ខេត្តកែប៖នៅរសៀលថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២០ឯកឧត្តម សោម ពិសិដ្ឋ អភិបាលនៃគណអភិបាលខេត្តកែប អមដំណេីរឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ និងសហការី ដែលបានមកខេត្តកែប ដេីម្បីពិនិត្យពីដំណេីរការផលិតផ្នែកកសិកម្ម របស់ប្រជាកសិករ ។
ក្នុងគោលបំណង តាមដានចលនាជម្រុញផលិតកម្មស្បៀង តាមរយ:ការចិញ្ចឹមត្រីអណ្តែង និងកង្កែប និងដំណាំផ្សេងៗ របស់កសិករ នៅខេត្តកែប ឯកឧត្តម វេង សាខុន និង ឯកឧត្តម សោមពិសិដ្ឋ បានចុះជួបផ្ទាល់ តាមមូលដ្ឋានភូមិ ឃុំ ក្រុងស្រុក នៅខេត្តកែប ។
លោក សារ៉េន ជាកសិករម្នាក់ បានឲ្យដឹងថា លោកទើបចាប់ចូលរួមក្នុងចលនា ជម្រុញផលិតកម្មស្បៀងតាមរយ:ការចិញ្ចឹមត្រីអណ្តែង និងកង្កែបក្នុងវគ្គទី១ មកដល់ពេលនេះ ត្រីអណ្តែង និងកង្កែបរបស់គាត់ អាចលក់បានជាបណ្តើរៗហេីយ ក្នុងតម្លៃត្រីអណ្តែង ១២០០០រ/គ.ក្រ និងកង្កែប ១៥០០០រ/គ.ក្រ។ លោកបានបញ្ជាក់បន្ថែុមទៀតថា ថ្ងៃខ្លះរកចំណូលបាន ២៥-៣០ម៉ឺនរៀលក្នុងមួយថ្ងៃ ទាំងត្រីអណ្តែង និងកង្កែប។ ក្រៅពីនេះលោក អាចរកចំណូលបានពីផលស្រូវ ដូង និងមាន់ ដែលអាចទ្រទ្រង់ជីវភាពបានល្អប្រសើរ។
បន្ទាប់មក ឯកឧត្តមរដ្ឋមន្ត្រី និងឯកឧត្តមអភិបាលនៃគណអភិបាលខេត្ត ជាមួយក្រុមការងារបានបន្តសួសុខទុក្ខសមាជិកសហគមន៍កសិកម្មទំនប់អង្គភោគផល ដែលមានសមាជិក ៤៨គ្រួសារ ប្រកបរបរ ធ្វើស្រូវ ដាំបន្លែ ដំឡូងជ្វា ចិញ្ចឹមត្រីអណ្តែង ត្រីប្រា និងចិញ្ចឹមមាន់ គ្រាន់ជាប្រភពចំណូលសម្រាប់ទ្រទ្រង់ជីវភាពគ្រួសារ។
ចេញពីសហគមន៍ ឯកឧត្តមរដ្ឋមន្ត្រី និងឯកឧត្តមអភិបាលខេត្ត បានអញ្ជើញមកពិនិត្យសកម្មភាពដាំបន្លែរបស់កសិករ សែម វល័ក្ខ នៅភូមិកំពង់ត្រឡាច សង្កាត់ជ្រៃធំ ក្រុងកែប។ គាត់ដាំបន្លែស្ពៃ ក្រញាញ់ ត្រឡាច ត្រសក់ទ្រើង ស្លឹកគ្រៃ និងល្ហុង ទុកគ្រាន់ផ្គត់ផ្គង់ជីវភាពគ្រួសារ។
ទោះជាយ៉ាងណា ឯកឧត្តមរដ្ឋមន្ត្រី និងឯកឧត្តមអភិបាលខេត្ត បានលើកទឹកចិត្តប្រជាកសិករទាំងអស់ ត្រូវបន្តខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីលើកកម្ពស់កម្រិតជីវភាពឲ្យកាន់តែល្អប្រសើរឡើង។ ដោយឡែកចំពោះមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តដែលជាមន្ទីរជំនាញ ត្រូវចុះជាប្រចាំ លើការងារបច្ចេកទេសដាំដុះ និងចិញ្ចឹមត្រី កង្កែប និងសត្វបន្ថែមទៀត ធ្វើយ៉ាងណាជម្រុញផលិតភាពផលិតកម្ម របស់កសិករ ឲ្យកាន់តែល្អប្រសើរថែមទៀត។
ឯកឧត្តមរដ្ឋមន្ត្រី និងឯកឧត្តមអភិបាលខេត្ត ពិតជារីករាយ និងបានចូលរួមសាទរចំពោះសមិទ្ធផលដែលប្រជាកសិករ ក្នុងខេត្តកែប ទទួលបាននាថ្ងៃនេះ។ ឯងឧត្តម សង្ឃឹមជឿជាក់ថា ការចិញ្ចឹមសត្វ ដាំបន្ថែផ្សេងៗនេះ នឹងបង្កេីនប្រាក់ចំណូលរបស់ប្រជាកសិកក្នុងមូលដ្ឋានបានច្រេីន កាត់បន្ថយភាពក្រីក្រជូនប្រជាពលរដ្ឋ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា៕