កែប៖ ជាច្រេីនដងមកហើយ ដែលមន្រ្តីរដ្ឋបាលខេត្តកែប តែងតែឈឺក្បាល និងការចុះដោះស្រាយករណីចុះវាទទីយកដីរដ្ឋមកធ្វើជាកម្មសិទ្ធិរបស់ខ្លួនពីសំណាក់ជនខិលខូចមួយចំនួន ដែលតែងតែចង់បានមិនចេះឈប់ មិនចេះឈដូចជាករណីថ្មីៗនេះមានការឆ្លៀតឱកាសរៀបខឿនថ្មកញ្ចុះព័ទ្ធយកដីភ្នំកាប់ឆ្ការព្រៃរួចចាក់ដីយកបំពេញជាដើម។
ជុំវិញករណីទាំងនេះ អភិបាលខេត្តកែប បានព្រមានទៅជនទាំងនោះថា កុំសង្ឃឹមនឹងទទូលបានបណ្ណកម្មសិទ្ធិស្របច្បាប់ឱ្យសោះ បើទោះបីផែនការពួកគេបានជោគជ័យក៏ដោយ។
ថ្លែងនៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារ របស់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តកែប ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី ៤ប្រចាំឆមាសទី១ នៅសាលប្រជុំខេត្តកែប លោក សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប បានមានប្រសាសន៍ខ្លាំងៗដោយផ្តាំទៅឈ្មួញដែលឆ្លៀតយកដីរដ្ឋបានហើយ ក៏ដូចជាកំពុងមានគំនិតឆ្កៀលយកនៅចំណុចណាមួយក្នុងភូមិសាស្រ្តខេត្តកែប
លោកបានបញ្ជាក់ថា ថ្មីៗនេះមានជនឆ្លៀតឱកាសមួយចំនួន បានជួលប្រជាពលរដ្ឋក្នុងតម្លៃខ្ពស់ ឱ្យរៀបខឿនព័ទ្ធយកដីឆ្នេរសមុទ្រទាំងយប់ទាំងថ្ងៃ ក៏ដូចជាជួលក្រុមពលរដ្ឋឱ្យកាប់ឆ្ការរុករានយកដីព្រៃកេាងកាង ដើម្បីធ្វើជាកម្មសិទ្ធិឯកជន ទង្វើទាំងនេះគឺរុញពលរដ្ឋឱ្យរងគ្រោះជំនួសខ្លួន ដើម្បីផលប្រយោជន៍ខ្លួន និងបក្សពួក លោកបានសង្កត់ធ្ងន់ថា យើងបានកំណត់មុខសញ្ញាជនទំនេីងចិត្តទាំងនោះរួចហើយ ដើម្បីធ្វើការទៅតាមផ្លូវច្បាប់ ។