កំពង់ចាម: ដើម្បីចូលរួមជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដេីម្បីការពារបាននូវសុខុមាលភាពសាធារណៈ ធានានូវកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍសង្គមប្រកបដោយចីរភាពផងនោះ នាព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០នេះ លោកឧត្ដមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម និងសហការី បាននាំយកនូវថវិកា ចំនួន១១.២៥០.០០០៛ (ដប់មួយលានម្ភៃប្រាំម៉ឺនរៀល) ប្រគល់ជូនឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដើម្បីចូលរួមទិញវ៉ាក់សាំងកូវី-១៩ សម្រាប់ចាក់ជូនប្រជាពលរដ្ឋកម្ពុជាដោយឥតគិតថ្លៃ ។
គួរបញ្ជាក់ផងដែរថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីល្ងាចថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ កន្លងទៅនេះ បានប្រកាសពីការត្រៀមបម្រុងថវិកា សម្រាប់ទិញវ៉ាក់សាំងយកមកចាក់ ជូនប្រជាជនដោយឥតគិតថ្លៃ ជាជំហានដំបូងចំនួន ១លានដូស ដើម្បីចាក់ជូនដល់ប្រជាពលរដ្ឋប្រមាណ ៥០ម៉ឺននាក់។
ជាមួយគ្នានោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ បានថ្លែងអរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំ ក៏ដូចជាកងកម្លាំងនគរបាលខេត្តកំពង់ចាមទាំងអស់ ដែលបានចូលរួមយ៉ាងសកម្មក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ១៩ ព្រមទាំងបានឧបត្ថម្ភនូវថវិកា ដេីម្បីទិញវ៉ាក់សាំងកូវីដ-១៩ រួមជាមួយការអនុវត្តតួនាទីភារកិច្ច ក្នុងការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ជូនប្រជាពលរដ្ឋ បានល្អប្រសើរទៀតផង ៕