ក្រចេះ : សត្វផ្សោតញីមួយក្បាលទម្ងន់ជាង២០០ គីឡូ ក្រាម ត្រូវបានក្រុមប្រជាសហគមន៍នេសាទប្រទេះឃើញស្លាប់អណ្តែតទឹក នៅចំណុចព្រែកខ្សោរ ភូមិសំបុក ឃុំសបុក ស្រុកចិត្របុរី ខេត្តក្រចេះ កាលពីព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០ នេះ ។
បើតាមការអោយដឹងពេលមន្ត្រីជំនាញខណ្ឌរដ្ឋបាលជលផលខេត្តក្រចេះការបានបញ្ជាក់ថា សត្វផ្សោតញី ដែលស្លាប់នោះមានប្រវែងប្រមាណជា២៣០ សង់ទីម៉ែត្រ-ទំងន់ប្រហែល២០១ គីឡូក្រាម ហើយសត្វផ្សោតនេះរស់នៅអន្លង់កាំពី ដែលមានលេខសំគាល់ID.95 ។
លោក ម៉ុក ពន្លក នាយខណ្ឌរដ្ឋបាលជលផល បានអោយដឹងដែរថា ក្រោយពីបានទទួលព័ត៌មាន ពីក្រុមកាងារឆ្មាំទន្លេនៅបុស្តិ៍កាំពី ជ្រោយបន្ទាយ ប្រទះឃើញសត្វផ្សោតមួយក្បាលស្លាប់នៅចំណុចទីតាំងខាងលើ ។
ខណ្ឌរដ្ឋបាលជលផល សហការជាមួយអង្គការ WWF ខេត្តក្រចេះ ឃើញថាសត្វផ្សោតដ៏ធំមួយក្បាលនេះបានស្លាប់ប្រហែល១ថ្ងៃមុន ព្រោះថាស្ថានភាពសត្វផ្សោតនៅស្រស់ល្អ។
លោក ម៉ុក ពន្លក បន្តរថាមូលហេតុនៃកាស្លាប់ តាមការពិនិត្យជាក់ស្តែង សត្វផ្សោតនេះចាស់ ធ្មេញសឹករិច អស់ទាំងខាងលើ និងខាងក្រោយម៉្យាងទៀតនៅលើដងខ្លួន និងកន្ទុយផ្សោតនេះ ពុំមានស្នាមជាំឬដាច់រលាត់កន្ទុយនោះឡើយ។លោកថា ក្រោយពិនិត្យ និងវាស់វែងរួចក្រុមការងារជំនាញបានសំរេចធ្វើការវះកាត់ ដើម្បីយកសំណាករក្សាទុកនៅ WWF ៕