កំពង់ចាម : ថ្លែងនៅក្នុងកិច្ចប្រជុំ បូកសរុបការងាររយៈពេល ៩ខែ និងលើកទិសដៅការងារ ត្រីមាសទី៤ ឆ្នាំ២០២០ របស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត នាព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានណែនាំដល់មន្ទីរ អង្គភាព ពាក់ព័ន្ធ និងរដ្ឋ បាលក្រុង-ស្រុក បន្តការតាមដានអំពីស្ថានភាពអាកាសធាតុ និងត្រៀមលក្ខណៈរៀបចំស្បៀង និងសម្ភារៈ សម្រាប់ឆ្លើយតប និងអន្តរាគមន៍ ដល់ប្រជាពលរដ្ឋ ដែលរងគ្រោះដោយធម្មជាតិ ជាពិសេស ត្រូវ ចុះពិនិត្យ និង វាយតម្លៃផលប៉ះពាល់ ដើម្បី រៀបចំការស្តារឡើងវិញ នូវហេដ្ឋារចនាសម្ព័ន្ធ ដែលទទួលរងការខូចខាត ក្នុងអំឡុងពេលជំនន់ទឹកភ្លៀង។
ថ្លែង ក្នុង កិច្ច ប្រជុំ នោះ ដែរ ឯកឧត្ដម អ៊ុន ចាន់ដា ប្រធាន គណៈ បញ្ជាការ ឯកភាព រដ្ឋបាល ខេត្ត កំពង់ចាម បានថ្លែងនូវការកោតសរសើរ ចំពោះ លោក លោកស្រី ជាថ្នាក់ដឹកនាំ មន្ទីរ អង្គភាព និងអាជ្ញាធរ ពាក់ព័ន្ធ គ្រប់លំដាប់ថ្នាក់ ដែលបានខិតខំបំពេញការងារ សម្រេចបាននូវលទ្ធផលជាបន្តបន្ទាប់ ទាំងវិស័យសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ រក្សាបាននូវស្ថេរភាពនយោបាយ ដែលបានចូលរួមចំណែក ជាមួយរាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាមួយចំនួន ជាពិសេសការដោះស្រាយនូវទុក្ខកង្វល់ របស់ប្រជាពលរដ្ឋ ពាក់ព័ន្ធទៅនឹងបញ្ហាជំនន់ទឹកភ្លៀង ដែលបានធ្វើឲ្យខូចខាតដល់ហេដ្ឋារចនាសម្ព័ន្ធ និងប៉ះពាល់ដល់ការងារបង្កបង្កើនផល ក្នុងរយៈពេលប៉ុន្មានខែកន្លងមក នេះ។
តាមបាយការណ៍ ស្តីពីសន្តិសុខ សណ្តាប់ធ្នាប់ រយៈពេល ៩ខែ ឆ្នាំ២០២០ នេះ បទល្មើសព្រហ្មទណ្ឌ មានចំនួន៣៥លើក (ធៀបឆ្នាំ២០១៩ ថយថុះ១២លើក) ។ បង្ក្រាបបាន ចំនួន៣៤ករណី ឃាត់ខ្លួន៥៨នាក់ (ថយចុះ១០ករណី) ។ ចំពោះ ករណីល្បែងស៊ីសងខុសច្បាប់ ៧៧ករណី ឃាត់ខ្លួន២០៩នាក់ និង ករណីជួញដូរគ្រឿងញៀន ២៣៧ករណី ឃាត់ខ្លួន៨៨៦នាក់ ក្នុង នោះ ករណីប្រើប្រាស់គ្រឿនញៀន ៥៣ករណី ព្រមទាំង ឃាត់ខ្លួន២០៧នាក់។ ដោយឡែក ករណី គ្រោះថ្នាក់ ចរាចរកើតឡើង ចំនួន១៣៤លើក ស្លាប់មនុស្ស ៧១នាក់ របួស ១៩១នាក់ និងគ្រោះថ្នាក់ផ្សេងៗ កើតទ្បើង ចំនួន ២៧៤លើក ផង ដែរ ៕