ព្រះវិហារ៖ ឯកឧត្តម ឧត្តមសេនីយ៍ទោ ទឹម សារ៉េត នាយករង នាយកដ្ឋានហ្វឹកហ្វឺន និងបណ្តុះបណ្តាលជំនាញ នៃអាជ្ញាធរជាតិអាវុធគីមី ក្រសួងការពារជាតិ បានអញ្ជើញជាអធិបតីនៅក្នុងពិធី ផ្សព្វផ្សាយច្បាប់ ស្តីពីការហាមឃាត់ប្រើប្រាស់អាវុធគីមី អាវុធនុយក្លេអ៊ែរ អាវុធជីវសាស្ត្រ និងអាវុធវិទ្យុសកម្ម នៅទីបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ កាលពីព្រឹកថ្ងៃពុធ ទី១៦ ខែធ្នូ ឆ្នាំ២០២០។
ក្រោមវត្តមានចូលរួមពីសំណាក់ ឯកឧត្តម ឧត្តមសេនីយ៍ទោ សំ សៀ មេបញ្ជាការង តំណាងឯកឧត្តម ឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ ព្រមទាំងនាយសេនាធិការរង នាយការិយាល័យជំនាញពាក់ព័ន្ធ មេបញ្ជាការវរសេនាតូច ចំណុះទីបញ្ជាការកងពលធំអន្តរាគមន៍លេខ៣។
ឯកឧត្តម ឧត្តមសេនីយ៍ទោ ទឹម សារ៉េត មានប្រសាសន៍ថា ឯកសារច្បាប់ និងបទដ្ឋានច្បាប់ពាក់ព័ន្ធអាជ្ញាធរជាតិ ទប់ស្កាត់អាវុធគីមី នុយក្លេអ៊ែរ ជីវសាស្រ្ត និង វិទ្យុសកម្ម គឺសម្រាប់កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការស៊ីវិល អ្នកឯកទេសជំនាញប្រើប្រាស់ស្វែងយល់ពីច្បាប់ ស្តីពីការហាមឃាត់ ការប្រើប្រាស់អាវុធគីមី អាវុធនុយក្លេអ៊ែរ អាវុធជីវសាស្ត្រ និងអាវុធវិទ្យុសកម្ម និង បទប្បញ្ញត្តិគតិយុត្តិនានា ពាក់ព័ន្ធអាជ្ញាធរជាតិទប់ស្កាត់អាវុធគីមី នុយក្លេអ៊ែរ ជីវសាស្រ្ត និង វិទ្យុសកម្ម។
រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា មាត្រា ៥៤ ចែងថាៈ ការផលិត ការប្រើប្រាស់ការរក្សាទុកអាវុធបរមាណូ អាវុធគីមី ឬ អាវុធវេត្រាណូ ត្រូវហាមឃាត់ដាច់ខាត។ ព្រោះព្រះរាជាណាចក្រកម្ពុជា ជារដ្ឋភាគីនៃអនុសញ្ញា និងសន្ធិសញ្ញានានា ដែលហាមឃាត់ការប្រើប្រាស់ និងមិនរីកសាយអាវុធមហាប្រល័យដូចជា សន្ធិសញ្ញា មីនរីកសាយអាវុធនុយក្លេអ៊ែរ អនុសញ្ញាអាវុធគីមី អនុសញ្ញាអាវុធជីវសាស្រ្ត ភ្នាក់ងារថាមពល បរមាណូអន្តរជាតិ សន្ធិសញ្ញា ហាមឃាត់ការសាកល្បងអាវុធនុយក្លេអ៊ែរ។ល។
ដោយយោងតាមសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្នុងពេលឆ្លងព្រះរាជក្រឹត្យ ស្តីពីការបង្កើតអាជ្ញាធរជាតិ ទប់ស្កាត់អាវុធគីមី នុយក្លេអ៊ែរ ជីវសាស្រ្ត និងវិទ្យុសកម្ម សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ចាប់អារម្មណ៍ថា បញ្ហាអាវុធគីមីបើមើលមួយភ្លែតហាក់ដូចជានៅឆ្ងាយ តែបើសម្លឹងឲ្យយូរទៅហាក់ដូចជានៅជិតបង្កើយ នេះសបញ្ជាក់ពីការយកចិត្តទុកដាក់របស់ប្រមុខរាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់អាវុធគីមី ជីវសាស្ត្រ វិទ្យុសកម្ម និងនុយក្លេអ៊ែរ និងចង់បញ្ជាក់ផងដែរពីផលប៉ះពាល់ ដែលនឹងអាចកើតមានឡើងពីការប្រើប្រាស់សារធាតុគីមី នុយក្លេអ៊ែរ ជីវសាស្រ្ត និង វិទ្យុសកម្ម ដែលមិនគោរពតាមបទដ្ឋានបច្ចេកទេស ក៏ដូចជាការប្រកាសដំណឹងដល់គ្រប់ក្រសួង និងស្ថាប័នឲ្យចូលរួមទប់ស្កាត់ ដើម្បីកាត់បន្ថយ ហានិភ័យ នៃវិស័យនេះ ។
ឯកឧត្តម ឧត្តមសេនីយ៍ទោ ទឹម សារ៉េត បញ្ជាក់ថាឆ្លើយតប ទៅនឹងចំណាប់អារម្មណ៍ដ៏ខ្ពង់ខ្ពស់ របស់ប្រមុខរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ទើបអគ្គលេខាធិការដ្ឋាន នៃអាជ្ញាធរជាតិទប់ស្កាត់អាវុធគីមី នុយក្លេអ៊ែរ ជីវសាស្ត្រ និងវិទ្យុសកម្ម ចងក្រងកម្រងឯកសារច្បាប់នេះឡើង ដើម្បីផ្សព្វផ្សាយឲ្យបានទូលំទូលាយ ទៅកាន់គ្រប់មជ្ឈដ្ឋានជាតិ សម្រាប់សិក្សាស្វែងយល់៕សួនលីណា