រដ្ឋមន្ត្រី ក្រសួងព័ត៌មាន ចុះ សួរសុខទុក្ខ កុមារ កំព្រា ពិការ ភ្នែក គថ្លង់ និង លោកគ្រូ អ្នកគ្រូ នៅ វិទ្យាល័យ អប់រំ ពិសេស កំពង់ចាម

កំពង់ចាម : ក្នុង ឱកាស អញ្ជើញ ជួបសំណេះសំណាល និង សាកសួរសុខទុក្ខកុមារ កំព្រា ពិការភ្នែក គរថ្លង់ និងលោកគ្រូ អ្នកគ្រូ នៅវិទ្យាល័យអប់រំពិសេសកំពង់ចាម នាព្រឹក ថ្ងៃ ទី ៣ ខែវិច្ឆិកា ឆ្នាំ ២០២០ នេះ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកជំទាវ បាន នាំយក នូវ សំភារៈ ជាច្រើន រួមនឹង ថវិកា ចំនួន ៣២៥០ដុល្លារ អាមេរិក និង ១៤.៥០០.០០០រៀល សម្រាប់ ទ្រទ្រង់ ដល់ សាលា និង ក្មួយៗ កុមារ ខាងលើ ផងដែរ ។

ឆ្លៀត ក្នុង ឱកាស នោះ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី ក្រសួងព័ត៌មាន មាន ប្រសាសន៍ ថា គិត មក ដល់ ពេល នេះ គឺ មាន រយៈពេល ១៧ឆ្នាំ ហើយ ដែល ឯកឧត្តម បាន ជួយ ទំនុកបម្រុង ដល់ កុមារ ពិការ ភ្នែក គថ្លង់ កំព្រា និង លោកគ្រូ អ្នកគ្រូ នៅ វិទ្យាល័យ អប់រំ ពិសេស កំពង់ចាម នេះ ដោយ បាន រៀបចំ ពិធី ជួបជុំ គ្នានេះ ឡើង ក្នុង ១ឆ្នាំ ២ដង រួមជាមួយការ គៀងគរ ដល់ សប្បុរសជន នានា ដេីម្បី ជួយ ផ្គត់ផ្គង់ ដល់ ការ រៀនសូត្រ របស់ ក្មួយៗ ប្រកប ដោយភាព ជោគជ័យ ។ ឯកឧត្តម រដ្ឋមន្រ្តី ក្រសួង ព័ត៌មាន មាន ប្រសាសន៍ ទៀត ថា ថ្ងៃ នេះ ខ្ញុំ ពិត ជា សប្បាយ រីករាយ ដោយ បាន ឃេីញ ក្មួយៗ មួយ ចំនួន ទទួល បាន ភាព ជោគជ័យ ហើយ បាន ចេញ ទៅ ធ្វើការ ងារ ផ្សេងៗ និងបេីកមុខរបរ ទទួលទាន ព្រមទាំង មាន ក្រុម គ្រួសារ និង មាន សុភមង្គល ល្អ ដោយ កន្លង មក ក្រសួង ព័ត៌មាន ក៏បាន ទទួល ក្មួយៗ មួយ ចំនួន នៅ ខេត្ត បាត់ដំបង និង មួយ ចំនួន នៅ ខេត្ត កំពង់ចាម ឲ្យ ចូល បម្រើ ការងារផងដែរ តែ អកុសល ឆ្នាំ នេះផ្ទុះ នូវ ជំងឺ កូវីដ ១៩ ដូច្នេះ រាជរដ្ឋាភិបាល បាន សម្រេច ផ្អាក ការ ជ្រើសរើស មន្ត្រី ថ្មី មួយ រយៈ ។
ជាមួយ គ្នា នោះ ឯកឧត្តម រដ្ឋមន្រ្តី ក៏ បាន ក្រេីន រំលឹក ដល់ ក្មួយៗ ទាំង អស់ ឲ្យ រួបរួម សាមគ្គី គ្នា និង ចេះជួយ គ្នា ទៅវិញទៅមក ក្នុង ការ រៀនសូត្រ ជាពិសេស ត្រូវ ស្តាប់ គ្រូ បង្រៀន និង គោរព វិន័យ សាលា ឲ្យ បាន ខ្ជាប់ខ្ជួន តាំង ពី នៅ តូចរហូត ដល់ ធំ ពេញវ័យ និង ឈាន ទៅ ដល់ ទទួល បាន ភាព ជោគជ័យ ។

គួរ បញ្ជាក់ ផង ដែរ ថា សិស្ស ក្នុង វិទ្យាល័យ អប់រំ ពិសេស កំពង់ចាម សរុប ចំនួន ១៧១នាក់ ក្នុងនោះ មានសិស្ស ពិការ ភ្នែក ៥៩នាក់ និង គផ្លង់ ១១២នាក់ ចំពោះ បុគ្គលិក និង គ្រូ សរុប ៣៦នាក់ ។ ដោយឡែក មណ្ឌល កុមារ កំព្រា ខេត្ត កំពង់ចាម មាន សិស្ស ចំនួន ៥៧នាក់ និង បុគ្គលិក សរុប ១២នាក់ ។ ដោយ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកជំទាវ បានរៀបចំពិធីសំណេះសំណាល ២ដង ក្នុង ១ឆ្នាំ ដែលមាន រៀបចំ អាហារ ថ្ងៃត្រង់ ជាមួយនឹងសម្ភារសិក្សា សម្លៀកបំពាក់ ផ្តល់ជា ថវិកាសម្រាប់សិស្ស និងគ្រូ ផ្តល់សម្ភារៈប្រើប្រាស់ គ្រឿង ឧបភោគបរិភោគ និងថវិកាសម្រាប់សាលា ព្រមទាំង បានផ្តល់ជាអង្ករ ចំនួន ១តោនក្នុងមួយខែ ហេីយ ក៏ បានឧបត្ថម្ភ ឧបករណ៍ប្រើប្រាស់ ឧបករណ៍ភ្លេង សម្លៀកបំពាក់របាំ សម្ភារជំនួយដល់ការបង្រៀននិងរៀនកំព្យូទ័រលើតុនិងកំព្យូទ័រយួរដៃម៉ាស៊ីនថតសម្លេងសម្រាប់សិស្សរៀននៅសាកលវិទ្យាល័យ ក្រៅពីនេះឯកឧត្តម និងលោកជំទាវ ក៏បានឧបត្ថម្ភគ្រឿងសង្ហារឹមផ្សេងៗមួយចំនួនទៀត ហើយបានជួយបង្គ្រប់ថ្លៃកសាងខ្លោងទ្វារសាលាចំនួន១៥០០ដុល្លារសហរដ្ឋអាមេរិក និងបានជួយបន្ថែមថវិកាសម្រាប់ធ្វើដំណើរកម្សាន្តប្រចាំឆ្នាំព្រមទាំងបានជួយសម្របសម្រួលក្នុងការចូលទស្សនារមណីយដ្ឋាននានាផងដែរ ៕