រថយន្តដឹកមាន់ និងជ្រូកចេញពីប្រទេសថៃអត់ច្បាប់ពីរគ្រឿង ត្រូវបានសមត្ថកិច្ចខេត្តកំពង់ធំ បង្រ្កាបបាន ស្របពេលតែមួយ

កំពង់ធំ÷ ប្រធានការិយាល័យ ផលិតកម្ម បសុព្យាបាលសត្វ ខេត្តកំពង់ធំ រួមជាមួយ អគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វ សហការ ជាមួយស្នងការដ្ឋានផែនប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តកំពង់ធំ បង្រ្កាបបានរថយន្តដឹកជ្រូក និង មាន់គ្មានច្បាប់ ២គ្រឿង។

ប្រភពពីសមត្ថកិច្ចជំនាញបានឲ្យដឹងថាប្រតិបត្តិការនេះបង្ក្រាបបានរថយន្ត២គ្រឿង ស្របពេលតែមួយ នៅ ថ្ងៃ ទី១២ ខែធ្នាំ២០២០ ក្នុងគោលដៅភូមិសាស្ត្រផ្សេងគ្នា។

ក្នុងនោះបង្ក្រាបបានរថយន្តដឹកជ្រូក១គ្រឿង ម៉ាកសាំងយ៉ុង ពណ៌សំបកឪឡឹក ស្លាកលេខ 2AA 1130 នៅផ្លូវជាតិលេខ៦A ស្ថិតក្នុង ភូមិរូង ឃុំត្រពាំងឫស្សី  ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ មានជ្រូកចំនួន២៣ក្បាល ដែលមាន ម្ចាស់ឈ្មោះ សឹម ភាព ភេទប្រុស អាយុ៣៧ឆ្នាំ  រស់នៅ ភូមិទួលចំការ ឃុំកណ្តាលជ្រុំ  ស្រុកពញាក្រែក  ខេត្តត្បូងឃ្មុំ ដឹកជ្រូករស់នាំចូលពីប្រទេសថៃ ដោយគ្មានលិខិតអនុញ្ញាត ពីក្រសួងរុក្ខាប្រមាញ់ និង នេសាទ។

ចំនែកមួយទៀតរថយន្តម៉ាកសាំងយ៉ុង ពណ៌ស្លែ ស្លាកលេខ ភ្នំពេញ 2R 9834 ឃាត់បានត្រង់ចំនុច ភូមិបុស្សវែង ឃុំសាលាវិស័យ ស្រុកប្រាសាទបាល្ល័ង្ក ខេត្តកំពង់ធំ ដឹកប្រភេទមាន់រស់ចំនួន ៤៥០ក្បាល។

លោក តាន់ ម៉េងឆាង ប្រធានការិយាល័យ ផលិតកម្ម បសុព្យាបាលសត្វ ខេត្តកំពង់ធំ បានឲ្យដឹងថា ក្រោយពីបានពិនិត្យ មាន់មានចំនួន៤៥០ក្បាល និង ជ្រូក ចំនួន២៣ក្បាល រួចមកបានបញ្ជាក់ថា  គឺប្រភពលេងមាន់ ដឹកចេញពីប្រទេសថៃ យកមកស្តុបទុក គឺគ្មានលិខិតអនុញ្ញាត្ត មានបញ្ជាក់ពីសុខភាពសត្វ ដែលមានការសង្ស័យថាសត្វទាំងនេះផ្ទុកនូវជំងឺផ្ដាសសាយបក្សី និង ជំងឺប៉េស្តជ្រូកអាហ្រ្វិច ដែលអាចបណ្តាលឲ្យមាន គ្រោះថ្នាក់ដល់ មនុស្ស និង សត្វយ៉ាងធ្ងន់ធ្ងរ។

        ឆ្លៀតក្នុងឱកាសនោះលោក តាន់ ម៉េងឆាង ឲ្យមន្ត្រីជំនាញយកសំណាកមាន់ ផ្ញើទៅអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វដើម្បីពិនិត្យ លុះត្រាតែខាងអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វបញ្ជាក់ពីសុខភាពមាន់  ទើបសម្រេចថានឹង ចាត់វិធានការតាមនិតិវិធីច្បាប់ ចំពោះ​មាន់​ដែលដឹកឆ្លងកាត់ ត្រូវមានលិខិត បញ្ជាក់​ពី​សុខ​ភាព​សត្វ និងមានលិខិតច្បាប់ត្រឹមត្រូវ ដើម្បី​ការពារ​ទប់ស្កាត់​ជំងឺ​ឆ្លង។