កំពង់ឆ្នាំង ៖ទីតាំងផលិតស្រាជាង៥០០កន្លែងនិងកន្លែងលក់ស្រាស ស្រាថ្នាំជាង១០០០កន្លែង នៅទូទាំងខេត្តកំពង់ឆ្នាំង ត្រូវបានបិទទាំងស្រុង ក្នុងនោះមនុស្ស៦នាក់ ក៏ត្រូវបានឃាត់ខ្លួនបញ្ជូនទៅកាន់តុលាការ ដើម្បីចាត់ការតាមផ្លូវច្បាប់ផងដែរ ។ នេះបើតាមការបញ្ជាក់របស់លោកអ៊ៀរ ប៊ុនធឿន ស្នងការរងនិងជាអ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ដែលបានបញ្ជាក់ប្រាប់នៅក្នុងសន្និសិទ្ធសារព័ត៌មានមួយដែលបានប្រារព្វធ្វើស្នងការដ្ឋាននគរបាលខេត្ត នាព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០ ។
លោកអ៊ៀរ ប៊ុនធឿន បានបញ្ជាក់ថា ការបិទទីតាំងផលិតនិងលក់ស្រាសរដ៏ច្រើនសន្ធឹកសន្ធាប់នេះ គឺបន្ទាប់ពីមានផ្ទុះករណីពុលស្រាស ស្រាថ្នាំ បណ្តាលឲ្យមនុស្សស្លាប់ជាបន្តបន្ទាប់រហូតដល់៨នាក់និងមានអាការៈពុលធ្ងន់និងស្រាលប្រមាណជាង១០០នាក់ កាលពីចុងខែវិច្ឆិកាកន្លងទៅ ៕