រដ្ឋបាលក្រុងព្រះសីហនុ បានបើកសិក្ខាសាលា សមាហរណកម្ម និងកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២១-២០២៣)

0

ខេត្តព្រះសីហនុ៖ នៅសាលាក្រុងបានរៀបចំកម្មវិធីសិក្ខាសាលាសមាហរណកម្ម វិធីវិនិយោគបីឆ្នាំរំកិល (២០២១-២០២៣)សង្កាត់ និងក្រុងព្រះសីហនុក្រោមការអញ្ជើញជាអធិបតីភាពឯកឧត្ដម មាស វុឌ្ឍី សមាជិកក្រុមប្រឹក្សាខេត្ត និងឯកឧត្ដម លៀម សុដា អភិបាលរងខេត្តព្រះសីហនុ ព្រមទាំងឯកឧត្តម លោកជំទាវក្រុមប្រឹក្សាខេត្ត ប្រធាន អនុប្រធានស្ថាប័ន មន្ទីរអង្គភាព ប្រធានក្រុមប្រឹក្សាក្រុង លោកអភិបាលរងក្រុង តំណាងអង្គការជាតិ និងអន្តរជាតិ សប្បុរសជន ចៅសង្កាត់ និងមន្ត្រីពាក់ព័ន្ធ ជាច្រើនរូបទៀត ហើយពិធីនេះបានធ្វើឡើងនៅរសៀលថ្ងៃព្រហស្បតិ៍ ៥រោច ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២០ ។ឆ្លៀតក្នុងឱកាសនោះផងដែរលោក គង់ សោភា អភិបាលរងក្រុងព្រះសីហនុ មានប្រសាសន៍ថា ក្នុងពិធីសិក្ខាសាលា សមាហរណកម្ម និងកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២១-២០២៣) របស់រដ្ឋបាលក្រុងព្រះសីហនុ ព្រមទាំងរដ្ឋបាលសង្កាត់ បានរៀបចំស្របតាមច្បាប់ស្ដីពីការគ្រប់ គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងច្បាប់ស្ដីពីការគ្រប់គ្រងរដ្ឋបាលឃុំ-សង្កាត់ និងសេចក្តីណែនាំបច្ចេកទេស ស្តីពីការរៀបចំ និងកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិលនៅថ្នាក់ក្រោមជាតិ និងការកសាងផែនការវិនិយោគបីឆ្នាំរំកិល ២០២១-២០២៣ ផ្អែកតាមផែនការអភិវឌ្ឍន៍រយៈពេល៥ ឆ្នាំ២០២០-២០២៤ នៃអាណត្តិទី៣ របស់ក្រុមប្រឹក្សាក្រុងព្រះសីហនុ ឆ្លើយតបតាមតម្រូវការ អាទិភាពរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។ហើយក្នុងគម្រោងសកម្មភាពអាទិភាពរបស់ក្រុងព្រះសីហនុ (២០២១) រួមមាន៖១.ផ្នែកសេដ្ឋកិច្ចមាន ១១គម្រោង, ២.ផ្នែកសង្គមកិច្ចមាន ១៧គម្រោង, ៣.ផ្នែកធនធានធម្មជាតិ បរិស្ថាន និងការបន្សាំការប្រែប្រួលអាកាសធាតុមាន ១៨គម្រោង ៤.ផ្នែករដ្ឋបាល និងសន្តិសុខសណ្តាប់ធ្នាប់សាធារណៈមាន ២១គម្រោង។

នាឱកាសនោះផងដែរឯកឧត្តម លៀម សុដា អភិបាលរងខេត្តព្រះសីហនុ បានមានប្រសាសន៍ បើកសិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល របស់ក្រុងព្រះសីហនុ ដើម្បីធានាឱ្យមានសង្គតិភាពរវាងកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២១-២០២៣)របស់រដ្ឋបាលខេត្ត និងកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២១-២០២៣)របស់រដ្ឋបាលក្រុង និងសង្កាត់ នៃក្រុងព្រះសីហនុ ដែលជាសកម្មភាពមានការចូលរួមពីស្ថាប័ន មន្ទីរ អង្គភាព អង្គការជាតិ អន្តរជាតិ ដៃគូអភិវឌ្ឍន៍ និងសប្បុរសជន ដែលកំពុងប្រតិបត្តិការនៅតាមក្រុង សង្កាត់គោលដៅ ជួយគាំទ្រគម្រោងឬសកម្មភាពរបស់ក្រុង និងសង្កាត់តាមគោលការណ៍លក្ខណៈវិនិច្ឆ័យ និងគោលនយោបាយអភិវឌ្ឍន៍របស់ស្ថាប័ននីមួយៗ សម្រាប់ស្វែងរកប្រភពមូលនិធិ ដើម្បីជួយគាំទ្រគម្រោងវិនិយោគជាអាទិភាពរបស់ក្រុង និងសង្កាត់គោលដៅ រួមចំណែកអភិវឌ្ឍន៍លើគ្រប់វិស័យ។ ហើយតម្រូវការចាំបាច់ ដល់ការលើកស្ទួយជីវភាព និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ ពិសេសការកាត់បន្ថយភាពក្រីក្រ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ព្រមទាំងបានរួមចំណែកអនុវត្តសម្រេចបាននូវផែនការអភិវឌ្ឍរបស់រដ្ឋបាលក្រុង និងសង្កាត់ តាមគោលការណ៍ណែនាំផ្នែកគោលនយោបាយរបស់ក្រុមប្រឹក្សាក្រុងព្រះសីហនុ៕នាគសមុទ្រ