ប្រធានក្រុមការងារចុះជួយឃុំទឹកអំពាវនាវឲ្យសមាជិកបក្សត្រូវខិតខំយកចិត្តទុកដាក់ជាមួយប្រជាពលរដ្ឋក្នុងការដោះស្រាយសេវាសាធារណៈផ្សេងៗឲ្យបានល្អប្រសើរ

ស្វាយរៀង៖ឯកឧត្តមចាន់ កុលបុត្ររដ្ឋលេខាធិការក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភានិងអធិការកិច្ច និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយឃុំពងទឹក ស្រុករំដួលនៅព្រឹកថ្ងៃទី ១៩ខែធ្នូឆ្នាំ ២០២០ នេះបានថ្លែងថាក្រុមការងារគណបក្សទាំងអស់ត្រូវចូលរួមចុះមូលដ្ឋានអោយបានសកម្មបន្ថែមទៀតដើម្បីដឹងពីសុខទុក្ខពលរដ្ឋហើយត្រូវដោះស្រាយរាល់ការសំណូមពរក៏ដូចជាកង្វល់នានាឲ្យបានទាន់ពេលវេលាជាពិសេសត្រូវផ្ដល់សេវាសាធារណៈឲ្យបានល្អប្រសើរផងដែរ។

ការថ្លែងរបស់ឯកឧត្តមចាន់ កុលបុត្របែបនេះបានធ្វើឡើងក្នុងការចុះជួបសំណេះសំណាលជាមួយប្រធានអនុប្រធានសមាជិកបក្ស និងសមាជិកបក្សឃុំពងទឹកស្រុករំដួល ខេត្តស្វាយរៀងដែលបានប្រព្រឹត្តទៅនៅទីស្នាក់ការគណបក្សឃុំ។

ឯកឧត្តមចាន់ កុលបុត្របានថ្លែងនូវការកោតសរសើរដល់ប្រធាន អនុប្រធាន សមាជិកបក្សឃុំពងទឹកនិងក្រុមការងារបក្ស សមាជិកបក្សទាំងអស់ដែលបានចូលរួមយ៉ាងសកម្មក្នុងការគៀងគរសមាជិកបក្សថ្មីនិងយកចិត្តទុកដាក់ជាមួយប្រជាពលរដ្ឋនិងបានដោះស្រាយនៅទុក្ខលំបាកនានារបស់ប្រជាពលរដ្ឋនៅមូលដ្ឋានដែលធ្វើឱ្យមានការគាំទ្រមកលើគណបក្សប្រជាជនកម្ពុជាយ៉ាងច្រើនផងដែរ។

ឯកឧត្តមបានបញ្ជាក់ថាការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់នៅឆ្នាំ ២០២២ ជិតមកដល់ហើយដូច្នេះសមាជិកបក្សទាំងអស់ត្រូវត្រៀមលក្ខណៈសម្បត្តិឱ្យបានគ្រប់គ្រាន់ក្នុងការចុះមូលដ្ឋានគឺធ្វើយ៉ាងណាអនុវត្តគោលនយោបាយពង្រឹងចាស់ពង្រីកថ្មីដើម្បីជោគជ័យនៃការបោះឆ្នោតខាងមុខនេះ។ម្យ៉ាងវិញទៀតត្រូវផ្សព្វផ្សាយអំពីគោលនយោបាយរបស់គណបក្សឲ្យបានទូលំទូលាយដល់ប្រជាពលរដ្ឋបានដឹងយល់ជ្រួតជ្រាបពីការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោហ៊ុន សែនប្រធានគណបក្សប្រជាជនកម្ពុជាដែលតែងតែយកចិត្តទុកដាក់ជាមួយប្រជាពលរដ្ឋគ្រប់ទីកន្លែង។

ឆ្លៀតក្នុងឱកាសនោះឯកឧត្តមចាន់ បុលបុត្របានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះការចាត់វិធានការ យ៉ាងមានប្រសិទ្ធភាពខ្ពស់របស់ សម្តេចតេជោ ក្នុងការទប់ស្កាត់ការរីករាលដាលជំងឹឆ្លងកូវីដ១៩ ក្នុងព្រឹត្តិការណ៍ «សហគមន៍ ២៨ វិច្ឆិកា» ដើម្បីរក្សា សុខភាព និងសេដ្ឋកិច្ច ជូនបងប្អូនប្រជាពលរដ្ឋកម្ពុជា។

ឯកឧត្តមក៏បានរំលឹកអំពីការផ្តាំផ្ញើរបស់សម្តេចតេជោ ចំពោះស្ថានភាពការឆ្លងសហគមន៍នេះ មិនទាន់បានបិទបញ្ចប់នៅឡើយទេ និងសូមអោយបងប្អូនប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ដោយស្តាប់តាមការណែនាំរបស់ក្រសួងសុខាភិបាលដូចជាអាជ្ញាធរដែនដីដោយត្រូវអនុវត្តការធ្វើអនាម័យជាប្រចាំដោយលាងដៃជាមួយសាប៊ូ អាកល់ ជែល ពាក់ម៉ាសនិងនៅគម្លាតគ្នាជាដើម។

សូមបញ្ជាក់ថានៅក្នុងពិធីសំណេះសំណាលនេះដែរឯកឧត្តមចាន់ កុលបុត្រក៏បាននាំសម្ភារៈអនាម័យចែកជូនប្រធានគណបក្សឃុំនិងប៉ុស្តិ៍រដ្ឋបាលនគរបាលផងដែរ៕