ពលករចំណាកស្រុកខុសច្បាប់នៅតែលួចចូលថៃ បើទោះបីជាប្រទេសនេះកំពុងផ្ទុះ Covid-19 ក្នុងសហគមន៍

ថៃ៖ កងទ័ពថៃ នៅថ្ងៃចន្ទម្សិលមិញបានសារភាពថា ពួកគេមិនអាចបិទព្រំដែនទាំងស្រុងពីជនចំណាកស្រុកខុសច្បាប់បានទេ សូម្បីតែក្រសួងសុខាភិបាលបានបញ្ជាក់ថា ការឆ្លងមេរោគចុងក្រោយបង្អស់នៅឯទីផ្សារបង្គាមួយក្នុងខេត្ត សាមុត សាខន មានទំនាក់ទំនងជាមួយពលករចំណាកស្រុកក៏ដោយ នេះបើតាមសារព័ត៌មានបាងកកប៉ុស្តិ៍នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០ ។

នាយរងសេនាធិការនិងជាអ្នកនាំពាក្យកងទ័ពលោកឧត្តមសេនីយ៍ឯក Santipong Thammapiya បញ្ជាក់ថា ពលករចំណាកស្រុកខុសច្បាប់កំពុងឆ្លងដែនដោយប្រើប្រាស់បណ្តាញធម្មជាតិ បើទោះបីជាយើងបានដាក់ពង្រាយកងទាហានទៅការពារព្រំដែនប្រវែង៥.៥២៦គីឡូម៉ែត្ររបស់យើងក៏ដោយ ។ លោកបានទទួលស្គាល់ថា ពលករចំណាកស្រុកខុសច្បាប់នៅតែលួចចូលថៃពីមីយ៉ាន់ម៉ា ជាពិសេសនៅតាមទីតាំងតូចៗក្នុងខេត្ត Tak, Chiang Rai និង Kanchanaburi ហើយថា កងទ័ពនឹងដាក់ធនធានបន្ថែមទៀត រួមទាំងយន្តហោះដ្រូន កងអង្គភាពល្បាតចល័ត និងរបងលួសបន្លាផងដែរ ដើម្បីការពារតំបន់ដែលមានហានិភ័យខ្ពស់ ។

នាយកវិទ្យាស្ថានគ្រប់គ្រងជំងឺក្រុងលោកវេជ្ជបណ្ឌិត Vichan Pawun និយាយថា ពលករចំណាកស្រុកនៅខេត្ត សាមុត សាខន អាចជាមូលហេតុនៃការឆ្លងថ្មីបំផុតក្នុងផ្សារបង្គានៅស្រុក Muang ។ លោកវេជ្ជបណ្ឌិតបានសង្កត់ធ្ងន់ថា ផ្អែកលើការធ្វើតេស្តបានរកឃើញថា ៩០ភាគរយនៃអ្នកឆ្លងគឺជាកម្មករចំណាកស្រុកមីយ៉ាន់ម៉ាដែលរស់នៅក្នុងតំបន់នោះ ៕