ភ្នំពេញ៖ ស្នងការនគរបាលរាជធានីភ្នំពេញលោកឧត្តមសេនីយ៍ ស ថេត បានឲ្យដឹងនៅរសៀលថ្ងៃទី០១ ខែធ្នូ នេះថា នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានសម្រេចឲ្យផ្អាកការផាកពិន័យចរាចរណ៏ ពិនិត្យជាតិអាល់កុល រយៈពេល១៥ថ្ងៃ ដោយគ្រាន់តែធ្វើការសម្រួលចរាចរជូនប្រជាពលរដ្ឋតែប៉ុណ្ណោះ រង់ចាំសេចក្តីសម្រេចជាថ្មី។
លោកឧត្តមសេនីយ៍ ស ថេត បញ្ជាក់ថា ដោយទទួលបានសេចក្តីណែនាំពីនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន ក្នុងរយៈពេល១៥ថ្ងៃ ការអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោក សុំឲ្យផ្អាកធ្វើការផាកពិន័យជាបណ្ដោះអាសន្នក្នុងរយៈពេល១៥ថ្ងៃសិន ក្រោយថ្ងៃ១៥ ថ្ងៃឬ១៦ថ្ងៃនឹងពិចារណាជាថ្មីឡើងវិញ ប៉ុន្តែក្នុងរយៈពេលនេះ គ្រាន់តែធ្វើការសម្រួលការចរាចរណ៍ជូនប្រជាពលរដ្ឋ ដែលធ្វើដំណើរនៅក្នុងរាជធានីភ្នំពេញតែប៉ុណ្ណោះ។
មានន័យថា ធ្វើការសម្រួលចរាចរណ៍នៅពេលថ្ងៃ និងពេលយប់។ ចំណែកការឆែកជាតិអាកុលនៅពេលយប់ ក៏ផ្អាកជាបណ្ដោះអាសន្នដែរ។
ជាមួយគ្នានោះ លោកឧត្តមសេនីយ៍ ស ថេត បានស្នើឲ្យថ្នាក់ដឹកនាំស្នងការរងទទួលបន្ទុបតាមខណ្ឌ ធ្វើការណែនាំទៅគោលដៅចរាចរណ៍ ឬគោលដៅខណ្ឌទាំង១៤ អនុវត្តតាមស្មារតី នៃសេចក្តីណែនាំ ដែលរបស់នាយឧត្តមសេនីយ៍អគ្គស្នងការនគរបាលជាតិ ឲ្យមានប្រសិទ្ធភាព ចាប់ពីម៉ោងនេះតទៅ ហើយរងចាំក្រោយថ្ងៃទី១៦ ទទួលបទបញ្ជាសារជាថ្មី។
ទោះជាយ៉ាងណា លោកឧត្តមសេនីយ៍ ស ថេត មិនបានបញ្ជាក់ថា បទបញ្ជានេះ នឹងត្រូវធ្វើទូទាំងប្រទេស ឬយ៉ាងណានោះទេ៕