ស្ថាប័នអយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំងបានស្ម័គ្រចិត្តបរិច្ចាគថវិការផ្ទាល់ខ្លួនជួយរាជរដ្ឋាភិបាលដើម្បីទិញវ៉ាក់សាំងការពារកូវីត១៩

កំពង់ឆ្នាំង៖ស្ថាប័នអយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំង បានបរិច្ចាគថវិការផ្ទាល់ខ្លួនសរុបចំនួន២៨៤០ (ពីរពាន់ប្រាំបីរយសែសិបដុល្លារអាមេរិក) ដើម្បីចូលរួមចំណែកក្នុងការទិញវ៉ាក់សាំងការពារជំងឺកូវីតជូនរាជរដ្ឋាភិបាលកម្ពុជា តាមរយៈឯកឧត្តម កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌។

គួរបញ្ជាក់ផងដែលថាក្រោយពីសម្តេចនាយករដ្ឋមន្រ្តីប្រកាសទិញវ៉ាក់សាំងការពារកូវីត១៩ និងការអំពាវណាវរបស់ក្រសួងយុត្តិធម៌កាលពីរសៀលថ្ងៃនេះ អយ្យការខេត្តកំពង់ឆ្នាំង ដោយមានឯកឧត្តម អ៉ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង ជាប្រធានស្ថាប័នបានធ្វើការផ្សព្វផ្សាយការអំពាវណាវបន្តដល់មន្រ្តីរាជការទាំងអស់នៃស្ថាប័នអយ្យការក្នុងការចូលរួមបរិច្ចាគថវិការជួយរាជរដ្ឋាភិបាល។ ឯកឧត្តម អ៉ិត សុធាក៏ធ្វើការបរិច្ចាគនូវថវិការផ្ទាល់ខ្លួនចំនួន ១០០០ ដុល្លារអាមេរិកដែរ រីឯ ព្រះរាជអាជ្ញារងម្នាក់ៗ ចំនួន ៥០០ ដុល្លារ ក្រឡាបញ្ជីម្នាក់ៗចំនួន ១០០ ដុល្លារ និងបុគ្គលិកម្នាក់ៗចំនួន ៥០ដុល្លារ ២០ដុល្លារ ដូចមានក្នុងបញ្ជីឈ្មោះ។

ឯកឧត្តម អ៉ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង បានមានប្រសាសន៍ថា ការចូលរួមបរិច្ចាគរបស់បងប្អូនស្ថាប័នអយ្យការខេត្តកំពង់ឆ្នាំង គឺគ្មានការបង្ខំឡើយ គឺធ្វើឡើងដោយស្ម័គ្រចិត្ត ដោយសារតែបងប្អូនមានបំណងចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលដែលមានសម្តេចជាថ្នាក់ដឹកនាំដ៏ល្អដែលប្រជាពលរដ្ឋតែងតែគោរពនិងស្រឡាញ់ដែលបានដឹកនាំនាវាកម្ពុជាអោយមានភាពរីកចំរើនជារៀងរហូតមក។