អតីតយុទ្ធជននិងប្រជាពលរដ្ឋទីទ័លក្របានទទួលការជួយឧបត្ថមស្បៀងអាហារ និងថវិកាឯកឧត្ដម ឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងលោកជំទាវ

ខេត្តកំពង់ធំ៖ បន្ទាប់ពីបញ្ចប់ភារកិច្ចស្នូលក្នុងអង្គភាព ឧត្ដមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងអាជ្ញាធរដែនដី បាននាំយកអំណោយ របស់ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងលោកជំទាវ មកជួយឧបត្ថម្ភដល់ អតីតយុទ្ធជននិងប្រជាពលរដ្ឋទីទ័លក្រ មានអង្ករ២៥គ.ក មី១កេស ទឹកត្រីទឹកស៊ីអ៊ីវ១យួរ និងថវិកាមួយចំនួនផងដែរ រស់នៅភូមិត្រើយអូរ ឃុំព្នៅ ស្រុកសន្ទុក ខេត្តកំពង់ធំ នៅល្ងាចថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០ ។
លោកវរសេនីយ៍ត្រី លី ស៊ីណា នាយផ្នែកគិលាដ្ឋាន នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បាន ផ្សព្វផ្សាយអំពីវិធានការ ការពារទប់ស្កាត់ការឆ្លងមេរោគកូវីដ-១៩ តាមសេចក្ដីណែនាំរបស់ក្រសួងសុខាភិបាល ខណៈកំពុងរាត្បាតនៅលើពិភពលោក បច្ចុប្បន្នមានមនុស្ស៧០លាននាក់បានឆ្លង មនុស្សជាង១លាន ៧សែននាក់បានស្លាប់ សម្ដេចតេជោ ហ៊ុន សែន បានរៀបចំថវិកាជាតិ និងថវិកាសប្បុរសជន ដើម្បីទិញវ៉ាក់សាំងចាក់ជូន ប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេស ដោយសារនៅប៉ែកប្រទេសអ៊ឺរ៉ុប មានការឆ្លងមេរោគកូវិដថ្មី ដែលមេរោគដ៏សាហាវនេះ វាបានបំបែខ្លួនឆ្លងសាហាវជាងមុន ហើយឆ្លងខ្លាំងជាងមុនដល់ទៅ៧០ភាគរយ ដូច្នេះអង្គការសុខភាព ពិភពលោក បានព្រមានឲ្យប្រទេសមួយចំនួន មានការប្រុងប្រយ័ត្នការពារមេរោគកូវិដ១៩ថ្មីនេះ ។

លោកមេឃុំ ប៉ែន វ៉ាន់ឌឿន តំណាងប្រជាពលរដ្ឋ និងអតីតយុទ្ធជន បានថ្លែងអំណរគុណ ឯកឧត្ដមឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងលោកជំទាវ ព្រមទាំងក្រុមការងារ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលជានិច្ចកាលតែងតែយកអស់កម្លាំងកាយចិត្តក្នុងការបម្រើប្រជាពលរដ្ឋនៅគ្រប់ទីកន្លែងក្នុងខេត្តកំពង់ធំ
ដែលជួបការលំបាកជូនអតីតយុទ្ធជន និងប្រជាជន។
ឧត្ដមសេនីយ៍ទោ សោម ស៊ុន ក៏បានពាំនាំនូវការផ្ដាំផ្ញើរសាកសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ដែលជានិច្ចកាល
សម្ដេចតែងតែគិតគូរយកចិត្តទុកដាក់ពីសុខទុក្ខនិងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋយើងនៅគ្រប់ទីកន្លែង ពិសេសសម្ដេចតេជោ តែងតែដាស់តឿនក្រើនរំលឹកដល់ប្រជាពលរដ្ឋគ្រប់រូប រួមទាំងអតីតយុទ្ធជន ត្រូវខិតខំថែរក្សាសុខភាព ការពារសុខភាព ដើម្បីជាសផុតពីកូវីដ-១៩ ដោយអនុវត្តឱ្យបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល។
ដោយ ប៊ុន រដ្ឋា