ភ្នំពេញ៖ នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានទទួលជួបពិភាក្សាការងារ និង ជម្រាបលាពីសំណាក់ឯកឧត្តម Michael Tan ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសិង្ហបុរីប្រចាំកម្ពុជា។
ឯកឧត្តមទេសរដ្ឋមន្ត្រីបានស្វាគមន៍ និងថ្លែងអំណរគុណចំពោះឯកឧត្តមឯកអគ្គរដ្ឋទូត ដែលបានសហការយ៉ាងពេញទំហឹងកន្លងមក ជាពិសេសការជំរុញឱ្យមានការបើកចរចារវាងកម្ពុជា និងសិង្ហបុរី ដោយមានការចូលរួមពីតំណាងរបស់ក្រសួង-ស្ថាប័នរដ្ឋ និងឯកជន ដើម្បីពិនិត្យ និងពិភាក្សាទៅលើកិច្ចព្រមព្រៀងក្របខណ្ឌនៃគម្រោងអភិវឌ្ឍន៍មជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញ។
ឯកឧត្តមទេសរដ្ឋមន្ត្រីមានប្រសាសន៍ថា កិច្ចព្រមព្រៀងក្របខណ្ឌបានចរចាដល់ដំណាក់កាលចុងក្រោយហើយ ដោយនៅសេសសល់បញ្ហាតូចៗមួយចំនួនទេ ដែលត្រូវដោះស្រាយ មុននឹងអាចចាប់ផ្តើមការសិក្សាសមិទ្ធិលទ្ធភាពនៃមជ្ឈមណ្ឌលភស្តុភារកម្មនេះ។
ឯកឧត្តមឯកអគ្គរដ្ឋទូតបានសម្តែងនូវការពេញចិត្តយ៉ាងខ្លាំងចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរវាងក្រសួង និងស្ថានទូតសិង្ហបុរី និងជម្រាបជូនឯកឧត្តមទេសរដ្ឋមន្ត្រីអំពីការធ្វើមាតុភូមិនិវត្តន៍របស់ឯកឧត្តមក្នុងពេលដ៏ឆាប់ៗខាងមុខនេះ ដោយសារត្រូវចប់អណត្តិនៅកម្ពុជា។
ឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានលើកឡើងថា គម្រោងអភិវឌ្ឍន៍មជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញនេះមានសារៈសំខាន់ណាស់ ពីព្រោះវាជួយជំរុញឱ្យមានការបណ្តាក់ទុនវិនិយោគផ្ទាល់នៅកម្ពុជា ពីបណ្តាក្រុមហ៊ុនធំៗរបស់សិង្ហបុរី ដែលជាលទ្ធផល នឹងបង្កើតនូវការងារ និងជំរុញនូវកំណើនសេដ្ឋកិច្ចកម្ពុជា៕