បន្ទាយមានជ័យៈ ចាញ់ល្បែងក្នុងកាស៊ីណូអស់ដើម្បីបានរួចការចោទប្រកាន់ពីប្តីរករឿង ស្ត្រីម្នាក់បានប្រឌិតរឿងគួរអោយភ្ញាក់ផ្អើលមួយថាមានករណីចោរចូលប្លន់នៅក្នុងផ្ទះយកអស់មាសប្រាក់។ លោក សៅ ប៊ុន អធិការស្រុកម៉ាឡៃបានអោយដឹងថា លោកបានទទួលបណ្តឹងមួយដែលប្តឹងថាមានករណីចោរចូលប្លន់ក្នុងផ្ទះស្ត្រីម្នាក់ឈ្មោះ ហាយ សាវី អាយុ៣២ឆ្នាំ មានប្តីឈ្មោះ ស្រី កែវ អាយុ៥៦ឆ្នាំរស់នៅក្នុងភូមិទួលពង្រ ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យដោយយកអស់មាសប្រាក់ជាច្រើនកាលពីយប់រំលងអាធ្រាតចូលថ្ងៃទី ២៩ កក្កដា ២០១៤។.
លោកអោយដឹងទៀតថា ជនសង្ស័យមានគ្នា៤នាក់ ប្រដាប់ដោយកាំភ្លើងខ្លីមួយដើម និងកាំបិទចុងស្រួចមួយបានធ្វើសកម្មភាពចូលទៅប្លន់ នាំអោយបាត់បង់សំភារៈ មានដូចជា កាតគ្រីឡានចំនួន១ កាតប៉ូលីសមួយ អត្តសញ្ញាណប័ណ្ណមួយសន្លឹក ខ្សែដៃមួយខ្សែ ខ្សែករមួយខ្សែ និងលុយចំនួន ៣១៥០០០០ រៀល និងប្រាក់បាតចំនួន១៥០០០បាត ។
សមត្ថកិច្ចចុះស្រាវជ្រាវនិងពិនិត្យកន្លែងកើតហេតុព្រមទាំងជជើកសួរដេញដោលខ្លាំងទើបស្ត្រីឈ្មោះហាយ សាវី សារភាពនៅចំពោះមុខសមត្ថមិច្ចថាមិនករណីចោរចូលប្លន់ស្អីនោះទេគឺខ្លួនបានយកទៅលេងល្បែងក្នុងកាស៊ីណូនៅក្រុងប៉ោយប៉ែតចាញ់អស់រលីងកាលពីថ្ងៃ ហើយដោយភ័យខ្លាចប្តីស្តីបន្ទោសនិងពុំមានលទ្ធភាពសងបំណុលគេ លុះយប់ទើបបែកគំនិតនឹកឃើញប្រើល្បិចថាមានករណីប្លន់នេះតែម្តង។ សមត្ថកិច្ចបានធ្វើការអប់រំដោយមិនអោយមានករណីបំភ្លៃសក្ខីកម្មដូចលើកនេះទៀតទេព្រោះវាបានបង្កអោយមានការប៉ះពាល់ដល់សន្តិសុខសណ្តាប់ធ្នាប់សង្គម៕