កិច្ចប្រជុំពិភាក្សាក្នុងការរៀបចំដាក់បេក្ខភាពក្រុងចំនួន២ចូលរួមប្រឡងប្រណាំងទីក្រុងស្អាតឆ្នាំ២០២១ ទី១ ក្រុងព្រះសីហនុ និងទី២ ក្រុងកោះរ៉ុងដែលទើបបង្កើតថ្មី។

ខេត្តព្រះសីហនុ៖កិច្ចប្រជុំពិភាក្សាក្នុងការរៀបចំដាក់បេក្ខភាពក្រុងចំនួន២ចូលរួមប្រឡងប្រណាំងទីក្រុងស្អាតឆ្នាំ២០២១ ទី១ ក្រុងព្រះសីហនុ និងទី២ ក្រុងកោះរ៉ុងដែលទើបបង្កើតថ្មី។
នៅព្រឹកថ្ងៃទី ៣ ខែវិច្ឆិកាឆ្នាំ ២០២០នៅសណ្ឋាគារឆ្នេរថ្មី គណៈកម្មការវាយតម្លៃទីក្រុងស្អាតខេត្តព្រះសីហនុ បានប្រជុំពោភាក្សាគ្នាក្នុងការពិនិត្តមើលបេក្ខភាពរបស់ខេត្តព្រះសីហនុ ប្រឡងប្រណាំងយកជ័យលាភីទីក្រុងស្អាតសម្រាប់ឆ្នាំ២០២១ ក្រោមអធិបតីភាព លោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ លោក យិន ណាត ប្រធាននាយកដ្ឋានវិនិយោគទេសចរណ៍ លោក ហួត រិទ្ធី ប្រធាននាយកដ្ឋានគាំពារទីក្រុងស្អាត និងជម្រុញការប្រឡងប្រណាំង និងថ្នាក់ដឹកនាំមន្ទីរអង្គភាពពាក់ព័ន្ធក្នុងខេត្ត។
លោក តាំង សុចិត្តគ្រឹស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បានគូសបញ្ជាក់ថា ការប្រលងប្រណាំងជ្រើសជ័យលាភីទីក្រុងស្អាត ធ្វើឡើងក្នុងរយៈពេលបីឆ្នាំម្តង។គណៈកម្មាការវាយតម្លៃថ្នាក់ខេត្ត ត្រូវជ្រើសបេក្ខភាពក្រុងក្នុងខេត្តរបស់ខ្លួនដោយអនុលោមតាមស្តង់ដារទីក្រុងស្អាត ដែលមានសូចនាករគោលចំនួន៧ សូចនាករលំអិតចំនួន៣២និងលក្ខណៈវិនិច្ឆ័យចំនួន៧២ដើម្បីដាក់ប្រកួតប្រជែងនៅទូទាំងប្រទេស។គណកម្មការវាយតម្លៃទីក្រុងស្អាតថ្នាក់ខេត្ត នឹងចាប់ផ្តើមចុះវាយតម្លៃនៅខែកុម្ភៈឆ្នាំ២០២១។នៅចុងឆ្នាំ២០២១គណកម្មការវាយតម្លៃទីក្រុងស្អាតថ្នាក់ជាតិ នឹងប្រកាសលទ្ធផល ជ័យលាភីពានរង្វាន់លេខ១ បានទទួលពានរំដួល៣ទង ជ័យលាភីលេខ២ បានទទួលពានរំដួល២ទង និងជ័យលាភីលេខ៣ បានទទួលពានរំដួល១ទង។លោក តាំង សុចិត្តគ្រឹស្នា បន្ថែមថាកន្លងមកខេត្តព្រះសីហនុ បានដាក់បេក្ខភាពក្រុងព្រះសីហនុ តែមួយប៉ុណ្ណោះ ប៉ុន្តែឆ្នាំនេះខេត្តកំពុងពិនិត្យលក្ខណៈសម្បត្តិ និងពិចារណាដាក់បេក្ខភាពក្រុងកោះរ៉ុងមួយថែមទៀត។
អភិបាលរងខេត្តព្រះសីហនុ លោក ម៉ាង ស៊ីណេត បានមានប្រសាសន៍ថា វិស័យទេសចរណ៍ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាចាត់ទុកជាមាសបៃតង និងជាវិស័យអាទិភាពមួយក្នុងចំណោមវិស័យអាទិភាពនានា ចូលរួមជម្រុញកំណើន និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច តាមរយៈការបង្កើតការងារជូនប្រជាជនជាដើម។
ចំពោះមុខនេះដើម្បីចូលរួមអនុវត្តក្នុងចលនាប្រឡងប្រណាំងទីក្រុងស្អាតឱ្យទទួលបានជោគជ័យបន្តទៀតក្នុងនាមរដ្ឋបាលខេត្ត លោកបានណែនាំឱ្យរដ្ឋបាលក្រុងទាំងពីរ ដែលជាបេក្ខភាពប្រឡងប្រណាំងទីក្រុងស្អាត ត្រូវសហការជាមួយសមត្ថកិច្ច និងមន្ទីរជំនាញពាក់ព័ន្ធ យកចិត្តទុកដាក់ខ្ពស់ក្នុងការរៀបចំផែនការអនុវត្តឱ្យបានត្រឹមត្រូវស្របតាមស្តង់ដាលិខិតបទដ្ឋានគតិយុត្តទីក្រុងស្អាត ក៏ដូចជាគោលការណ៍ណែនាំរបស់គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត។