ប្រធានក្រុមការងារចុះជួយមូលដ្ឋានឃុំអញ្ជើញជាអធិបតីប្រគល់ប្រាក់រង្វាន់លើកទឹកចិត្តដល់ក្រុមកីឡាករប្រណាំងទូកដែលទទួលបានជ័យជំនះក្នុងកម្មវិធីប្រណាំងទូកខ្នាតតូចរយៈពេលបីថ្ងៃ!

ព្រះវិហារ៖ដើម្បីបង្កការសប្បាយដល់បងប្អូនប្រជាពលរដ្ឋក៏ដូចជាការផ្តល់នូវកម្លាំងចិត្តចំពោះក្រុមកីឡាករប្រណាំងទូកខ្នាតតូចដែលបានរៀបចំឡើងនៅអាងទឹកធម្មជាតិសម្តេចតេជោអូរស្វាយ នៅរសៀលថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម ដួង សំនៀង ប្រធានក្រុមការងារចុះជួយមូលដ្ឋានឃុំស្រអែម ព្រះគ្រូអនុគុណខេត្តព្រះវិហារ រួមនឹងព្រះគ្រូចៅអធិការវត្ត មរតកតេជោបុរីស្វៈរៈ បាននិមន្ត និងអញ្ជើញជាអធិបតី ក្រោមដំណក់ទឹកភ្លៀង ផ្តល់ប្រាក់រង្វាន់លើកទឹកចិត្តដល់បងប្អូនកីឡាករចំណុះទូក ដែលទទួលបានចំណាត់ថ្នាក់លេខ១ដល់លេខ៥ក្រោយពីធ្វើការប្រគួតប្រជែងគ្នាអស់រយៈពេលបីថ្ងៃ ស្ថិតក្នុងភូមិធម្មជាតិសម្តេចតេជោ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

ដោយគិតចាប់ពីថ្ងៃទី២៩ដល់ថ្ងៃទី៣១ខែតុលាឆ្នាំ២០២០ជាគំនិតផ្តួចផ្តើមនិងចាត់ចែងចំណាយថវិកាផ្ទាល់ នៅក្នុងកម្មវិធីដោយឯកឧត្តម ជូ តុងអានអនុប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយស្រុកជាំក្សាន្តព្រមជាមួយនឹងសប្បុរសជនជិតឆ្ងាយក៏ដូចជាអង្គភាពពាក់ព័ន្ធចំណុះក្នុងទិសទី១ប្រាសាទព្រះវិហារ ក្រោមការចង្អល់បង្ហាញពីសំណាក់ឯកឧត្តម ស្រី ឌឹក និងឯកឧត្តម ដួង សំនៀង។ ព្រមទាំងមានការចូលរួមពីក្រុមការងារ និងអជ្ញាធរភូមិ ឃុំ ស្រុក ទើបកម្មវិធីប្រណាំងទូកនេះបានធ្វើឡើងយ៉ាងអធិកអធមបង្ករការសប្បាយរីករាយជូនបងប្អូនប្រជាពលរដ្ឋ។

គួរំលឹកថា៖ទំនប់អាងបង្ហៀរទឹកធម្មជាតិសម្តេចតេជោអូរស្វាយដែលកំពុងរៀបចំប្រណាំងទូកនៅពេលនេះ ក៍ចាប់ផ្តើមកសាងឡើងតំណាលគ្នានិងភូមិធម្មជាតិសម្តេចតេជោ នៅក្នុងអំឡុងឆ្នាំ២០០៨ ដោយសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែននាយករដ្ឋមន្ត្រី នៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានីហ៊ុនសែន។

ហើយនៅក្នុងអំឡុងឆ្នាំ២០១៤ពិធីអ៊ុទូកនេះក៍បានរៀបចំធ្វើឡើងផងដែរដោយយកពោះវៀនកង់ឡានមកឆ្នៃធ្វើជាទូកក្នុងគោលបំណងបង្កលក្ខណះអោយកូនចៅក្នុងតំបន់បានចូលរួមទស្សនាលេងសប្បាយនិងអភិរក្សវិសយ័កីឡាដែលជាកេរដំណែលពីដូនតា។

សូមបញ្ជាក់ជូនផងដែរថា៖ចំពោះទូកដែលទទួលបានជ័យជំនះលេខ១ទទួលបានថវិកាចំនួន៥០ម៉ឺនរៀល និងទូកចំណាត់ថ្នាក់លេខ២ ទទួលបានថវិកាចំនួន៤០ម៉ឺនរៀល, ចំណាត់ថ្នាក់លេខលេខ៣ ថវិកាចំនួន៣៥ម៉ឺនរៀល និងចំណាត់ថ្នាក់លេខ៤ លេខ៥ ថវិកាចំនួន៣០ម៉ឺនរៀល អាវ១ មួក១ និងសម្ភារៈបរិក្ខារមួយចំនួន៕