ពិត ជា ឃោរឃៅ ណាស់ អារ ក សម្លាប់ ក្មេង ប្រុស អាយុ ១១ខែនិងដេញកាប់ទាំង សមត្ថកិច្ចទៀតហេីយឆ្លេីយសារភាពថា «មក ពី ខឹង ជ្រុល »

កំពង់ចាម : ពិត ជា ឃោរឃៅ ព្រៃផ្សៃ ណាស់ ដោយ បុរស ម្នាក់ បាន ធ្វើ សកម្មភាព ចាប់ អារ ក សម្លាប់ ក្មួយ ចិញ្ចើម អាយុ ១១ខែ ហេីយដេញ កាប់ទាំង សមត្ថកិច្ច ទៀត ក្រោយ ពី ចាប់ ខ្លួន បាន ជនសង្ស័យ បាន ឆ្លើយ សារភាព យ៉ាង ខ្លី ថា «មកពី ខឹង ជ្រុល » ។ ករណី ឃាតកម្ម នេះ បាន កើត មាន ឡើង កាល ពី វេលាម៉ោង ៦និង ៣០ ព្រលប់ ថ្ងៃ ទី ១៨ ខែវិច្ឆិកា ឆ្នាំ ២០២០ នៅចំណុចវាលស្រែ កំពួយប្រណាំង ស្ថិតក្នុង ភូមិទួលរកា ឃុំរអាង ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។

លោក វរសេនីយ៍ឯក ឯក ប៉ាន់ ដន អធិការ នគរបាល ស្រុក កំពង់សៀម បាន ឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ស្រ៊ីន បូនិន ហៅប៉ូច ភេទប្រុស អាយុ៣៤ឆ្នាំ បាន យក កាំបិត អារ ក សម្លាប់ ក្មេង ប្រុសរងគ្រោះ ឈ្មោះ ប៊ុនថុន សុខចំរើន អាយុ១១ខែ (ត្រូវជាកូន របស់ បង ជន សង្ស័យ សុំគេយកមក ចិញ្ចឹម) អ្នក ទាំង ពីរ មានទីលំនៅ ក្នុង ភូមិទួលរកា ឃុំរអាង ស្រុកកំពង់សៀម ខេត្តកំពង់ចាម។
បន្ទាប់ពីទទួលបានព័ត៌មាន និងបណ្តឹងភ្លាម កម្លាំងសមត្ថកិច្ចជំនាញអធិការដ្ឋាននគរបាលស្រុកកំពង់សៀម ដឹកនាំកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលរអាង និងកម្លាំងប្រជាការពារ សហការជាមួយកម្លាំងសមត្ថកិច្ចជំនាញការិយាល័យកណ្តាលនគរបាលព្រហ្មទណ្ឌខេត្ត សម្របសម្រួល ដោយលោក សុធា ពិសិដ្ឋ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម ចាត់វិធានការជាបន្ទាន់ចុះដល់កន្លែងកើតហេតុ ដេីម្បី ធ្វើការស្រាវជ្រាវរុករកជនសង្ស័យ រហូតដល់វេលាម៉ោង២១និង៣០នាទី សមត្ថកិច្ចបានរកឃើញជនសង្ស័យខាងលើ ដោយគ្រាន់តែឃើញសមត្ថកិច្ចភ្លាម ស្រាប់តែជនសង្ស័យខាងលើបានទាញកាំបិតខ្វែវ ដេញកាប់ សមត្ថកិច្ច បណ្តាលឲ្យត្រូវ ចំខ្នងកម្លាំងប្រជាការពារម្នាក់ ហើយ ក៏ ត្រូវ កម្លាំង ជំនាញ ចាប់ ខ្លួន បាន សម្រេច ។
លោក វរសេនីយ៍ឯក ឯក ប៉ាន់ ដន បាន បញ្ជាក់ ថា ក្រោយ ពី ចាប់ ខ្លួន ជនសង្ស័យ បាន ឆ្លើយ សារភាព យ៉ាង ខ្លី ថា «មក ពី ខឹង ជ្រុល» ទេីប ធ្វើ ដូច្នោះ ។
បច្ចុប្បន្ន ជនសង្ស័យ ត្រូវ បាន បញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកកំពង់សៀម ដើម្បីធ្វើការសួរនាំ និង កសាង សំណុំរឿងតាមនីតិវិធី ច្បាប់ ៕