នៅរសៀលថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២០នេះ ឯកឧត្ដម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួង សុខាភិបាល អមដំណើរដោយឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពនៃការសាងសង់អគារមន្ទីរពិសោធន៍វេជ្ជសាស្ត្រ និងអគារសំរាប់ធ្វើចត្តាឡីស័កដែលមានទីតាំងស្ថិតនៅក្នុងបរិវេណមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។
ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានណែនាំអោយអនុវត្តអោយបានខ្ជាប់ខ្ជួននូវវិធានអនាម័យរបស់ក្រសួងសុខាភិបាលដើម្បីការពារកុំអោយឆ្លងកូវីដ១៩។
មន្ទីរពិសោធន៍វេជ្ជសាស្ត្រនេះ ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា។ក្រោយសាងសង់រួចរាល់ មន្ទីរពិសោធន៍នេះ នឹងបំពាក់ម៉ាស៊ីនវិភាគសំណាក និងបរិក្ខារទំនើបៗ ជាការឧបត្ថម្ភពីអង្គការមូលនិធិសកល Global Fund និងប្រទេសចិន។
តាមរយៈមន្ទីរពិសោធន៍នេះ នឹងជួយសម្រួលដល់ការពិនិត្យ វិភាគជំងឺទូទៅ ពិសេសជំងឺឆ្លង ដូចជាជំងឺកូវីដ -១៩ ជាដើម។ ប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ អន្តរជាតិ នៅក្នុងខេត្តព្រះសីហនុ អាចទទួលបានសេវាពិនិត្យវិភាគជំងឺផ្សេងៗនៅទីនេះតែម្តងដោយមិនចាំបាច់ចំណាយ ពេលយកទៅវិភាគនៅភ្នំពេញឡើយ។
បើតាមលោក ឃាង ភារម្យ អ្នកនាំពាក្យរដ្ឋបាលខេត្ត បានអោយដឹងថា គិតត្រឹមថ្ងៃទី១៩ខែធ្នូឆ្នាំ២០២០ អគារនេះសម្រេចបានប្រមាណ៧០% ។បច្ចុប្បន្នកំពុងជម្រុញពន្លឿនការងារសាងសង់ដើម្បីដាក់អោយដំណើរការនៅក្នុងពេលឆាប់ៗខាងមុខ៕