កំពង់ចាម: ក្នុងដំណើរអញ្ជើញចុះពិនិត្យសមិទ្ធផលនានា នៅវត្តព្រះមហោសថសុវណ្ណគីរី បឹងដែង (ហៅវត្តផ្កាឈូកមាស) ស្ថិតនៅក្នុងភូមិបឹងដែង ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០នេះ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច បាននាំយកនូវថវិការបស់សប្បុរសជននានា ចំនួន៨០លានរៀល និង២០០០ដុល្លារអាមេរិក ប្រគេនដល់ព្រះសង្ឃ ដេីម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍន៍វិស័យព្រះពុទ្ធសាសនាឲ្យកាន់តែមានការរីកចម្រើនបន្តទៅទៀត។
ក្នុងពិធីនេះក៏មានការអញ្ជើញចូលរួមពី លោកជំទាវ បណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ឯកឧត្តម អ៊ុនចាន់ដា អភិបាលខេត្តកំពង់ចាម រួមទាំងប្រតិភូអមដំណើរ លោកឧកញ៉ា លោក លោកស្រីថ្នាក់ដឹកនាំ មន្ទីរអង្គភាពពាក់ព័ន្ធជុំវិញខេត្ត និងអាជ្ញាធរមូលដ្ឋាន ព្រមទាំងពុទ្ធបរិស័ទជាច្រើនផងដែរ ។
ឆ្លៀតក្នុងឱកាសនោះដែរ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន មានប្រសាសន៍ថា ដោយសារប្រទេសជាតិយើងមានសុខសន្តិភាព ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ទេីបយេីងមានឱកាសធ្វើបុណ្យកសាងកុសលរួមគ្នា ដូច្នេះសូមឲ្យបងប្អូនប្រជាពលរដ្ឋរួមគ្នាថែរក្សាសុខសន្តិភាពនេះ ឲ្យបានគង់វង្ស ដេីម្បីបន្តការអភិវឌ្ឍន៍ប្រទេសជាតិយើងឲ្យកាន់តែមានការរីកចម្រើនបន្តទៅទៀត។
ជាមួយគ្នានោះ លោកជំទាវកិត្តិសង្គហបណ្ឌិត ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ឲ្យមានការថែទាំសុខភាព ជៀសផុតពីការឆ្លងជំងឺផ្សេងៗ ជាពិសេសការអនុវត្តវិធានការការពារទប់ស្កាត់ចំពោះការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ តាមសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល ឲ្យបានជាប់ជាប្រចាំផងដែរ ៕