ភ្នំពេញ ៖ បុរសម្នាក់ បានបែកក្បាលធ្លាយខួរ និងធ្លាយគ្រឿងក្នុងចេញមក ស្លាប់យ៉ាងអាណោចអធម្ម ខណៈជិះម៉ូតូវ៉ាជែងរថយន្ត តែមិនផុត ក៏ចាប់ហ្វ្រាំងដួលចូលក្រោយរថយន្តបែនដឹកកំទិចថ្មកិន កាលពីវេលាម៉ោង៧នឹង២០នាទីព្រឹក ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ មុខសាលាមីគីវេ តាមបណ្តោយផ្លូវ៣០ម៉ែត្រ ស្ថិតក្នុងដំណាក់ត្រយឹង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ។
បុរសដែលបានស្លាប់មានឈ្មោះ អឿន ចិន្តា អាយុ២៩ឆ្នាំ មុខរបរ ជួសជុលទូរស័ព្ទ ស្នាក់បុរីសន្តិភាព២ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល ជិះម៉ូតូម៉ាក PCX ពណ៍ស ពាក់ស្លាកលេខ ភ្នំពេញ 1IG .0193 ចំណែករថយន្តបែនដឹកកំទិចថ្ម ពាក់ស្លាកលេខ ភ្នំពេញ 3E .2156 ដោយអ្នកបើករថយន្តគេចខ្លួនបាត់។
ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា ម៉ូតូនិងរថយន្តបែន ជិះស្របទិសគ្នា តាមបណ្តោយផ្លូវ៣០ម៉ែត្រ ទិសដៅពីលិចទៅកើត ខណៈមកដល់ចំណុចកើតហេតុ ម៉ូតូបំណងវ៉ាជែងរថយន្តតែមិនផុត ក៏បានចាប់ហ្វ្រាំងអូសប្រមាណ១០ម៉ែត្រ ដួលចូលក្រោមកង់រថយន្តបែន បណ្តាលឲ្យកិនស្លាប់បែកក្បាលធ្លាយខួរ និងចេញគ្រឿងក្នុងចេញមកខាងក្រៅ យ៉ាងអាណោចអាធ័មបំផុត ចំណែកអ្នកបើករថយន្តឃើញសភាព ដូច្នេះក៏បើកទ្វាររថយន្តគេចខ្លួនបាត់។
ប្រជាពលរដ្ធបានរាយការណ៍ទៅសមត្ថកិច្ចឲ្យមកអន្តរាគមន៍សម្រួលចរាចរណ៍ និងទំនាក់ទំនងជំនាញមកធ្វើការវាស់វែង យកវត្ថុតាងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក ដើម្បីចាត់ការតាមនីតិវិធី ចំណែកសពត្រូវបានសមត្ថកិច្ចទំនាក់ទំនងក្រុមគ្រួសារឲ្យយកមកធ្វើបុណ្យតាមប្រពៃណី៕