កំពង់ចាម៖ កម្លាំងការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន នៃស្នងការនគរបាលខេត្តកំពង់ចាម សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់ បានបង្ក្រាបករណីជួញដូរគ្រឿងញៀន មួយករណី ឃាត់ខ្លួនជនសង្ស័យ ប្រុស ស្រី បានចំនួន៣នាក់ នៅល្ងាចថ្ងៃទី២៤ ខែកក្កដា ចំណុចភូមិត្រពាំងឈូក ឃុំព្រែកកក់ និង នៅពេលថ្ងៃត្រង់ ថ្ងៃទី២៥ ខែកក្កដា ចំណុចភូមិត្នោតតាសាយ ឃុំព្រែកកក់ ក្នុងស្រុកស្ទឹងត្រង់ដូចគ្នា ហើយកម្លាំងសហការរឹបអូសដកហូតយកវត្ថុតាង ថ្នាំញឿនក្រាមពណ៌ស បានចំនួន២៥កញ្ចប់ និង សម្ភារៈវេចខ្ចប់ មួយចំនួនផងដែរ ។
លោក វរៈសេនីយ៍ទោ សោម រស់ នាយការិយាល័យនគរបាលប្រឆាំងគ្រឿងញៀនបានឲ្យដឹងថា ក្រោយពីបានទទួលព័ត៌មានពីភ្នាក់ងារសម្ងាត់ថា មានករណីជួញដូរគ្រឿងញៀនចំណុច បង្ក្រាបខាងលើភ្លាម លោកបានសុំគោលការណ៍ ទៅលោកនាយឧត្តមសេនីយ៍ស្នងការ និង លោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ទទួលបទបញ្ជា ហើយលោក ដឹកនាំកម្លាំងសហការចុះបង្ក្រាបចំណុចទាំង២ខាងលើ ដោយឃាត់ខ្លួនជនសង្ស័យប្រុស ស្រី បានចំនួន៣នាក់ រួមមាន៖ ១-ឈ្មោះ សាន់ សុខនី ហៅ សាន់ ស្តើង ភេទស្រី អាយុ៣១ឆ្នាំ រស់នៅភូមិត្រពាំងឈូក ឃុំមេសរជ្រៃ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។
២-ឈ្មោះ ឯក ប៊ុនសុង ហៅ ជ្រុយ ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិបឹងដែង ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។ និងជនសង្ស័យទី៣-ឈ្មោះ ចាន់ វាសនា ហៅ យ៉ី ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិត្នោតតាសាយ ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។ ក្នុងកិច្ចប្រតិបត្តិការនេះដែរ កម្លាំងដកហូតវត្ថុតាងថ្នាំញៀនក្រាមពណ៌ស បានចំនួន២៥កញ្ចប់ ទម្ងន់សរុប២,២ក្រាម និងសម្ភារៈវេចខ្ចប់មួយចំនួនផងដែរ ។ ករណីនេះជំនាញកំពុងចងក្រងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្ត ចាត់ការទៅតាមនីតិវិធី ៕