លោក ឧត្តមសេនីយ៍ត្រី ឆឹង រតនៈ ស្នងការរង ទទួលផែនការងារធនធានមនុស្ស ប្រគល់ថវិកាសមាគមមិត្តនគរបាលជាតិកម្ពុជាចំនួន ០៦លានរៀលជូនដល់លោកស្រី ចាន់ កេង ត្រូវជាភរិយា

 

ខេត្តតាកែវ៖ នារសៀលថ្ងៃអង្គារទី១៥ ខែ ធ្នូ ឆ្នាំ២០២០ លោក ឧត្តមសេនីយ៍ត្រី ឆឹង រតនៈ ស្នងការរង ទទួលផែនការងារធនធានមនុស្ស តំណាងដ៏ខ្ពង់ខ្ពស់លោក ឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ អមដំណើរដោយក្រុមការងារស្នងការដ្ឋាននគរបាលខេត្ត លោកអធិការ អធិការរង លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលពេជសារ នៃអធិការដ្ឋាននគរបាលស្រុកកោះអណ្តែត លោកនាយប៉ុស្តិ៍ច្រកទ្វារទ្វេភាគីកំពង់ក្រសាំង អញ្ជើញគោរពវិញ្ញាណក្ខន្ធ និងប្រគល់ថវិកាសមាគមមិត្តនគរបាលជាតិកម្ពុជាចំនួន ៦.០០០.០០០រៀល (ប្រាំមួយលានរៀល)ថវិកាលោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្ត ចំនួន៥០០.០០០៛ (ហាសិបមុឺនរៀល) អង្ករ៥០គីឡូក្រាម គ្រឿងឧបភោគបរិភោគមួយចំនួន និងថវិកាក្រុមការងាររបស់ប៉ុស្តិ៍នគរបាលច្រកទ្វាទ្វេភាគីកំពង់ក្រសាំង ចំនួន៩៧៨.០០០៛ (កៅសិបប្រាំពីរមុឺនប្រាំបីពាន់រៀល) ជូនដល់លោកស្រី ចាន់ កេង ត្រូវជាភរិយា នៃសពលោកអនុសេនីយ៍ឯក ផាង សំបូរ ឋានៈមន្រ្តីនគរបាលជាតិ បម្រើការងារ នៅការិយាល័យនគរបាលចរាចរណ៍ផ្លូវទឹក នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ ដែលទទួលមរណៈភាពថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ (ដោយជម្ងឺក្រិនថ្លើម) ស្ថិតនៅភូមិតាបួរ ឃុំពេជសារ ស្រុកកោះអណ្តែត ខេត្តតាកែវ។

ឆ្លៀតក្នុងឱកាសនោះដែរលោកឧត្តមសេនីយ៍ត្រី ស្នងការរង បានសំណេះសំណាលជាមួយក្រុមគ្រួសារសព សំដែងនូវការសោកស្តាយ អាឡោះអាល័យ ចំពោះការបាត់បង់ស្វាមី និងឪពុកដ៏ល្អ ដែលបានបម្រើប្រទេសជាតិកន្លងមកមានស្នាដៃល្អ ព្រមទាំងបានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើចូលរួមរំលែកទុក្ខ ពីសំណាក់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានកិត្តិយសសមាគមមិត្តនគរបាលជាតិកម្ពុជា ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជាប្រធានគណៈកម្មាធិការកណ្ដាលសមាគមមិត្តនគរបាលជាតិកម្ពុជា និងលោក ឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្ត និងជាប្រធានគណៈកម្មាធិការមូលដ្ឋានសមាគមមិត្តនគរបាលជាតិកម្ពុជា នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ។ ជាចុងក្រោយលោកឧត្តមសេនីយ៍ត្រី ស្នងការរង បានណែនាំ ផ្សព្វផ្សាយត្រូវតែចូលរួមបង្ការ ទប់ស្កាត់ការរីករាលដាលនៃជម្ងឺកូវីដ-១៩ ត្រូវតែអនុវត្តតាមវិធានការណែនាំរបស់ក្រសួងសុខាភិបាល ដោយរក្សាគម្លាតសង្គមពីគ្នា ពាក់ម៉ាស់ លាងដៃនិងសាប៊ូ ជេល ឫទឹកអាល់កុលផងដែរ៕