អាវុធកែច្នៃ ដែលបានបំផ្លាញសត្វព្រៃអស់ជាច្រើនក្បាលនៅក្នុងដែនជម្រកសត្វព្រៃសៀមប៉ាង និងនៅក្នុងឧទ្យានជាតិវរៈជ័យ ត្រូវបានធ្វើការដុតកម្ទេចចោល ក្នុងស្នាក់ការឧទ្យានជាតិស្រុកសៀមប៉ាង

ខេត្តស្ទឹងត្រែង៖នារសៀលថ្ងៃទី២៦វិច្ឆិកា អាវុធកែច្នៃខុសច្បាប់២៥៦ដើម និងឧបករណ៍អន្ទាក់សត្វច្រើនសម្រាប់ទៀត ត្រូវបានដុតកម្ទេចចោល ពីសំណាក់ឯកឧត្តម ផៃ ប៊ុនឈឿន រដ្ឋលេខាធិការប្រចាំការក្រសួងបរិស្ថាន និងចូលរួមជាកិត្តិយស ពីសំណាក់ឯកឧត្តម ឈរ រតនៈអគ្គាធិការក្រសួងបរិស្ថាន អភិបាលរងខេត្ត អភិបាលស្រុក និងតំណាងអង្គការការពារសត្វស្លាប «Bird Life»ប្រចាំកម្ពុជា មន្ត្រីបរិស្ថាន សិស្សានុសិស្ស និងកងកម្លាំងទាំង៣ នៅក្នុងស្រុកសៀមប៉ាង ផងដែរ ។

 លោក អេង ភិរ៉ុង ប្រធានមន្ទីរបរិស្ថានខេត្តស្ទឹងត្រែង បានឲ្យដឹងថាៈ កន្លងមក មន្ទីរបរិស្ថានខេត្ត បានបង្ក្រាប ដកហូត និងការប្រមូលវត្ថុតាងបទល្មើស ពីក្នុងតំបន់ការពារព្រៃធម្មជាតិទាំងអស់ក្នុងដែនជម្រកសត្វ ដែលការពារដោយមន្រ្តីឧទ្យានុរក្ស ក៏ដូចជាអនុវត្តតាមច្បាប់ស្តីពីតំបន់ការពារធនធានធម្មជាតិ និងដោយមានការចង្អុលបង្ហាញពីថ្នាក់ដឹកនាំក្រសួងបរិស្ថាន រួមទាំងថ្នាក់ដឹកនាំខេត្តផងនោះ ទើបក្រុមការងារ បានធ្វើការបង្រ្កាប និងដកហូតបានអាវុធកែច្នៃ ខ្សែអន្ទាក់ដាក់សត្វ ឧបករណ៍ឆក់ មងទាក់សត្វ បានយ៉ាងច្រើន និងយកមកធ្វើការដុតកម្ទេចចោលនាពេលនេះ ។ឯកឧត្តម ផៃ ប៊ុនឈឿន រដ្ឋលេខាធិការប្រចាំការក្រសួងបរិស្ថាន បានមានប្រសាសន៍ថាៈក្រសួងបរិស្ថានមានតួនាទីក្នុងកិច្ចគាំពារ និងអភិរក្សជីវៈចម្រុះ និងការរស់នៅដោយចិរភាព ហើយចំពោះការដុតបំផ្លាញចោលនូវអាវុធកែច្នៃ និងឧបករណ៍បំផ្លាញសត្វព្រៃទាំងនេះ គឺមិនមែនជាការបង្អួត ឬគម្រាមដល់ប្រជាពលរដ្ឋនោះទេ គឺចង់បង្ហាញថា នេះជាមនសិការ ក្នុងការបំផ្លាញចោលនូវអាវុធកែច្នៃខុសច្បាប់ ដែលពាក់ព័ន្ធនឹងការប្រព្រឹត្តបទល្មើស ក្រោយមន្ត្រីឧទ្យានុរក្សយើងធ្វើការបង្រ្កាប និងដកហូតបាន ព្រោះវាមិនត្រឹមតែអាចសម្លាប់សត្វព្រៃប៉ុណ្ណោះទេ តែវាក៏អាចសម្លាប់មនុស្សបានដែរ ។ ឯកឧត្តម រដ្ឋលេខាធិការក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ នៅក្នុងស្រុកសៀមប៉ាងទាំងអសើផងដែរ គឺសូមឲ្យមានការភ្ញាក់រលឹកនិងត្រូវប្រគល់អាវុធកែច្នៃខុសច្បាប់ឯទៀត បើសិនជាមាននៅសល់ ជូនដល់មន្រ្តីជំនាញ ដើម្បីជាការចូលរួមក្នុងសកម្មភាពបញ្ឈប់ការបរបាញ់សត្វ នឹងរក្សានូវសម្បត្តិធនធានធម្មជាតិរបស់យើងឡើងវិញ ។ឯកឧត្តម ក៏បានជម្រុញដល់មន្រ្តីឧទ្យានុរក្សទាំងអស់ត្រូវបង្កើនការយកចិត្តទុកដាក់ ក្នុងកិច្ចគាំពារ ក៏ដូចជាថែរក្សាធនធានធម្មជាតិ ឲ្យបានល្អទ្វេរឡើង ។