ឯកឧត្តមឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី៖​ រាជរដ្ឋាភិបាល​​បានគិតគូយ៉ាងច្បាស់លាស់ពីសារៈសំខាន់​ នៃវិស័យសន្តិសុខស្បៀង អាហារូបត្ថម្ភ

កំពង់ចាម​:​ ​ឯកឧត្តមឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៏វិស័យកសិកម្ម និង​ជនបទ មានប្រសាសន៏ថា រាជរដ្ឋាភិបាល​កម្ពុជា​បានគិតគូយ៉ាងច្បាស់លាស់ពីសារៈសំខាន់​ នៃវិស័យសន្តិសុខស្បៀង អាហារូបត្ថម្ភ ដែលជាកត្តាមិនអាចខ្វះបានក្នុងការអភិវឌ្ឍន៏មូលធនមនុស្សសម្រាប់អភិវឌ្ឍន៏ប្រទេសជាតិ និងសង្គមរបស់យើង។​ ការ​ថ្លែង​យ៉ាង​ដូច្នេះ​ក្នុង​ឱកាស​ប្រារព្ធ​ទិវាជាតិអាហារូបត្ថម្ភលើកទី៧ ក្រោមប្រធានបទ ”ការពង្រឹងប្រព័ន្ឋស្បៀង ដើម្បីរបបអាហារសុខភាព”​ នៅសាលប្រជុំសាលាខេត្តកំពង់ចាម កាលពីព្រឹកថ្ងៃទី២៥ ខែវិច្ឆិការ ឆ្នាំ២០២០​ ។ 

មាន​ប្រសាសន៍​ក្នុង​ពិធី​​នោះ​​ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី យឹម​ ឆៃលី​ បានអំពាវនាវដល់គ្រប់ស្ថាប័នពាក់ព័ន្ឋ ដៃគូអភិវឌ្ឍន៏ អង្គការសង្គមស៊ីវិល និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវពង្រឹងពង្រីកយុទ្ឋនាការអប់រំផ្សព្វផ្សាយទិវាជាតិអាហារូបត្ថម្ភ​ ដើម្បីឲ្យប្រជាពលរដ្ឋឲ្យចូលរួម​ ផលិតគ្រប់មុខដំណាំជាលក្ខណៈគ្រួសារ និងសហគមន៏ សាលារៀន វត្តអារាម​។ ជម្រុញការចិញ្ចឹមសត្វឲ្យកាន់តែទូលំទូលាយ និងមាននិរន្តរភាព​។ បង្កើនការការពារ និងអភិរក្សធនធានជលផល​ ព្រមទាំង​ជម្រុញការអភិវឌ្ឍវារីវប្បកម្ម និងលើកទឹកចិត្តឲ្យប្រជាពលរដ្ឋបរិភោគអាហារធម្មជាតិចម្រុះ​ ដែលសម្បូរសារធាតុចិញ្ចឹម ដើម្បីទទួលបានអាហារូបត្ថម្ភល្អ និងមានសុខភាពល្អផងដែរ​ ។ 

ក្នុង​ឱកាស​នោះ​ដែរ​ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ ​និងនេសាទ មានប្រសាសន៏ថា សម្តេចតេជោនាយករដ្ឋមន្ត្រីបានដាក់ចេញនូវទំនើបកម្មកសិកម្ម ក្នុងនោះក្រសួងកសិកម្មត្រូវប្រឹងប្រែងក្នុងការពង្រឹងសន្តិសុខស្បៀង ដោយបានដាក់ចេញនូវយុទ្ឋសាស្ត្រនានា​ ដើម្បីបង្កើនការផលិតស្បៀង ដែល​ក្នុងឆ្នាំ២០១៩ កន្លងទៅនេះកម្ពុជា  ផលិតស្រូវបានជាង១០លានតោន​ និងសល់ស្រូវប្រមាណ៥លានតោន​ សម្រាប់ការនាំចេញ។ ជាមួយនោះ ក្រសួងកសិកម្មក៏បានជម្រុញការផលិតបន្លែសុវត្ថិភាព​ និង​ការចិញ្ចឹមសត្វផងដែរ។

ជាមួយ​គ្នា​នោះ​ ឯកឧត្តម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្ត​កំពង់ចាម​ បានឲ្យដឹងថា​ សម្រាប់កម្មករ-កម្មការិនី ទទួលបាននូវអត្ថប្រយោជន៍ពីគោលនយោបាយគាំពារសង្គម គិតត្រឹមចុងខែវិច្ឆិកា ឆ្នាំ២០២០នេះ កម្មការិនីដែលសម្រាលកូន មានចំនួន៤.៣៦១នាក់ ដោយក្នុងនោះបានទទួលថវិកាគោលនយោបាយ ចំនួន៤.២៤៨នាក់ និងកំពុងរៀបចំឯកសារទទួល​បន្ថែម​ទៀត បើគិតចាប់ពីពេលដំណើរការអនុវត្តគោលនយោបាយគាំពាសង្គ​ មក្នុងឆ្នាំ២០១៨ មកទល់ពេលនេះ មានកម្មyការិនីសម្រាលកូន សរុប​ចំនួន១៥.៩៦៦នាក់​ ៕