ភ្នំពេញ ៖ ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចនគរបាលប៉ុស្ដិ៍រដ្ឋបាលវាលស្បូវ នៃអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ធ្វេីការឃាត់ខ្លួនកាលពីវេលាម៉ោង០៩និង៥០នាទី ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២០ ពាក់ព័ន្ធករណី លួចទុយោស្ពាន់ នៅការដ្ឋាន សំណង់បុរីប៉េងហួត ភូមិវាលស្បូវ សង្កាត់វាល ស្បូវ ខណ្ឌច្បារអំពៅ ។
ក្នុងរបាយការណ៍របស់លោកវរសេនីយ៍ឯក ម៉ៅ សឿត អធិការនគរបាលខណ្ឌច្បារអំពៅ បានឲ្យដឹងថា ដើមបណ្តឹងឈ្មោះ មាស សង្វាន ភេទ ប្រុស អាយុ ៤២ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ ប្រធានសន្តិសុខ ស្នាក់នៅភូមិបឹងឈូក សង្កាត់ និរោធ ខណ្ឌច្បារអំពៅ(តំណាងក្រុមហ៊ុនប៉េងហួត) ។ ចំណែកជនសង្ស័យឈ្មោះធីម អឿន ភេទប្រុស អាយុ២៥ឆ្នាំ ជាតិខ្មែរ មុខរបរ កម្មករសំណង់ ស្នាក់នៅភូមិវាលស្បូវ សង្កាត់វាលស្បូវ។
លោកអធិការខណ្ឌច្បារអំពៅ បានឲ្យដឹងទៀតថា ៖ មុនពេលកើតហេតុជនសង្ស័យចេញពីធ្វើការនៅការដ្ឋានសំណង់បុរីប៉េងហួតខាងលើ រួចលួចយកទុយោស្ពាន់ម៉ាស៊ីនត្រជាក់៣ដុំ ច្រកចូលបាវពណ៌ផ្កាឈូក ដាក់លើកង់ពណ៌ខ្មៅ ជិះចេញមកដល់ក្លោង ទ្វារការដ្ឋាន ក៏ត្រូវបានសន្តិសុខត្រួតពិនិត្យ រកឃើញវត្ថុតាងខាងលើ ក៏ឃាត់ខ្លួនជនសង្ស័យ រួមនិងវត្ថុតាងប្រគល់ឲ្យសមត្ថកិច្ចនគរបាល ខណ្ឌច្បារអំពៅ ចាត់ការតាមច្បាប់។ ចំពោះជនសង្ស័យរូបនេះក៏មានការប្រើប្រាស់គ្រឿងញៀនផងដែរ ៕