ខេត្តកែប ៖ រដ្ឋបាលព្រៃឈើកែបបានចេញសេចក្តីប្រកាសជូនដំណឹងជាលើកទី៣ លេខ០២៨ ផរព.កប ចុះហត្ថលេខាដោយលោក ជួន សុផន នាយផ្នែករដ្ឋបាលព្រៃឈើកែប, លោក វង្ស សុផល នាយខណ្ឌរដ្ឋបាលព្រៃឈើកែប និងលោក ថឹង បូរិន ប្រធានមន្ទីរកសិកម្មកែបដោយបានធ្វើការព្រមានចាត់វិធានការតាមផ្លូវច្បាប់ចំពោះលោក តោ សុវុឌ្ឍី ដែលបានសាងសង់បឹងកាឡូ ក្នុងដែនព្រៃសហគមន៍អ្នកតាឈរ ស្ថិតក្នុងភូមិចំការបី ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប។
សេចក្តីប្រកាសជូនដំណឹងនេះធ្វើឡើង បន្ទាប់ពីក្រុមការងារសង្កាត់ ផ្នែក និងខណ្ឌរដ្ឋបាលព្រៃឈើកែប បានសហការជាមួយអាជ្ញាធរដែនដីដឹកនាំដោយលោកស្រី គឹម ចន្នី អភិបាលស្រុកដំណាក់ចង្អើរបានចុះដល់ទីតាំងជាក់ស្តែងកាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០ ហើយក្រុមការងារបានពិនិត្យឃើញថា លោក តោ សុវុឌ្ឍី បានសាងសង់សំណង់រឹងជាប្រភេទបឹងកាឡូ និងឈូសឆាយរំលោភបំពានចូលដីសហគមន៍ព្រៃឈើអ្នកតាឈរដែលជាការប្រព្រឹត្តបទល្មើសទៅនឹងច្បាប់ស្តីពីព្រៃឈើ។
បើតាមសេចក្តីប្រកាសជូនដំណឹងនេះ គឺបានស្នើដល់លោក តោ សុវុឌ្ឍី ឲ្យបញ្ឈប់រាល់សកម្មភាពសាងសង់ជាបន្ទាន់ ក្នុងករណីមិនអនុវត្តន៍តាមសេចក្តីប្រកាសជូនដំណឹងនេះ ផ្នែករដ្ឋបាលព្រៃឈើកែបនឹងអនុវត្តនតាមច្បាប់ស្តីពីព្រៃឈើ។
ពាក់ព័ន្ធការសាងសង់បឹងកាឡូ និងឈូសឆាយរំលោភបំពានចូលដីសហគមន៍ព្រៃឈើអ្នកតាឈរពីសំណាក់លោក តោ សុវុឌ្ឍី នេះដែរ អភិបាលស្រុកដំណាក់ចង្អើរ លោកស្រី គឹម ចន្នី បានប្រាប់ដល់អង្គភាពព័ត៌មាន “ភ្នំពេញដេលី” ថា លោកស្រីបានធ្វើការហាមឃាត់ និងឲ្យធ្វើកិច្ចសន្យាបញ្ឈប់ តែបើគាត់ (លោក តោ សុវុឌ្ឍី) នៅតែសាងសង់បន្ត គឺខុសច្បាប់ ហើយទុកឲ្យជំនាញអនុវត្តន៍នីតិវិធីច្បាប់បន្ត។
លោក វង្ស សុផល នាយខណ្ឌរដ្ឋបាលព្រៃឈើកែបបានបញ្ជាក់ប្រាប់អង្គភាពព័ត៌មាន “ភ្នំពេញដេលី” ថា លោកបានបញ្ជាឲ្យដាំកូនឈើសងវិញនៅលើផ្ទៃដីទំហំ២ហិកតា និងដាក់ពាក្យបណ្តឹងទៅកាន់តុលាការដើម្បីឲ្យអនុវត្តន៍ច្បាប់ចំពោះបុគ្គលដែលបំពាន។
ចំណែកលោក សុទ្ធ ពុទ្ធិម៉ានីន ប្រធាន មន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានប្រាប់អ្នកព័ត៌មាន កាលពីកាលពីព្រឹកថ្ងៃសុក្រទី០៦ ខែវិច្ឆិកា ឆ្នាំ២០២០ ថា ការសាងសង់សំណង់របស់លោក តោ សុវុឌ្ឍី គឺគ្មានច្បាប់អនុញ្ញាត។ លោកថា បរិវេណដីនោះចំណុចខ្លះជាដីមានប្លង់០១ ឯចំណុចខ្លះទៀតជាដីសហគមន៍ព្រៃឈើ ហើយការសាងសង់នោះជាក់ស្តែងកន្លែងខ្លះ បំពានចូលដីសហគមន៍ព្រៃឈើ។ លោកថ្លែងថា លោកគាំទ្រឲ្យមានការវិនិយោគ និងអភិវឌ្ឍន៍ ប៉ុន្តែត្រូវសុំច្បាប់ជាមុនសិន ពិសេសតំបន់នោះវាពាក់ព័ន្ធទៅនឹងប្រភេទដីដែលគួរអនុវត្តន៍តាមគោលការណ៍របស់ជំនាញ។
ឯកឧត្តម វ៉ៅ សុខា អភិបាលរងខេត្តកែបទទួលបន្ទុកដីធ្លីប្រាប់ឲ្យដឹងដែរថា ឯកឧត្តមគាំទ្រឲ្យអនុវត្តន៍តាមច្បាប់ ឬមានវិធានការផ្លូវច្បាប់ចំពោះបុគ្គលដែលបំពាន។
ឯកឧត្តមអភិបាលរងខេត្តបន្តថា ស្វាគមន៍រាល់ការវិនិយោគ ឬអភិវឌ្ឍន៍ស្របតាមនីតិវិធីច្បាប់ ប៉ុន្តែមិនគាំទ្រការអភិវឌ្ឍន៍ ឬវិនិយោគណាដែលផ្ទុយពីច្បាប់ឡើយ ព្រោះវាជាគំរូអាក្រក់សម្រាប់ប្រជាពលរដ្ឋទូទៅ ដូច្នេះបើលោក តោ សុវុឌ្ឍី សាងសង់ក្នុងដែនសហគមន៍ព្រៃឈើបាន ដោយគ្មានច្បាប់អនុញ្ញាតបែបនេះ ចុះប្រជាពលរដ្ឋទូទៅក៏ចង់ធ្វើដូចលោកដែរ។ ឯកឧត្តមសង្កត់ធ្ងន់ថា ឯកឧត្តមចង់បានការចូលរួមអនុវត្តន៍ច្បាប់ គោរពច្បាប់ដោយស្មើភាព និងតម្លាភាព។
ដោយឡែកលោក តោ សុវុឌ្ឍី អាយុ៥៨ឆ្នាំ មានទីលំនៅ ភូមិក្តីចាស់ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញដែលជាម្ចាស់បឹងកាឡូខាងលើត្រូវបានសមត្ថកិច្ចរដ្ឋបាលព្រៃឈើឲ្យធ្វើកិច្ចសន្យានៅចំពោះដែលមានខ្លឹមសារដូចខាងក្រោម ៖
ឈប់ធ្វើការសាងសង់នៅលើដីដែលប៉ះពាល់ដល់ដីសហគមន៍ព្រៃឈើ។
អនុវត្តន៍ឲ្យបាននូវច្បាប់ស្តីពីព្រៃឈើ ចុះថ្ថៃទី៣១ ខែសីហា ឆ្នាំ២០២០។
ប្រសិនបើអនុវត្តន៍ផ្ទុយពីកិច្ចសន្យានេះ សុខចិត្តទទួលខុសត្រូវចំពោះមុខច្បាប់ស្តីពីព្រៃឈើ។ នេះបើយោងតាមលិខិតកិច្ចសន្យាចុះថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២០ ៕