ភ្នំពេញ ៖ សម្រាប់ប្រទេសកម្ពុជានៅឆ្នាំ២០២០នេះ មានបញ្ហាប្រឈមធំៗចំនួន៣ ប៉ុន្តែទោះបីជាយ៉ាងណាក្តី ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន យើងបានជំនៈ និងដោះស្រាយទទួលបានជោគជ័យ នោះគឺបញ្ហាសំរាម, បញ្ហាទឹកជំនន់ទឹកភ្លៀង និងជម្ងឺកូវីដ-១៩។
ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់បែបនេះ នៅក្នុងពិធីចុះសំណេះសំណាល និងផ្ដល់អំណោយសប្បុរសធម៏ជូនដល់កម្លាំង ប្រជាការពារសណ្ដាប់ធ្នាប់ខណ្ឌចំនួន២ នោះគឺខណ្ឌព្រែកព្នៅ ៥០នាក់ និងខណ្ឌឫស្សីកែវ ៥០នាក់ នាព្រឹកថ្ងៃទី១៩ វិច្ឆិកា ២០២០ ដើម្បីជាការលើកទឹកចិត្តដែលកងកម្លាំងសណ្ដាប់ធ្នាប់របស់យើង បានចូលរួមយ៉ាងសកម្មក្នុងការទប់ស្កាត់នូវបញ្ហាប្រឈមទាំងបីខាងលើនេះ ទទួលបានជោគជ័យ។
ចំពោះបញ្ហាប្រឈម៣ ដែលបានលើកឡើងនេះ ឯកឧត្ដម ឃួង ស្រេង បានបញ្ជាក់ថា បញ្ហាទី១៖ គឺបញ្ហាសំរាម ដោយសារតែកម្មករក្រុមហ៊ុនស៊ីនទ្រីធ្វើកូដកម្ម មិនព្រមប្រមូលសំរាម នៅក្នុងរាជធានីភ្នំពេញ ហើយក្នុងខណៈនោះ ក្រោមការដឹកនាំរបស់សម្ដេចតេជោ ក្រសួងមហាផ្ទៃ បានសម្រេចបញ្ចេញនូវកម្លាំងចម្រុះ ដើម្បីធ្វើការប្រមូលសំរាមនៅក្នុងរាជធានីភ្នំពេញ ក្នុងនោះប្រជាការពារជាកម្លាំងស្នូល ក្នុងកិច្ចប្រតិបត្តិការ នៃការប្រមូលសំរាមនេះ រហូតយើងទទួលបានលទ្ធផលជោគជ័យ ដោយក្នុងមួយថ្ងៃ យើងអាចប្រមូលសំរាមបានរហូតដល់៣ពាន់តោន។
ចំណែកបញ្ហាប្រឈមទី២៖ គឺបញ្ហាទឹកជំនន់ដែលបានជន់លិចរាជធានីភ្នំពេញ និងនៅតាមបណ្ដាខេត្តមួយចំនួនទៀត។ ប៉ុន្តែបញ្ហាប្រឈមនេះត្រូវបានដោះស្រាយទទួលបានជោគជ័យផងដែរ ដោយសារតែយើងបានប្រើប្រាស់នូវកម្លាំងសរុបមានទាំងកងកម្លាំងប្រដាប់អាវុធ និងកម្លាំងស៊ីវិលរួមសហការគ្នា ដោយបានជម្លៀសប្រជាពលរដ្ឋមកកាន់ទីទួលសុវត្ថិភាព ជាមួយនឹងការផ្ដល់ជាស្បៀងអាហារជូនពួកគាត់គ្រប់គ្រាន់ផងដែរ។
ដោយឡែក ចំពោះបញ្ហាប្រឈមទី៣៖ គឺព្រឹត្តិកាលថ្ងៃទី០៣វិច្ឆិកា ដែលប្រទេសកម្ពុជាបានប្រឈមនឹងជំងឺកូវីដ-១៩ ក្នុងនោះក្រោមការដឹកនាំរបស់សម្ដេចតេជោ យើងបានគ្រប់គ្រងបញ្ហាកូវីដ-១៩នេះ ទទួលបានជោគជ័យ ដោយមិនបានធ្វើឱ្យរាលដាលដល់សហគមន៍នោះទេ។
សូមបញ្ជាក់ថា ការចែកអំណោយជូនទៅដល់កម្លាំងសណ្ដាប់ធ្នាប់ទាំងពីរខណ្ឌខាងលើនេះ ក្នុងលោកម្លាំងសណ្តាប់ធ្នាប់ម្នាក់ ទទួលបានអង្ករ ២៥គីឡូក្រាម មី ទឹកបរិសុទ្ធ ទឹកត្រី ទឹកស៊ីអ៊ី ជាមួយនឹងការចែកម៉ាស ជូនពួកគាត់ផងដែរ។
សកម្មភាពទាំងនេះ ធ្វើឡើង ដើម្បីជាការលើកទឹកចិត្តដូចជាការតបស្នងចំពោះ កងកម្លាំងសណ្ដាប់ធ្នាប់ខណ្ឌទាំងអស់ ដែលបានយកអស់កម្លាំងកាយចិត្តទាំងការថែរក្សាសណ្ដាប់ធ្នាប់ សន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។
ប៉ុន្តែទោះបីជាយ៉ាងណាក្តី ក្នុងឱកាសនោះដែរឯកឧត្ដម ឃួង ស្រេង ក៏បានសូមឱ្យកម្លាំងមានសមត្ថកិច្ចផ្សេងទៀតកុំច្រណែន ដោយសារតែកម្លាំងប្រជាការពារ ប្រាក់ខែរបស់គាត់នៅមានកំរិត ពោលគឺបានតែ ៦៧រៀលម៉ឺនប៉ុណ្ណោះក្នុង១ខែ៕