ប្រធានក្រុមការងាររបស់រាជរដ្ឋាភិបាលនាំយកអំណោយព្រះសង្ឃនិងសប្បុរសជនផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់១០០គ្រួសារឃុំបន្ទាយស្ទោង

0

ខេត្តកំពង់ធំ៖   ឧត្តមសេនីយ៍ទោសោម ស៊ុន ប្រធានក្រុមការងាររបស់រាជរដ្ឋាភិបាល ចុះជួយឃុំបន្ទាយស្ទោង បាននាំយកអំណោយរបស់ព្រះសង្ឃ និងសប្បុរសជន ចែកជូនបងប្អូនប្រជាពលរដ្ឋ ដែលទទួលរងគ្រោះដោយសារទឹកជំនន់ ចំនួន១០០ គ្រួសារ នៅឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ នៅព្រឹកថ្ងៃអង្គារ៍ ទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០។

វិស័យព្រះពុទ្ធសាសនាត្រូវបានលើកតំម្កើង និងជាសាសនារបស់រដ្ឋ ដោយពុទ្ធចក្រ និងអាណាចក្របានដើរទទឹមគ្នា ព្រះសង្ឃមានតួនារីសំខាន់បំផុតនៅក្នុងកិច្ចការងារសង្គម ប្រកាន់​ខ្ជាប់​គុណ​ធម៌​ល្អ​ប្រពៃ​ មាន​ភាព​បរិសុទ្ធ​ ចិត្ត​មេត្តា​ធម៌​ សុភាព​រាបសា និង​មាន​សីលធម៌​រស់​នៅ​សុក្រិត​ក្នុង​ជីវិត​ មិន​ជាប់​ជំពាក់​បញ្ហា​ទ្រព្យ​សម្បត្តិ​ ទូន្មាន​អប់រំ​ពុទ្ធ​បរិស័ទ​ឱ្យ​ជឿ​អំពើ​ល្អ​ ប្រព្រឹត្ត​តែ​អំពើ​ដែល​ជា​កុសល​ ជួ​យមនុស្ស​ឱ្យ​ចេះ​អាន​ ចេះ​សរសេរ រួម​ចំណែក​ដើម្បី​ស្វែង​រកក​សន្តិ​ភាព​ជូន​ប្រទេស​ជាតិ​ ជួយ​ដោះ​ស្រាយ​ទំនាស់​ដោយ​ធម៌​អហិង្សា បច្ចុប្បន្នព្រះសង្ឃបានដើរតួនាទីសំខាន់ក្នុងការចូលរួមជាមួយកិច្ចការសង្គម ផ្តល់ស្បៀងអាហារនិងសម្ភារៈ ជួយដល់ជនរងគ្រោះ ជាមួយនឹងរាជរដ្ឋាភិបាល ដូចពាក្យមួយឃ្លាពោលថា ” ចេះជួយគ្នាក្នុងគ្រាក្រ ស្គាល់មនុស្សល្អក្នុងគ្រាលំបាក ” ។

ជាក់ស្តែងកងកម្លាំងអន្តរាគមន៍៥០ នាក់ ជញ្ជូនគ្រឿងឧបភោគបរិភោគ ជាការចូលរួមចំណែករបស់ព្រះសង្ឃ និងពុទ្ធបរិស័ទ ចំនួន ០៤ ខេត្ត-រាជធានី ក្នុងនោះមានខេត្តក្រចេះ ,ខេត្តកំពង់ចាម ,ខេត្តកំពង់ធំ និងរាជធានីភ្នំពេញ តាមរយៈ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ មកផ្តល់ជូនប្រជាពលរដ្ឋ ទទួលរងផលប៉ះពាល់ដោយគ្រោះទឹកជំនន់ ចំនួន ០៤ ភូមិ ( ភូមិពន្លាជ័យ,ភូមិពោធិ៍ ,ភូមិចន្លុះ និងភូមិបេង ) ស្ថិតក្នុងស្ពានដែកបាឡេ នៅភូមិបន្ទាយស្ទោង ឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានពាំនាំប្រសាសន៍ ការផ្តាំផ្ញើពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលជានិច្ចកាលសម្តេចតែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋនៅទូទាំងប្រទេស បងប្អូនដែលទទួលរងផលប៉ះពាល់ដោយសារទឹកជំនន់ ដូចជាខេត្តពោធិ៍សាត់ ,បាត់ដំបង ,ឧត្តរមានជ័យ ,ប៉ៃលិន ជាពិសេសខេត្តកំពង់ធំ មានផលប៉ះពាល់ស្រុកមួយចំនួន ក្នុងមានស្រុកស្ទោង មានឃុំទ្រា និងឃុំបន្ទាយស្ទោង មានប្រជាពលរដ្ឋរងគ្រោះ ដោយសារទឹកជំនន់ច្រើនជាងគេក្នុងទូទាំងខេត្តកំពង់ធំ ។

ប្រជាពលរដ្ឋបានទទួលអំណោយក្នុងមួយគ្រួសារ ទទួលបានអង្ករ២០ គ.ក្រ មីជាតិ០១កេស,ទឹកត្រីទឹកស៊ីអ៉ីវ០២យួរ,ប៊ីចេង០១កញ្ចប់ ,អំបិល០១កញ្ចប់,ស្ករស០១ កញ្ចប់,ប្រេងឆា០១ដប,សៀង០១ដប, ភួយ០១,កន្សែង០១,ខោអាវ០១សម្រាប់ ,ចានស្រាក់មួយឈុត  ( សម្រាប់ចាស់ៗ ) និងថវិកាមួយចំនួន និងបានសំណូមពរឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវ ថែរក្សាសុខភាព អនាម័យខ្លួនប្រាណ ដូចជាពាក់ម៉ាស់ ,ប្រើទឹកសម្អាតដៃ ដោយអាល់កុល ឬចែល ដើម្បីជៀសវាងពីជម្ងឺកូវីដ-១៩ ព្រោះថាយើងអាចភ្លេចជម្ងឺកូវីដ-១៩ ប៉ុន្តែកូវីដ-១៩ វាមិនអាចភ្លេចពួកយើងឡើយ ។   

ឧត្តមសេនីយ៍ទោ សោម ស៊ុន និងអាជ្ញាធរដែនដី ពិតជាមានសេចក្តីរំភើបឥតឧបមា ដោយទឹកចិត្តរបស់ព្រះសង្ឃ និងពុទ្ធបរិស័ទ ដែលនិមន្តមកពី០៤រាជធានីខេត្ត បានរួចចំណែកគ្នាក្នុងការជួយឧបត្ថម្ភជាគ្រឿងឧបភោគបរិភោគដល់បងប្អូន ដែលទទួលរងផលប៉ះពាល់ដោយសារទឹកជំនន់ និងសូមជូនពរ និងសូមប្រគេនពរ ដល់ព្រះសង្ឃនិងពុទ្ធបរិស័ទ ទាំងអស់ សូមជួយប្រទះនូវពុទ្ធពរទាំងឡាយ បួន ប្រការ គឺអាយុ វណ្ណៈ សុខៈ និង ពលៈកុំបីឃ្លៀងឃ្លាតឡើយ ៕ដោយ ប៊ុន រដ្ឋា