កាកបាទក្រហមខេត្តស្វាយរៀងទទួលអំណោយពីព្រះមេគណខេត្ត

ស្វាយរៀង៖នៅព្រឹកថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ២០២០ នេះ ឯកឧត្តម ម៉ែន វិបុល ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង ព្រមទាំងសមាជិក សមាជិការ នៃ គណៈកម្មាធិការសាខា បានទទួលអំណោយមនុស្សធម៌ពីព្រះសុទ្ធិញាណ មុំ សយ ព្រះរាជាគណៈថ្នាក់កិត្តយស ព្រះមេគណខេត្ត និងព្រះតេជគុណ ព្រះអនុគណក្រុង ស្រុកទាំង ៨  បាននាំយកនូវមូលនិធិ រួមមានថវិកា ៣,១០០,០០០ រៀល អង្ករចំនួន ១,១០០ គ.ក្រ និងសម្ភារប្រើប្រាស់ចម្រុះ ១៤ មុខ ដល់សាខា ដើម្បីត្រៀម បង្ការ សម្រាប់ចែកជូនដល់ប្រជាជនងាយរងគ្រោះ និងរងគ្រោះមហន្តរាយនៅតាមមូលដ្ឋានក្រុង-ស្រុក​នានាក្នុងខេត្ត ដែលពិធីនេះបានប្រព្រឹត្តិទៅនៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង ។

ក្នុងឱកាសនោះ  ឯកឧត្តម ម៉ែន វិបុល ប្រធានគណៈកម្មាធិការសាខា បានពាំនាំនូវប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើសួរសុខទុក្ខ និងថ្លែងអំណរព្រះគុណដ៏ជ្រាលជ្រៅបំផុតចំពោះទឹកព្រះទ័យដ៏ថ្លៃថ្លារបស់ ព្រះសង្ឃគ្រប់អង្គ ដែលនេះជាការលើកទឹកចិត្តយ៉ាងធំធេងចំពោះកាកបាទក្រហមកម្ពុជា សម្រាប់ការនាំយក អំណោយទាំងនេះទៅចាត់ចែងប្រគល់ជូនប្រជាពលរដ្ឋងាយរងគ្រោះបំផុត កំពុងជួបការលំបាក និងត្រូវការជំនួយជាចាំបាច់ ។

ជាមួយគ្នានេះ ឯកឧត្តមប្រធានគណៈកម្មាធិការសាខា ព្រមទាំង ថ្នាក់ដឹកនាំ និងសហការីនៃសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង សូមបួងសួងប្រគេនថ្វាយព្រះពរ ដល់  ព្រះសង្ឃគ្រប់ ព្រះអង្គ សូមមានព្រះសុខភាពល្អ ព្រះជន្មាយុយឺនយូរ ដើម្បីបន្តទ្រទ្រង់វិស័យ ព្រះពុទ្ធសាសនា ឱ្យបានគង់វង្ស រីកចម្រើនតរៀងទៅ ហើយអំណោយទាំងអស់នេះ​ សាខានឹងធ្វើការបែងចែកជូនដល់ដៃប្រជាពលរដ្ឋដែលរងគ្រោះគ្រប់ៗគ្នាឲ្យបានទាន់ ពេលវេលាឲ្យសមស្របទៅនឹងព្រះទ័យរបស់ព្រះអង្គជាម្ចាស់ទេយ្យទាន៕