កំពង់ចាម: ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងថា យើងត្រូវប្រើប្រាស់ឲ្យអស់លទ្ធភាពធនធាន ដែលបានពីថ្នាក់ជាតិតាមរយៈក្រសួង ឬធនធានពីដៃគូនានា ដើម្បីបន្តការអភិវឌ្ឍន៍ជារៀងរាល់ឆ្នាំ ធ្វើយ៉ាងណាឲ្យជីវភាពរស់នៅ របស់បងប្អូនប្រជាពលរដ្ឋមានភាពប្រសើរឡើង ឲ្យបានទាន់ពេលវេលា។ ការថ្លែងយ៉ាងដូច្នេះក្នុងកិច្ចប្រជុំ ពិគ្រោះយោបល់លើសេចក្តីព្រាងកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២១-២០២៣) ដែលបានធ្វើឡើងនាព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០ នៅមន្ទីរផែនការខេត្តកំពង់ចាម ។
ថ្លែងក្នុងកិច្ចប្រជុំនោះដែរ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានលេីកឡើងថា លទ្ធផលសិក្ខាសាលា សមាហរណកម្ម កម្មវិធីវិនិយោគ ឃុំ សង្កាត់ ក្រុង ស្រុក ទទួលបានការគាំទ្រ សរុបចំនួន ២ ៣៧៤គម្រោង ស្មើនឹង៤៨% នៃគម្រោងស្នើឡើងចំនួន ៤ ៩១៣ គម្រោង ក្នុងនោះមានមន្ទីរ អង្គភាពគាំទ្របានចំនួន ២ ២២៤ គម្រោង និងអង្គការសង្គមស៊ីវិលគាំទ្របានចំនួន ១៥០គម្រោង។ ដោយឡែក គម្រោងវិនិយោគ កំពុងដំណើរការរបស់រដ្ឋបាលខេត្តមានចំនួន ៣៩គម្រោង ដែលត្រូវចំណាយថវិកាចំនួន ៣៥ ៥៤០ លានរៀល និងគម្រោងដែលមានថវិកាគាំទ្រមានចំនួន ៣៥៣ គម្រោង ដែលត្រូវចំណាយថវិកាចំនួន ១ ៥៦៧ ០៣៨ លានរៀល ដែលត្រូវអនុវត្តក្នុងឆ្នាំ២០២១។
ឯកឧត្តមអភិបាលខេត្ត បានសង្កត់ធ្ងន់ថា គម្រោងទាំងអស់ នៅក្នុងកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២១-២០២៣) គឺជាផែនការសម្រាប់អនុវត្តនៅឆ្នាំ២០២១ សូមលោក -លោកស្រី ប្រធានមន្ទីរ អង្គភាពជំរុញការអនុវត្តគម្រោង នីមួយៗឲ្យចប់តាមការកំណត់ ដោយធ្វើការសហការជាមួយអាជ្ញាធរមូលដ្ឋានឲ្យបានជិតស្និទ្ធ។ ជាមួយគ្នានោះ ក្រុមការងារកសាងផែនការខេត្ត រដ្ឋបាលក្រុង ស្រុក រដ្ឋបាលឃុំ សង្កាត់ ត្រូវត្រៀមខ្លួន ចាប់ផ្តើមដំណើការប្រមូលតម្រូវការអាទិភាពរបស់មូលដ្ឋាន នៅចុងខែមករា ដើម្បីដាក់ក្នុងផែនការ យុទ្ធសាស្រ្តថវិកាឲ្យបានទាន់ពេលវេលា ស្របតាមប្រកាសអន្តរក្រសួងលេខ ០១៤៩ ផក .ប្រក ចុះថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២០ របស់ក្រសួងផែនការ និងក្រសួងមហាផ្ទៃ ស្តីពី ការដាក់ឲ្យ ប្រើប្រាស់សេចក្តីណែនាំបំពេញបន្ថែម លើសេចក្តីណែនាំបច្ចេកទេស ស្តីពីការរៀបចំ និងកសាង កម្មវិធីវិនិយោគបីឆ្នាំរំកិលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងឃុំ សង្កាត់ ៕