អភិបាលខេត្តកំពង់ចាម​ រួមនឹង​ក្រុម​ការងារ​ បានផ្តល់​ប្រេង​ម៉ាស៊ូត​ជាង​៤០០០លីត្រ​ សម្រាប់​កសិករ​ ក្នុង​ស្រុក​កងមាស​ បង្កបង្កើនផល​ស្រូវ​ប្រាំង​

កំពង់ចាម​:​ ក្នុង​ឱកាស​ចុះ​ពិនិត្យ​ម៉ាស៊ីន​បូម​ទឹក​ចេញ​ពី​តំបន់​បឹង​B6​ ចូលទៅ​អាំង​បឹងកក់​ ស្ថិត​នៅ​ក្នុង​ភូមិ​កងតាណឹង​ទី៩​ ​ឃុំ​កងតាណឹង​ ស្រុក​កងមាស​ នាព្រឹក​ថ្ងៃ​ទី​៨​ ខែវិច្ឆិកា​ ឆ្នាំ​២០២០​នេះ​​ ឯកឧត្តម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្ត​កំពង់ចាម​ រួមនឹង​មន្ត្រី​ពាក់ព័ន្ធ​ បាន​ផ្ដល់​ប្រេង​ម៉ាស៊ូត​ចំនួន​៤១២០​លីត្រ​ សម្រាប់​បងប្អូន​ប្រជាកសិករ​បង្កបង្កើនផល​ស្រូវ​នារដូវប្រាំង​ ប្រមាណ​ជា៣៥០ហិកតា​ ។

លោក​ភោគ​ សាវុធ​ អភិបាល​ស្រុក​កងមាស​ បាន​ឲ្យដឹងថា​ ដោយសារ​ឆ្នាំ​នេះ​ទឹក​ទន្លេ​មេគង្គ​មាន​កម្រិត​ទាប​​ មិនបាន​ចូល​ទៅដល់​តំបន់​អាង​ស្តុក​ទឹក​បឹងកក់​ សម្រាប់​ប្រជាពលរដ្ឋ​ក្នុង​តំបន់​នោះ​ ប្រេីប្រាស់​ក្នុង​ការ​បង្កបង្កេីន​ផល​ស្រូវ​ប្រាំង​ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម រួម​នឹង​សហការី បាន​ផ្ដល់​ប្រេង​ម៉ាស៊ូត​ចំនួន​ចំនួន២០០០លីត្រ​ លោក អ៊ុំ វិបុល ប្រធានមន្ទី ធនធានទឹក​ និង​ឧតុនិយម​ខេត្តកំពង់ចាម​ បាន​ឧបត្ថម្ភ​ ​២០០០លីត្រ​ និង​លោកគ្រី ស៊ាង ឡុង ក្រុមការងារចុះជួយឃុំកងតាណឹង ជួយឧបត្ថម្ភ​​ ១២០លីត្រ សរុបរួម​៤១២០លីត្រ សម្រាប់​ចាក់​ម៉ាស៊ីន​ចំនួន​២គ្រឿង​ ដែល​ជា​ការ​ជំនួយ​របស់​ក្រសួង​ធនធានទឹក​ និង​ឧតុនិយម​ ដេីម្បី​ជា​ប្រយោជន៍​របស់​បងប្អូន​ប្រជាពលរដ្ឋ​ នៅ​ក្នុង​ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម​ ។ 

គួរ​បញ្ជាក់​ថា​ ក្នុងឆ្នាំ២០២០នេះ កម្ពស់ទឹក​ទន្លេ​មេគង្គ​មាន​កម្រិត​ត្រឹមតែ១២,៤៧ម៉ែត្រ ហេីយ​ប្រភពទឹកបានចូលទៅ ក្នុង​ព្រែក បឹងបួរ ​ប្រមាណជា​៥០ភាគរយ​ប៉ុណ្ណោះ​ ដែល​អាច​នាំ​ឲ្យ​ប្រឈមនឹងការខ្វះទឹក​សម្រាប់​ផ្គត់ផ្គង់​ស្រូវ​ប្រាំង​ នៅតាមតំបន់មួយចំនួន ពិសេសក្នុងស្រុកកងមាសនេះ​តែ​ម្ដង​ ដោយ​ហេតុ​ដូច្នេះ​ទើប​ ឯកឧត្តម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្ត​កំពង់ចាម​ បាន​ស្នើសុំ​ម៉ាស៊ីនបូមទឹក ចំនួន២គ្រឿង ពី​ក្រសួង​ធនធាន​ធនធានទឹក​ និង​ឧតុនិយម​ រួមជាមួយការ​ជួយ​ឧបត្ថម្ភ​ប្រេង​ម៉ាស៊ូត​ ដេីម្បី​ផ្តល់​ឱកាស​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​បង្ក​បង្កបង្កើនផល​ស្រូវ​ក្នុង​រដូវ​ប្រាំង​ខាង​មុខ​នេះ​ ៕