ភ្នំពេញ ៖ មន្ត្រីអាវុធហត្ថ ម្នាក់ ឆ្លៀតពេលទំនេរ រត់កង់បីពេលយប់ ត្រូវជនសង្ស័យ២នាក់ បានធ្វើសកម្មភាពប៉ងប្លន់ តែមិនបានសម្រេច កាលពីវេលា ម៉ោង៣និង២០នាទីទៀបភ្លឺឈានចូលថ្ងៃសុក្រ ទី៦ ខែវិច្ឆិកា ឆ្នាំ២០២០ ត្រង់ចំណុចស្ថានីយប្រេងសាំង សារភីម៉ិច ទល់មុខផ្សារទួលគោក ក្នុងសង្កាត់បឹងកក់ទី២ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
ជនសង្ស័យមានឈ្មោះ សេន ប៉ុនថា ភេទប្រុស អាយុ២២ឆ្នាំ ស្នាក់នៅបន្ទប់ជួល ម្តុំផ្សារទួលគោក មានស្រុកកំណើតខេត្តបាត់ដំបងធ្វើដំណើរថ្មើរជើង ជាអ្នកកាន់ដែកឆាប និងជនសង្ស័យម្នាក់ទៀត មិនស្គាល់អត្តសញ្ញាណនោះទេ បានរត់រួចបាត់ ។
ជនរងគ្រោះមានឈ្មោះ រ៉េត ឌីណា ភេទប្រុស អាយុ២៨ឆ្នាំ ជាមន្រ្តីកងរាជអាវុធហត្ថ ឆ្លៀតពេលទំនេររត់កង់បី ស្នាក់នៅក្នុង បន្ទាយកងរាជអាវុធហត្ថ លើផ្ទៃប្រទេស មានស្រុកកំណើត ខេត្តតាកែវ ជាម្ចាស់កង់បីឥណ្ឌា ពណ៌លឿង ពាក់ស្លាក លេខស្វាយរៀង1M-0275 ។
បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបានបញ្ជូនទៅឃុំខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោកនិងកសាងសុំនុំរឿងបញ្ជូនទៅកាន់តុលាការចាត់ការតាមនិតិវិធី៕