំយកអំណោយមនុស្សធម៌ របស់ឯកឧត្តម ផ្ដល់ជូនដល់ដៃ របស់បងប្អូនប្រជាពលរដ្ឋ ៣៧៨គ្រួសារ នាពេលនេះ ។ ជាមួយ គ្នា នោះ ឯកឧត្តមអភិបាលខេត្ត ក៏បានណែនាំដល់មន្ទីរ-អង្គភាពពាក់ព័ន្ធ ចុះធ្វើការវាយតម្លៃផលប៉ះពាល់ និងតម្រូវការចាំបាច់ របស់ប្រជាពលរដ្ឋដែលទទួលរងផលប៉ះពាល់ ដើម្បី រៀបចំការស្តារឡើងវិញបន្ទាន់ នូវហេដ្ឋារចនាសម្ព័ន្ធ និងការបង្កបង្កើនផល ដែលទទួលរងការខូចខាត ក្នុងអំឡុងពេលជំនន់ទឹកភ្លៀងផងដែរ ។
ឯកឧត្ដម រិន វិរៈ សមាជិកអចិន្ត្រៃយ៍យុវជនគណបក្សថ្នាក់កណ្តាល បាន ថ្លែង ថា ឆ្នាំនេះ ប្រទេសកម្ពុជា មានគ្រោះដល់ទៅ២ គឺ ៖ ទី១.គ្រោះជម្ងឺកូវីដ១៩ និងទី២.គ្រោះដោយជំនន់ទឹកភ្លៀង ទោះជា យ៉ាងណា ក្រោមការដឹកនាំដ៏ឆ្លៀសវៃ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានខិតខំប្រឹងប្រែងបង្កាទប់ស្កាត់ជម្ងឺដ៏កាចសាហាវមួយនេះ មិនឲ្យឆ្លងចូលក្នុងសហគមន៍ នោះឡើយ ។ ដោយឡែក បច្ចុប្បន្ន នេះ យើងកំពុងទទួលរងផលប៉ះពាល់ ដោយគ្រោះទឹកជំនន់ ដែលកន្លងមក ប្រមុខដឹកនាំកម្ពុជា ក៏បានចុះចែកដោយផ្ទាល់ដល់ប្រជាពលរដ្ឋរងគ្រោះ នៅតាមបណ្ដាខេត្តមួយចំនួន រួចមកហើយ ។ ជាក់ស្ដែង ថ្ងៃនេះ ដោយការគិតគូ អំពីសុខទុក្ខរបស់សម្ដេចតេជោ ក៏បានចាត់ឲ្យតំណាង នាំយកអំណោយមនុស្សធម៌ មកចែកជូនប្រជាពលរដ្ឋ ដែលទទួលរងផលប៉ះពាល់ ដោយសារជំនន់ទឹកភ្លៀង នាពេលនេះ ។
គួរបញ្ចាក់ថា អំណោយរបស់ឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ ចែកជូនប្រជាពលរដ្ឋ ៣៧៨គ្រួសារ ក្នុងមួយគ្រួសារៗ ទទួលបានអង្ករ ២៥គីឡូ មី ១កេស ទឹកស៊ីអ៊ីវ ១យួរ ទឹកត្រី ១យួរ ទឹកសុទ្ធ ១កេស សាប៊ូ ១កញ្ចប់ និងថវិកាចំនួន ៤០.០០០រៀល ផងដែរ ៕