អាជ្ញាធរខេត្តក្រចេះ ចុះពិនិត្យមើលស្ថានភាពរថយន្តដឹកទំនិញធំៗតាមផ្លូវជាតិលេខ៧ បន្ទាប់ពីមានការិះគន់តាមបណ្តាញសង្គមថា មន្ត្រីជំនាញអនុវត្តច្បាប់ និងការចាប់ផាកពិន័យមិនស្មើភាពគ្នា

ក្រចេះ : លោក គង់ គីមនី អភិបាលរងខេត្តក្រចេះ និងជាប្រធានក្រុមការងារត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស កាលពីរសៀលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០នេះបានដឹកនាំក្រុមកាងារមន្ទីជំនាញពាក់ពន្ឋ័ចុះពិនិត្យមើលស្ថានភាពជាក់ស្ដែង នៃការដឹកជញ្ជូនផលដំណាំកសិកម្មផ្សេងៗ និងទំនិញ គ្រប់ប្រភេទតាមរថយន្តធុនធំ ក្នុងភូមិសាស្ត្រស្រុកស្នួល ខេត្តក្រចេះ ។

ការដឹកនាំចុះត្រួតពិនិត្យស្ថានភាពផ្លូវ ខាងលើ
នេះ គឺដើម្បីឆ្លើយតបទៅនឹងការលើកឡើងរបស់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាបណ្ដាញសង្គមមួយចំនួន បានធ្វើការរិះគន់ទៅលើអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញពាក់ព័ន្ធនៅស្ថានីយ៍ជញ្ជីងអចល័តមានជ័យ ស្ថិតក្នុងស្រុកស្នួលថា អាជ្ញាធរនិងងមន្ត្រីជំនាញ អនុវត្តច្បាប់គឺមិនស្មើភាពគ្នា និងការចាប់ផាកពិន័យ មិនអនុវត្តន៍ទៅតាមច្បាប់ ។
គូសបញ្ជាក់ថា នៅពេលថ្មីៗកន្លងទៅនេះមានការរិះគន់និងការចុះផ្សាយនៅតាមបណ្ដាញសង្គមមួយចំនួនពីរថយន្តដឹកទំនិញធំៗដែលគេសង្ស័យថាមានការផ្ទុកលើសទម្ងន់កំណត់ បានចរាចរណ៍តាមកំណាត់ផ្លូវជាតិលេខ៧ ភាគច្រើនគឺមិនបានចរាចរណ៍ឆ្លងកាត់ស្ថានីយជញ្ជីងថ្លឹងរថយន្តនោះទេ បែជាបើកចូលទៅតាម ផ្លូវលំក្រាលគ្រួសក្រហម លេខ៣៧៣D គឺបែកចេញពីផ្លូវជាតិលេខ៧ ត្រង់ចំនុចគីឡូ៧៩ មុខប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំស្រែចារ ស្រុកស្នួល ដែលមានចម្ងាយប្រមាណជា ៥គីឡូម៉ែត្រ ពីស្ថានីយ៍ថ្លឹងរថយន្ត មានជ័យ ស្រុកស្នួល ហើយឆ្ពោះទៅកាន់ស្រុកមេម៉ត់ ខេត្តត្បូងឃ្មុំ។
ជាមួយគ្នានោះ ប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានខាងលើ ក៏បានរៀបរាប់ប្រាប់ឲ្យដឹងថា កន្លងទៅពួកគាត់មានការព្រួយបារម្មណ៍អំពីបញ្ហា សុវត្ថិភាពលើដងផ្លូវ និងបញ្ហាសុខភាព ដោយសាររថយន្តធំៗទាំងនោះមិនព្រមបើកតាមផ្លូវជាតិដោយសារគេចជញ្ជីងចល័តនៅខាងមុខ ដោយពួកគាត់បង្វែរ
បើកឆ្លងកាត់ផ្លូវក្រាលគ្រួសក្រហមមួយខ្សែនេះ ក្នុងល្បឿនលឿន ហុយខ្លាំងពេកពួកគាត់ក៏បានរាយការណ៍ជូនសមត្ថកិច្ចពាក់ព័ន្ធ ឲ្យជួយអន្តរាគមន៍ ។
ចំពោះបញ្ហានេះដែរ លោក គង់ គីមនី អភិបាលរង ខេត្តក្រចេះ បានបញ្ជាក់ថា អាជ្ញាធរខេត្តបានគិតគូរពីបញ្ហាសុខភាព និងជីវភាពរបស់ប្រជាពលរដ្ឋក្នុងខេត្តក៏ដូចជាអ្នកដំណើរឆ្លងកាត់ខេត្តក្រចេះ សំខាន់បំផុតគឺបានណែនាំដល់ក្រុមបច្ចេកទេស ត្រូវអនុវត្តច្បាប់ត្រូវផ្សព្វផ្សាយអប់រំណែពួកគាត់ជាមុន កុំអោយមានការដឹកផ្ទុកលើសទំងន់ដែលច្បាប់កំណត់ នាំអោយមានកាខូចខាតផ្លូវថ្នល់ឬក៍ត្រូវខាតបង់ប្រាក់ជាដើម។

ក្នុងនោះដែរ អាជ្ញាធរខេត្ត បានក្រើនរំលឹក និងណែនាំដល់អាជ្ញាធរស្រុក រួមក្រុមការងារ ឱ្យពន្យល់ប្រាប់ដល់រថយន្ត និងមធ្យោបាយដែលដឹក ធ្វើយ៉ាងម៉េចបើកបរឲ្យមានការគោរពច្បាប់ និងគិតគូរពីសុខភាពរបស់បងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមដងផ្លូវនេះ ជាពិសេស ត្រូវគោរពតាមច្បាប់ដែលបានកំណត់នៃការផ្ទុកទម្ងន់ ដើម្បីបញ្ជៀសពីការធ្វើឲ្យផ្លូវឆាប់ខូច ៕