រដ្ឋបាលក្រុងព្រះសីហនុណ នៅតែបន្តចុះរៀប ចំសណ្តាប់ធ្នាប់តាមទីប្រជុំជន

ខេត្តសីហនុ៖ នាពេលបច្ចុប្បន្នក្រុងព្រះសីហនុមានការអភិវឌ្ឍរីកចម្រើន គួរឲ្យកត់សម្គាល់។ ទន្ទឹមនឹងនោះ ចំពោះមធ្យោបាយ យានយន្ត ការលក់ដូរ ក៏មានការកើនឡើងច្រើន ដូនេះទាមទារឲ្យការចតយានយន្ត និងការ លក់ដូរគ្រប់ប្រភេទមិនត្រូវយកចិញ្ចើមផ្លូវសាធារណៈដើម្បីបម្រើជាកន្លែងចំណតរថយន្តនិងប្រកបអាជីវកម្មផ្សេងៗដែលបង្កឲ្យបាត់នូវសោភ័ណភាពនិងការកកស្ទះចរាចរណ៍បង្កទៅមានករណីគ្រោះថ្នាក់ចរាចរណ៍ជាដើម ជាពិសេសនៅតាម ទីប្រជុំជនផ្សារ ដូចជាផ្សារពាណិជ្ជកម្ម ផ្សារលើ ផ្សារឃ្លាំងលើ ផ្សារទំនប់រលក និងតំបន់ ផ្សារញូស្តាជាដើម។
.លោក អ៊ី សុខឡេង អភិបាលក្រុងព្រះសីហនុបានឲ្យដឹងថា ដោយមានការយកចិត្តទុកដាក់ពីអាជ្ញាធរ ខេត្ត និងអាជ្ញាធរក្រុង ក្នុងការរៀបចំសណ្តាប់ធ្នាប់ គឺនៅតាមគោលដៅនីមួយៗ បានដាក់កម្លាំងប្រជាការពារ សណ្ដាប់ធ្នាប់ក្រុងធ្វើយ៉ាងណាអប់រំផ្សព្វផ្សាយទៅដល់ប្រជាពលរដ្ឋដែលយកចំណីផ្លូវសាធារណៈរបស់រដ្ឋមកប្រកបអាជីវកម្មផ្សេងៗដែលបង្កឲ្យបាត់នូវសោភ័ណភាពបង្កការកកស្ទះចរាចរណ៍និងគ្រោះថ្នាក់ចរាចរណ៍កើតឡើងជាយថាហេតុខណៈពេលដែលបងប្អូនបានយកចំណីផ្លូវចិញ្ចឹមផ្លូវមកប្រកបអាជីវកម្ម។ដូចនេះបើមិនស្ដាប់ការណែនាំរបស់អាជ្ញាធរ ក្រុមការងាររបស់ក្រុង នឹងធ្វើការដកហូតនូវសម្ភារនិងមធ្យោបាយយានយន្តគ្រប់ប្រភេទ ដែលបានចតនៅលើចិញ្ចើមផ្លូវសាធារណៈតាមទីប្រជុំជនផ្សារយកមកសាលាក្រុងដើម្បីរក្សាទុករយៈពេលមួយសប្តាហ៍ជាការព្រមាន និងធ្វើកិច្ចសន្យា បញ្ឈប់សកម្មភាពរបស់ខ្លួន។
លោកអភិបាលក្រុង ក៏បានអំពានាវឱ្យចូលរួមជាមួយនឹងអាជ្ញាធរ ក្នុងការរៀបសណ្ដាប់ធ្នាប់ ដើម្បី ផល ប្រយោជន៍រួម ព្រោះក្រុងព្រះសីហនុនាពេលបច្ចុប្បន្នកំពុងមានការអភិវឌ្ឍរីកចម្រើន ផ្លូវទាំង ៣៤ ខ្សែបាន ស្ថាបនារួចរាល់ផ្នែកបេតុង និង បន្តស្ថាបនាក្រាលកៅស៊ូក្នុងកំលុងដើមខែធ្នូខាងមុខនេះផងដែរ។
.លោកអភិបាលក្រុងក៏បានបន្តទៀតថាក្រុងព្រះសីហនុគឺជាក្រុងទេសចរណ៍ ដូចនេះទាមទារឲ្យ មានការ ចូលរួមពីប្រជាពលរដ្ឋដែលប្រកបរបរអាជីវកម្មផ្សេងៗចូលរួមជាមួយនឹងអាជ្ញាធរក្រុងក្នុងការរក្សានូវសណ្ដាប់ធ្នាប់សោភ័ណភាពបរិស្ថានល្អ ស័ក្តិសមទៅនឹងទីក្រុងទេសចរណ៍ធម្មជាតិ មានឆ្នេរសមុទ្រសល្អស្អាត ទឹកសមុទ្រខៀវស្រងាត់ និងជាតារារះនាទិសនិរតី៕