ខេត្តតាកែវ៖ នៅព្រឹកថ្ងៃអាទិត្យ ៦រោច ខែមិគសិរ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី០៦ ខែ ធ្នូ ឆ្នាំ២០២០ លោក ឧត្តមសេនីយ៍ត្រី ឆឹង រតនៈ ស្នងការរង ទទួលផែនការងារធនធានមនុស្ស តំណាងដ៏ខ្ពង់ខ្ពស់លោក ឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ អមដំណើរដោយក្រុមការងារស្នងការដ្ឋាននគរបាលខេត្ត លោកអធិការ អធិការរង នៃអធិការដ្ឋាននគរបាលស្រុកបូរីជលសារ អញ្ជើញគោរពវិញ្ញាណក្ខន្ធ និងប្រគល់ថវិកាសមាគមមិត្តនគរបាលជាតិកម្ពុជាចំនួន ៦.០០០.០០០រៀល (ប្រាំមួយលានរៀល)ថវិកាលោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្ត ចំនួន៥០០.០០០៛ (ហាសិបមុឺនរៀល) អង្ករ ០២បាវ ១០០គីឡូក្រាម គ្រឿងឧបភោគបរិភោគមួយចំនួន និងថវិកាក្រុមការងារ នៃអធិការដ្ឋាននគរបាលស្រុកបូរីជលសារចំនួន ១២៩០.០០០៛ (មួយលានម្ភៃប្រាំបួនមុឺនរៀល) ជូនដល់លោកស្រី សែស យឿន ត្រូវជាប្អូនស្រីបង្កើត នៃសពលោក វរសេនីយ៍ទោ សែស សុវណ្ណ អធិការរង នៃអធិការដ្ឋាននគរបាលស្រុកបូរីជលសារ ដែលទទួលមរណៈភាពថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២០ ស្ថិតនៅភូមិអង្គក្រូច ឃុំបូរីជលសារ ស្រុកបូរីជលសារ ខេត្តតាកែវ។
ឆ្លៀតក្នុងឱកាសនោះដែរលោកឧត្តមសេនីយ៍ត្រី ស្នងការរង បានសំណេះសំណាលជាមួយក្រុមគ្រួសារសព សំដែងនូវការអាឡោះអាល័យ សោកស្តាយ ចំពោះការបាត់បង់ស្វាមី និងឪពុកដ៏ល្អ ដែលបានបម្រើប្រទេសជាតិកន្លងមកមានស្នាដៃល្អ ព្រមទាំងបានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើចូលរួមរំលែកទុក្ខ ពីសំណាក់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានកិត្តិយសសមាគមមិត្តនគរបាលជាតិកម្ពុជា ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជាប្រធានគណៈកម្មាធិការកណ្ដាលសមាគមមិត្តនគរបាលជាតិកម្ពុជា និងលោក ឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្ត និងជាប្រធានគណៈកម្មាធិការមូលដ្ឋានសមាគមមិត្តនគរបាលជាតិកម្ពុជា នៃស្នងការដ្ឋាននគរបាលខេត្តតាកែវផងដែរ៕