កំពង់ស្ពឺ ៖ មនុស្សម្នាក់បានស្លាប់ភ្លាមៗនៅកន្លែង និងម្នាក់ទៀត បានរងរបួសធ្ងន់ កំពុងសម្រាកក្នុងមន្ទីរពេទ្យ ដោយសារតែបើកបរ រថយន្តក្នុងស្ថានភាពស្រវឹងជោគជាំធ្លាក់ផ្លូវជាតិជ្រុលទៅបុកគុលអំពិលពេញទំហឹងតែម្តង ។ ហេតុការណ៍ថ្នាក់ចរាចខាងលើនេះ បានកើតមានឡើង កាលពីវេលាម៉ោង២១,០០នាទីយប់ ថ្ងៃទី២៦ ខែកក្តដា ឆ្នាំ២០១៤ ស្ថិតលើផ្លូវជាតិលេខ៤ ត្រង់ចំណុចផ្លូវបត់ចូលភូមិចំការត្ន័ ឃុំវល្លិស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។
ជនរងគ្រោះ ក្នុងករណីនោះ ត្រូវបានសមត្ថកិច្ច ប្រាប់ឱ្យដឹងថា ទី១អូន អាយុ ៣៨ ឆ្នាំ ជាម្ចាស់ការ៉ាស់ជួសជុលរថយន្ត យីហោចំរើន ផល មានទីតាំងក្នុងភូមិបុរីកម្មករ សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ជាអ្នកបើក និងទី២ឈ្មោះឌឹប ភេទប្រុស អាយុ ៥២ ឆ្នាំអ្នរួមដំណើររងរបួសធ្ងន់ធ្ងរ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីជួយសង្គ្រោះភ្លាមៗ ។ 
ប៉ូលិសប្រាប់ថា រថយន្តដែលជួបគ្រោះថ្នាក់បើកបុកគុលអំពិលនោះ ម៉ាកCRV ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2N.3540 ធ្វើដំណើរមកពីទិសខាងកើត ឆ្ពោះទៅលិច លុះមកដល់ចំណុចកើតហេតុស្រាប់តែរេចង្កូតធ្លាក់ផ្លូវជ្រុលទៅបុកគុលអំពិលនៅចឹញ្ចើមផ្លូវពេញមួយទំហឹងឮដូចរន្ទះ បណ្តាលឱ្យម្ចាស់ការ៉ាស់ជួសជុលរថយន្តស្លាប់ភ្លាមៗ និងម្នាក់ទៀតរបួសធ្ងន់ ។
ប៉ូលិសបន្តថា មូលហេតុដែលបណ្តាលឱ្យជួបគ្រោះនេះ គឺដោយសារតែអ្នកបើកបរក្នុងស្ថានភាពស្រវឹងស្រាជោគជាំ ធ្វើឱ្យបាត់បង់ស្មារតីបើកក្នុងល្បឿនលឿនជ្រុលគ្រប់គ្រងរថយន្តអត់បានក៍ធ្លាក់ផ្លូវទៅបុគគល់ឈើតែម្តង ។ បន្ទាប់ពីកើតហេតុសមត្ថកិច្ចប៉ូលិស បានចុះទៅអត្តរាគមន៍គាស់យកសាកសពចេញ និងយកអ្នករងបួសទៅកាន់មន្ទីរពេទ្យភ្លាមៗ ។ ចំពោះរថយន្តស្ទូចយកទៅររក្សាទុកនៅការិយាល័យប៉ូលិសចរាច និងសាកសពប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕



































