មន្ត្រីជំនាញបន្តរកឃើញសារធាតុគីមីដាក់ក្នុងពពុះសណ្តែកចំនួន៧គីឡូក្រាមនិងសរសៃគុយទាវ៩គីឡូក្រាមនៅផ្សារក្រោលគោខេត្តស្វាយរៀង

ស្វាយរៀង៖ លោកផឹង និលប្រធានសាខាការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំខេត្តស្វាយរៀងនៅព្រឹកថ្ងៃទី២៣ខែធ្នូឆ្នាំ២០២០នេះ បានសហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត អាជ្ញាធរដែនដី ចុះពិនិត្យមុខទំនិញនៅផ្សារក្រោលគោ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។

លោក ផឹង និល បានឲ្យដឹងថានៅព្រឹកនេះក្រុមត្រួតពិនិត្យ មន្ត្រីជំនាញយើងបានពិនិត្យគ្រឿងឧបភោគ បរិភោគនៅតាម ស្តង់ក្នុងផ្សារតាំងលក់ទំនិញមួយចំនួន និងបានប្រើប្រាស់ឧបករណធ្វើ Test Kits បឋមលើម្ហូបអារហា ចំនួន៣៦គំរូ ដើម្បីស្វែងរកសារធាតុគីមីហាមឃាត់ដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ។ ជាពិសេសមន្ត្រី កបប យើងក៏បានផ្សព្វផ្សាយនឹងចែកស្ទិកគ័រដល់អាជីវករដើម្បីបានយល់អំពីផលិតផលដែលសំបកវេចខ្ចប់មានស្លាកសញ្ញាត្រឹមត្រូវផងដែរ។

លោកបានបញ្ជាក់ថា ជាលទ្ធផលក្រោយការចុះអនុវត្តការងារ មន្ត្រីជំនាញយើងបានរកឃើញទំនិញមានសារធាតុគីមី ដូចជាពពុះសណ្តែក ចំនួន ៧Kg មាន (គីមី Borax )និងសរសៃគុយទាវ៩kgមានសារធាតុគីមី ព្រមទាំំងទឹកដោះគោកូនក្មេងម៉ាក់ADដែលហួសកាលបរិច្ឆេតប្រើប្រាស់ហើយមន្ត្រីជំនាញយើងបានធ្វើកំណត់ហេតុដកហូតទំនិញទាំងនោះយកមករក្សាទុកដើម្បីធ្វើការដុតកម្ទេចចោលនៅពេលក្រោយ។

លោក ផឹង និល បានអំពាវនាវដល់អាជីវករ ដែលជាអ្នកលក់ដូរត្រូវចូលរួមសហការជាមួយមន្ត្រីជំនាញ ដើម្បីធ្វើតេស្តរកសារធាតុគីមីហាមឃាត់ដាក់ ក្នុងម្ហូបអាហារ និងទំនិញហួសកាលបរិច្ឆេទ ប្រើប្រាស់ ដើម្បីចូលរួមលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋឲ្យបានល្អប្រសើរ៕