​ក្រុម​ហា​ម៉ាស​ព្រមអោយ​មាន​បទ​ឈប់​បាញ់​ថ្មី​មួយទៀត

0

​ក្រុម​ហា​ម៉ា​សបាន​ព្រមអោយ​មាន​បទ​ឈប់​បាញ់​ថ្មី​រយៈពេល​២៤​ម៉ោង ចាប់ពី ម៉ោង​២​រសៀល ដល់​ម៉ោង​១៤​ថ្ងៃទី​២៨​ខែកក្កដា​ណ ក្រុម​ហា​ម៉ាស​ទើបតែ​បដិសេធ​មិន​ពន្យារពេល បទ​ឈប់​បាញ់ ជាមួយ​កងទ័ព​អ៊ីស្រាអែល​ប៉ុណ្ណោះ​។ ការបាញ់​រ៉ុ​ក​កែ​តរបស់ ក្រុម​ហា​ម៉ាស បានធ្វើអោយ​

អ៊ីស្រាអែល​បន្ត​ប្រតិបត្តិការ​យោធា នៅ​តំបន់​ហ្កា​ហ្សា នៅ​ព្រឹក​ថ្ងៃអាទិត្យ​នេះ​។ ជិត​៣​សប្តាហ៍​មកនេះ តួលេខ​ជនរងគ្រោះ​ក្នុងការ​ប្រយុទ្ធ​រវាង​ទ័ព​អ៊ីស្រាអែល និង​ក្រុម​ហា​ម៉ាស បាន​ឡើងដល់​១ ០៥០​នាក់​ហើយ ភាគច្រើន​ជា​ជន​ស៊ីវិល​ប៉ា​ឡេ​ស្ទី​ន​។​ ​បទ​ឈប់​បាញ់​មនុស្សធម៌ ដាក់ចេញ​នៅ​ហ្កា​ហ្សា តាំងពី​ម៉ោង​៨ ព្រឹក​ថ្ងៃ​សៅរ៍​ម្សិលមិញ មាន​ពេល​មិន​ដល់​២៦​ម៉ោង​ទេ​។ ដំបូង​ឡើយ អ៊ីស្រាអែល​ព្រម​ពន្យារពេល​បទ​ឈប់​បាញ់​ទៀត តែ​ក្រុម​ហា​ម៉ាស​ទាត់ចោល ព្រោះថា យោធា​អ៊ីស្រាអែល​មិនបាន​ដកថយ​ចេញពី​តំបន់​ហ្កា​ហ្សា​ទេ​។

ក្រុម​ហា​ម៉ាស​ដាក់​លក្ខខណ្ឌ​ដាច់ខាត ថា​ព្រម​ឈប់​ប្រយុទ្ធប្រឆាំង​អ៊ីស្រាអែល លុះត្រាតែ​អ៊ីស្រាអែល​ឈប់​បិទ​ខ្ទប់​តំបន់​ហ្កា​ហ្សា​ទៀត​។ ​ប៉ុន្តែ ថ្ងៃអាទិត្យ​នេះ ក្រោយ​យោធា​អ៊ីស្រាអែល​បន្ត​ប្រតិបត្តិការ នៅ​ហ្កា​ហ្សា បាន​បន្តិច ក្រុម​ហា​ម៉ា​សបាន​ប្តូរ​ចិត្ត​វិញ ដោយ​ព្រមអោយ​មាន​បទ​ឈប់​បាញ់​ថ្មី​មួយទៀត មាន​រយៈពេល​២៤​ម៉ោង គិត​ចាប់ពី​ម៉ោង​២​រសៀល​ក្នុងស្រុក​ថ្ងៃអាទិត្យ​នេះ​ទៅ​។ ក្រុម​ហា​ម៉ាស​ប្រាប់ថា ព្រម​ដូច្នេះ ដោយសារ​ចង់អោយ​ប្រជាជន​ប៉ា​ឡេ​ស្ទី​ន​បាន​បិទ​បញ្ចប់​បុណ្យ​សាសនា​រ៉ា​ម៉ា​ដង់​។ ​

ល្បែង​នៃ​បទ​ឈប់​បាញ់​រវាង​ក្រុម​ហា​ម៉ាស និង​យោធា​អ៊ីស្រាអែល ស​បង្ហាញ​ពី​បរាជ័យ​របស់​សហគម​ន៍​អន្តរជាតិ ក្នុង​ការរក​ដំណោះស្រាយ​ជម្លោះ​អ៊ីស្រាអែល​-​ប៉ា​ឡេ​ស្ទី​ន​។ ម្សិលមិញ ក្នុង​កិច្ចប្រជុំ​អន្តរជាតិ​នៅ​ក្រុងប៉ារីស ក្រោម​វត្តមាន​ប្រមុខ​ការទូត​អាមេរិក​ឃែ​រ​រី ប្រមុខ​ការទូត​កាតា និង​ប្រមុខ​ការទូត​អឺរ៉ុប​ច្រើន​ប្រទេស​នោះ ភាគី​ប្រជុំ​ទាំងអស់​រក​មិនបាន​ដំណោះស្រាយ​អ្វី​ជាក់ស្តែង​ទេ បានត្រឹមតែ​អំពាវនាវ​អោយ​ពន្យារពេល​បទ​ឈប់​បាញ់​ប៉ុណ្ណោះ​។ ​ដោយឡែក ម្សិលមិញ ក្រុម​ហា​ម៉ាស​បានប្រកាសថា ខ្លួន​ស្វាគមន៍​អោយមាន​អន្តរាគមន៍​ពី​សំណាក់​ប្រទេស​ក្នុង​តំបន់ រឺក៏​អន្តរាគមន៍​អន្តរជាតិ ដើម្បី​ទប់ស្កាត់​ការឈ្លានពាន​របស់​អ៊ីស្រាអែល​លើ​ប៉ា​ឡេ​ស្ទី​ន និង​ដើម្បី​រុញអោយ​អ៊ីស្រាអែល​ឈប់​បិទ​ខ្ទប់​តំបន់​ហ្កា​ហ្សា​ទៀត​៕