​អគ្គិភ័យ​លេប​ត្របាក់​លំនៅឋាន​អស់​៣៥​ខ្នង​នៅ​ស្ទឹងមានជ័យ​

0

​ ​រាជធានី​ភ្នំពេញ ៖ អគ្គិភ័យ​ដ៏​ធំ​មួយ​បាន​លេប​ត្របាក់​លំនៅឋាន​ដែល​សង់​ជាប់​គ្នា​រដឹក​លើ​ផ្ទៃដី មួយកន្លែង ស្ថិតក្នុង​ភូមិ​ទ្រា​២ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ ក្នុង​រយៈពេល​២​ម៉ោង កាលពី​វេលា​ម៉ោងជាង​១១​ព្រឹក​ថ្ងៃទី​២៧ កក្កដា ឆេះ​គ្មាន​សល់ ប៉ុន្តែ​មិនមាន​មនុស្ស​ណា​ម្នាក់​រងគ្រោះ​ក្នុង​ហេតុការណ៍​នេះ​ទេ ខណៈ​ក្មេង​ពីរ​នាក់​ត្រូវបាន​គេ​សង្គ្រោះបាន​ទាន់ពេលវេលា​។​stungmeanchey1a

​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បានឱ្យដឹងថា ដំបូង​គេ​ឃើញ​ផ្សែងខ្មៅ​ខ្មួលខ្មាញ់​ហុយ​ចេញពី​ផ្ទះមួយ​ខ្នង​ធ្វើ​អំពី​ឈើ​ប្រក់ស​ង្ក័​សី ជញ្ជាំង​ឥដ្ឋ និង​បង្កឱ្យមាន​អណ្តាតភ្លើង​បាន​ឆាបឆេះ​ឡើង​សន្ធោសន្ធៅ​ហើយ​អ្នកស្រុក​មិនមាន​លទ្ធភាព​បាញ់​ទឹក​ពន្លត់ភ្លើង​បានឡើយ​បាន ត្រឹមតែ​រត់ រៀងៗ​ខ្លួន​គ្រប់ៗ​គ្នា​។

ការសង់​លំនៅឋាន​សង់​ជាប់​គ្នា​រដឹក​អត់​រៀបរយ​បែបនេះ​បាន​បណ្តាល​ឲ្យ​ភ្លើង​ឆាបឆេះ​រាលដាល​ដល់​លំនៅឋាន​ផ្សេងៗ​ទៀត យ៉ាង​លឿន​សរុប​អស់​៣៥​ខ្នង ទើប​រថយន្ដ​បាញ់​ទឹក​មកជួយ​ពន្លត់​ចុងក្រោយ​តែម្តង​។​ ​អ្នកស្រុក​នៅ​កន្លែងកើតហេតុ​បាន​រិះគន់​ដល់​កងកម្លាំង​សមត្ថកិច្ច នគរបាល​នៃ​ការិយាល័យ​ពន្លត់ និង​បង្ការ​គ្រោះ​អគ្គិភ័យ​រាជធានី​ភ្នំពេញ​ថា ពេលមកដល់​កន្លែងកើតហេតុ​ភា្ល​មៗ នៅ​បង្អង់​សិន​មិន​ប្រញាប់​បាញ់​ពន្លត់​ទេ ទុកឱ្យ​អណ្តាតភ្លើង​ឆាបឆេះ​សន្ធោសន្ធៅ​រាលដាល​ធ្ងន់ធ្ងរ ប៉ុន្តែ ចៅសង្កាត់​ស្ទឹងមានជ័យ លោក សេង សាញ់ មានប្រសាសន៍ថា ដោយសារតែ​ស្ថានភាព​ផ្លូវ​តូចចង្អៀត មិនមាន​ច្រក​សម្រាប់​រថយន្ត​ពន្លត់​អគ្គិភ័យ​ចូល​បាញ់​ទឹក​ពន្លត់​បាន​តាម សម្រួល​ទេ ទើប​អណ្តាតភ្លើង​ឆេះ​រាលដាល​ដល់​លំនៅឋាន​ឆាប់រហ័ស​បែបនេះ ។ stungmeanchey

លោក​និយាយថា ឆេះ​អស់​ផ្ទះ​ចំនួន​៣៥​ខ្នង គឺ​ស្មើនឹង​៦០​គ្រួសារ ។​ ​លោក​វរសេនីយ៍ឯក នេ​ត វ​ន្ថា នាយការិយាល័យ​នគរបាល​ពន្លត់ និង​បង្ការ​គ្រោះមហន្តរាយ​អគ្គិភ័យ​បាន​រៀបរាប់ថា ក្នុង​ឧ​ប្ប​តិ្ត​ហេតុ​ខាងលើនេះ កម្លាំង​របស់លោក​មិនមាន​ចេតនា​ណាមួយ​មិន​ចង់​ជួយសង្គ្រោះ​ប្រជាពលរដ្ឋ ដូច​មតិ​មួយចំនួន​ចោទប្រកាន់​នោះទេ ។

លោក​និយាយថា ដោយសារ​តំបន់​នោះ​ស្មុគស្មាញ​ផ្នែក​ប្រព័ន្ធ​ច្រកចេញចូល​សម្រាប់​រថយន្ដ បាញ់​ទឹក​ពន្លត់ភ្លើង​។ ​លោក នេ​ត វ​ន្ថា បាន​ឲ្យ​ដឹងផង​ដែរ​ថា អគ្គិភ័យ​បានចាប់ផ្តើម​ឆាបឆេះ​ផ្ទះ​ប្រជាពលរដ្ឋ ចាប់ពី​ម៉ោង ១១:៣០ នាទី​ព្រឹក​រហូតដល់​ម៉ោង ១:១០ រសៀល​ទើប​គ្រប់គ្រង​ស្ថានការណ៍​បាន បន្ទាប់ពី​មានការ​អន្តរាគមន៍​ពី​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន ២៧ គ្រឿង ព្រោះ​នៅ​ទីនោះ​ផ្លូវចេញចូល​តូចចង្អៀត ទោះជា​យ៉ាងនេះ​ក្តី កម្លាំង​សមត្ថកិច្ច​បាន​ប្រើប្រាស់​បច្ចេកទេស​ក្នុងការ​សង្គ្រោះ ដោយ​បាញ់​ទឹក​ពន្លត់ភ្លើង​រហូត​ប្រើប្រាស់​ទឹក​អស់​ជាង​៥០​រថយន្ដ​ឯណោះ​។​ ​ក្នុងនោះដែរ គ្រោះ​អគ្គិភ័យ​កន្លងមក បានសម្លាប់​មនុស្ស​៣​នាក់​និង​របួស​៣​នាក់ ។ stungmeanchey1

លោក​ប្រធានការិយាល័យ​ក៏បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​ឱ្យចូល រួម​ប្រុងប្រយ័ត្ន​បញ្ហា​គ្រោះ​អគ្គិភ័យ​នេះ​ឱ្យបាន​គ្រប់ៗ​គ្នា គឺ​ដូចជា​ត្រូវមាន​ឧបករណ៍​បាញ់​ពន្លត់​អគ្គិភ័យ​នៅតាម​លំនៅឋាន​ជាដើម ដើម្បី​បង្ការ​អគ្គិភ័យ​ជាយថាហេតុ ។ ទាក់ទិន​នឹង​មូលហេតុ​នៃ​គ្រោះ​អគ្គិភ័យ​នេះ មិនត្រូវ​បានដឹង​ភ្លាមៗ​ទេ ដោយ​ក្រុមមន្ដ្រី​ឱ្យដឹងថា រង់ចាំ​ធ្វើការ​ស្រាវជ្រាវ​សិន ដើម្បី​រក​មូល​ហេតុដែល​បង្ក​ពិតប្រាកដ ៕