ស្រុកសៀមប៉ាង រៀបចំវេទិការ ផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត ជាមួយប្រជាពលរដ្ឋ

ខេត្តស្ទឹងត្រែង៖ ក្នុងវេទិការ ផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្ត ដែលប្រព្រឹត្តទៅ នាព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ កន្លងទៅ  មានប្រជាពលរដ្ឋ និងមន្រ្តីពាក់ព័ន្ធ ចំនួន៣៣៦នាក់ចូលរួម ដើម្បី ឆ្លើយតប ដោះស្រាយ សំណូមពរ និង ក្តីកង្វល់ បញ្ហាប្រឈម  នានា ក្នុងស្រុក សៀម  ប៉ាង ខេត្តស្ទឹងត្រែង។

  ការរៀបចំវេទិការ ផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្ត ជាមួយប្រជាពលរដ្ឋ ក្រោមអធិបតីភាព ឯកឧត្តម ផៃ ប៊ុនឈឿន រដ្ឋលេខាធិការប្រចាំការក្រសួងបរិស្ថាន និងជាប្រធាន ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្ទឹងត្រែង ឯកឧត្តម ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត លោក ស៊ី សួន អភិបាលរងខេត្ត តំណាងឱ្យឯកឧត្តម អភិបាលខេត្ត។

ឯកឧត្តម ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត មានប្រសាសន៍ថា ពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្ត ក្នុងគោលបំណងដើម្បីឲ្យប្រជាពលរដ្ឋស្តាប់នូវរបាយការណ៍ស្តីពីសមិទ្ធផលដែលអាជ្ញាធរខេត្តសម្រេចបាន និងផែនការសកម្មភាពសម្រាប់អនុវត្តនៅឆ្នាំបន្តបន្ទាប់ទៀត របស់រដ្ឋបាលខេត្ត    

     ឯកឧត្តម ឈាង ឡាក់ បានបញ្ជាក់ថា÷ កម្មវិធីនេះក៏បើកឱកាសផ្តល់ជូនដល់ប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធទាំងអស់បានបញ្ចេញមតិរបស់ខ្លួនពាក់ព័ន្ធនឹង ក្តីកង្វល់សំណូមពរ និងតម្រូវការជាក់ស្តែងក្នុងមូលដ្ឋានដើម្បីឲ្យអាជ្ញាធរដែនដី និងសមត្ថកិច្ចពាក់ព័ន្ធធ្វើការដោះស្រាយនិងឆ្លើយតបរាល់តម្រូវការទាំងនោះ។ 

  ក្នុងវេទិការ ពិគ្រោះយោបល អ្វីជាការសំណូមពរ របស់ប្រជាពលរដ្ឋ គឺបញ្ហា កង្វះ អគ្គិសនី ប្រើប្រាស់ ផ្លូវថ្នល់ ការវិវាទដីធ្លី និងមណ្ឌលសុខភាព ជាកក្តាចម្បង ដែលប្រជាពលរដ្ឋចង់បាន។

  ខណៈមានការសំណូមពរពីសំណាក់ប្រជាពលរដ្ឋ អាជ្ញាធរខេត្តបានទទួលយក ដោយចាត់ឱ្យមន្រ្តីពាក់ព័ន្ធរៀបចំជារបាយការណ៍ ធ្វើការសិក្សា និងធ្វើការដោះស្រាយនូវក្តីកង្វល់ សំណូមពរ និងតម្រូវការជាក់ស្តែងក្នុងមូលដ្ឋាន។

  គូសបញ្ជាក់ផងដែរថា នាឆ្នាំ២០១៩ ការសំណូមពររបស់ប្រជាពលរដ្ឋមានចំនួន៣៧ករណី នៅស្រុកសៀមប៉ាង ហើយបានដោះស្រាយរួចរាល់ចំនួន៣៤ករណី នៅសល់៣ករណីទៀត ដែលរដ្ឋបាល ខេត្តកំពុងបន្តដោះស្រាយជូនមូលដ្ឋាន។

  នៅក្នុងឆ្នាំ២០១៩ដដែល ជាលទ្ធផល៩៦% នៃយោបលជាសំនួរ សំណូមពរ និងបញ្ហាប្រឈម ដែលបានលើកឡើងក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត ត្រូវបានដោះ ស្រាយនិងកំពុងដោះស្រាយ បញ្ហាទាក់ទងនិងការគ្រប់គ្រង និងការផ្តល់សេវាសាធារណៈ នានា មានចំនួនច្រើនជាងគេ ដល់ទៅ៧០% នៃបញ្ហាប្រឈមសរុប ហើយភាគច្រើនជាសំណើរសុំសាងសង់ផ្លូវ ស្ពាន អគារ សាលារៀន មណ្ឌលសុខភាព អណ្តូងស្នប់ ទឹកស្អាត និងបណ្តាញអគ្គិសនី៕