​ប្រជាពលរដ្ឋ​ជាច្រើន​គ្រួសារ​រង​ផលប៉ះពាល់​ពី​ការចាក់ដី​អភិវឌ្ឍន៍ផ្សារ​ទំនើប​ផ្ទះល្វែង​របស់​ក្រុមហ៊ុន​

0

​ ​ ​ស្ទឹងត្រែង​៖​ប្រជាពលរដ្ឋ​ជាច្រើន​គ្រួសារ នៅ​ភូមិ​រា​ជានុ​កូ​ល សង្កាត់ ក្រុង ស្ទឹងត្រែង​បាន​រង​នូវ​ផល ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដោយមាន​ការ​លិច​ទឹក​ខូច​ផលដំណាំ​និង​សត្វ​ចិញ្ចឹម​ជាច្រើន​ម៉ឺន​ក្បាល​ពី​ការចាក់ដី​ដើម្បី​អភិវឌ្ឍន៍​ផ្សារ​ទំនើប​និង​សំណង់ផ្ទះ​ល្វែង​របស់​ក្រុមហ៊ុន​មួយ ដោយ​គេ​ដឹងថា​មាន​ភាគហ៊ុន​របស់​ស្ត្រី​ម្នាក់​ឈ្មោះ​តាំង សៀម​ហួង ដែលជា​អ្នកមាន​ទ្រព្យសម្បត្តិ​មួយរូប​ក្នុង​ខេត្តស្ទឹងត្រែង ។​ ​ ​លោក​ស្រេ​ន លី​គួ​ង អាយុ​៤២​ឆ្នាំ​ជា​ប្រជាពលរដ្ឋ​ក្នុងភូមិ​រា​ជានុ​កូ​ល និង​ជា​អ្នក​ចិញ្ចឹម​ត្រី​និង​កង្កែប​បាន​ប្រាប់​ឲ្យ​ដឹងថា​គាត់​ជា​ប្រជាពលរដ្ឋ​ម្នាក់ ក្នុងចំណោម​ប្រជាពលរដ្ឋ​ដែល​រង​នូវ​ផលប៉ះពាល់​ជាច្រើន​គ្រួសារ ។ MVI_.28_12.27

គាត់​បាន​បាត់បង់​កូន​ត្រី​និង​កង្កែប អស់​ជាច្រើន​ម៉ឺន​ក្បាល​និង​ដំណាំ​ផ្សេងៗ​ទៀត ក៏ដូចជា​ស្រូវ​របស់​ប្រជាពលរដ្ឋ​ក្នុងភូមិ​ជាមួយ​គាត់ ត្រូវបាន​ខូចខាត​ដោយសារ​ការចាក់ដី​លុប​លើ​លូ​និង​ប្រឡាយទឹក​ក្នុងភូមិ បណ្តាល​ឲ្យ​ស្ទះលូ​និង​ប្រឡាយទឹក ហើយ​ពេល​ភ្លៀង​ធ្លាក់​ធ្វើ​ឲ្យ​ទឹក​លិច​ប្រៀប​ពេញ​ភូមិ និង​ផ្ទះសំបែង​ខូចខាត​ផលដំណាំ​របស់​អ្នកភូមិ ក៏ដូចជា​ការចិញ្ចឹម​សត្វ​កង្កែប​ត្រី​របស់គាត់ ដែល​វា​ជិត​ទទួលបាន​ផល​ហើយ​នោះ ។ ​

​លោក​ស្រេ​ន លី​គួ​ង បាន​បន្តថា​៖​រូបគាត់​រួម​និង​ប្រជាពលរដ្ឋ​ដែល​រង​នូវ​ផលប៉ះពាល់ ជាច្រើន​គ្រួសារ​ខាងលើនេះ​បាន​ជំនុំ​គ្នា និង​ស្នើរ​សុំ​ទៅ​អជ្ញាធរ​ភូមិ ឃុំ គឺ​សុំ​ឲ្យ​មកជួយ​ពិនិត្យមើល​និង​ជួយ​ដោះស្រាយ តែ​ពុំ​ឃើញ​អាជ្ញាធរ​ថ្នាក់​ណាមួយ​មក​អើតមើល​នោះឡើយ​។ គាត់​សំណូមពរ​ឲ្យ​អាជ្ញាធរ​មេត្តាជួយ​ចាត់​វិធានការណ៍​ឲ្យ​បាន​ឆាប់​ផងដែរ ពីព្រោះ​ពួកគាត់ ពិបាក​រស់នៅ ក្នុង​ជីវភាព​ទឹក​លិច​នេះ​ខ្លាំងណាស់ ហើយក៏​ត្រូវ​ខាតបង់​ប្រាក់កាស​ពី​ការ​លិច​ទឹក​នេះ ក៏​មិនតិច​ដែរ ។​

​ ​ជុំវិញ​រឿងនេះ លោក​អភិបាលក្រុង​មិនបាន​ដឹងឮ​អំពី​បញ្ហា​ដែលមាន​ក្រុមហ៊ុន ចាក់ដី​អភិវឌ្ឍន៍​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់ផ្ទះ​សំបែង​ប្រជាពលរដ្ឋ​ខាងលើ​នោះឡើយ ។​ ​ ​លោក​ជួរ ជិន​សុធា ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគររូបនីយកម្ម​សំណង់ និង​សុរិយោដី បានបញ្ជាក់​ថា​ខាង​មន្ទីរ​នៅ​មិនទាន់​ឃើញ​មាន​ឯកសារ​ឫ​លិខិតស្នាម​ពី​ខាង​ក្រុមហ៊ុន​ចូលមក​ស្នើរ​សុំ​នោះ​នៅឡើយ​ទេ ។​ ​ ​អ្នកស្រី​តាំង សៀម​ហួង ជា​អ្នកមាន​ភាគហ៊ុន នៅក្នុង​ការអភិវឌ្ឍន៍​ផ្សារ​ទំនើប និង​សំ ណង់​ផ្ទះល្វែង​នៅលើ​ដី​ទំ​ហ៊ំ​ជាង​៤​ហិកតា​ខាងលើនេះ បាន​និយាយថា​ប្រជាពលរដ្ឋ ដែល រង​នូវ​ផលប៉ះពាល់​នោះ គឺមាន​តែ​២​គ្រួសារ​តែប៉ុណ្ណោះ​ទេ ហើយ​អ្វីដែល​ប្រជាពលរដ្ឋ​ចោទ ថា​ខូច​ផលដំណាំ​និង​អាង​ចិញ្ចឹម​ត្រី​ក៏​តិចតួច​ដែរ ហើយ​អ្នកស្រី​នឹង​សង បើសិនជា​មានការ ទាមទារ​ពី​ប្រជាពលរដ្ឋ អ្នកស្រី​មិន​ចង់​អភិវឌ្ឍន៍ ដែលមាន​ការប៉ះពាល់​ដ​ល់​ប្រជាពលរដ្ឋ​នោះទេ ។​

​ឆ្លើយតប​នឹង​បញ្ហា​នេះ​អ្នកស្រី​តាំង សៀម​ហួង បាន​និយាយថា អ្នកស្រី​កំពុង​រៀបចំ​ឯកសារ​ទៅ​ស្ថាប័ន​ពាក់ព័ន្ធ​ក្នុង​ខេត្ត ដើម្បី​ដាក់​សុំ​បង្កើត​ច្បាប់ ។ មូលហេតុ​យឺតយ៉ាវ​ដោយសារ​អ្នកស្រី​ឲ្យ​ខាង​ជំនាញ​គូរ​ប្លង់​មិនទាន់រួច ។ ឯ​ចំពោះ​ការ​លិច​ទឹក​នេះ អ្នកស្រី​ក៏​កំពុង​ឲ្យ ខាង​គ្រឿងចក្រ របស់គាត់​ទៅ​ជីក​កកាយ ឲ្យ​មាន​ប្រព័ន្ធ​ទឹក​ឡើងវិញ​។​ ​ ​បញ្ហា​ចំរូង​ចំ​រ៉ា​ស់រ​វាង​ប្រជាពលរដ្ឋ​និង​ក្រុមហ៊ុន​អភិវឌ្ឍន៍​ផ្សារ​ទំនើប​និង​សំណង់​ផ្ទះល្វែង​ក្នុងភូមិ​រា​ជានុ​កូ​ល​ខាងលើនេះ ប្រជាពលរដ្ឋ​ដែល​រង​នូវ​ផលប៉ះពាល់ កំពុង​រង់ចាំ ចាំ​មើលថា តើ​អាជ្ញាធរ​នឹងមាន​វិធានការណ៍​យ៉ាងណា ?​ក្នុងការ​ដោះស្រាយ និង​សំរួល​ជូន ប្រជាពលរដ្ឋ នៅក្នុង​ភូមិ​នេះ ឲ្យ​បាន​ស្រួលបួល​ឡើងវិញ​៕